អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង បណ្ដើរកូនស្រីមើលក្បួនព្យុហយាត្រាយោធា
09, Feb 2023 , 5:57 pm        
រូបភាព
កូរ៉េខាងជើង នៅយប់ថ្ងៃទី៨ ខែកុម្ភៈ រៀបចំក្បួនព្យុហយាត្រាយោធាមួយដើម្បីអបអរខួបកំណើតកងទ័ព។ មេដឹកនាំលោក គីម ជុងអ៊ុន ក៏នាំយកកូនស្រីរបស់ខ្លួនចូលរួមកម្មវិធីដ៏ធំនេះជាថ្មី។ មីស៊ីលអន្តរទ្វីប (ICBM) យ៉ាងច្រើនមិនធ្លាប់មានពីមុន រួមទាំងគ្រាប់មីស៊ីលប្រភេទថ្មីដែលអ្នកវិភាគអះអាងថាអាចជាមីស៊ីលអន្តរទ្វីបប្រើឥន្ធនៈរឹង ត្រូវបានបង្ហាញដែរ។



កូរ៉េខាងជើងបានសម្ញែងឥទ្ធិពលយោធាខ្លួនជាថ្មីទៀតនៅខួបលើកទី៧៥ ថ្ងៃកំណើតកងទ័ពប្រជាជនកូរ៉េ។ ក្រោមអធិបតីលោក គីម ជុងអ៊ុន យោធាកូរ៉េខាងជើងរាប់ពាន់នាក់ ដើរដង្ហែរក្បួននៅទីលានគីម អ៊ីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាង។ ជារឿងគួរឱ្យកត់សម្គាល់ មេដឹកនាំកូរ៉េខាងជើង Kim Ju-ae បានបង្ហាញមុខជាថ្មីដែរ។
 
បើតាមការការរាយការណ៍របស់សារព័ត៌មាន NK មីស៊ីលអន្តរទ្វីប Hwasong-17 ដ៏ធំបំផុតក្នុងប្រទេសចំនួន១០ដើម បានបង្ហាញក្នុងក្បួន ក៏ដូចជាមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ១៦គ្រាប់ បូករួមទាំងរថយន្តដែលផ្ទុក ICBM ប្រើឥន្ធនៈរឹងផងដែរ។ 
 
កូរ៉េខាងជើងបានខិតខំអភិវឌ្ឍ ICBM ប្រើឥន្ធនៈរឹង ជាយូរមកហើយ ដែលវាអាចជួយធ្វើឱ្យគ្រាប់ពិបាកតាមចាប់ និងបំផ្លាញ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA លើកឡើងថាក្បួនដង្ហែរយោធានេះជាការបង្ហាញពីសមត្ថភាពវាយប្រហារនុយក្លេអ៊ែរដ៏អស្ចារ្យបំផុតរបស់កូរ៉េដខាងជើង។
 
គួរបញ្ជាក់ថា កាលពីខែធ្នូ កូរ៉េខាងជើងបានសាកល្បងម៉ាស៊ីនបាញ់មីស៊ីលអន្តរទ្វីបប្រើឥន្ធនៈរឹងដែលមានកម្លាំងខ្ពស់រួចទៅហើយ ហើយការសាកល្បងមីស៊ីលអន្តរទ្វីបប្រភេទថ្មីប្រើឥន្ធនៈរឹងទំនងធ្វើឡើងក្នុងពេលឆាប់ៗនេះ៕ 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com