ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ មេប៉ុស្តិ៍ឃុំកំពង់ស្វាយ លើកទឹកចិត្តឱ្យពលរដ្ឋបន្តរាយការណ៍ករណីហិង្សាក្នុងគ្រួសារ មកសមត្ថកិច្ច
×
ដោយ៖ ជឿង ស្រីចាន់(យុវជនឃុំកំពង់ស្វាយ)
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ករណីអំពើហិង្សាក្នុងគ្រួសារ នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានថយចុះគួរឱ្យកត់សម្គាល់ ដោយសារពលរដ្ឋមានចំណេះដឹងច្រើនជាងមុន ហើយពួកគេបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗពេលកើតហេតុ។ នេះបើតាមការអះអាងរបស់លោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ ដែលលោកបន្តថា ការរាយការណ៍របស់ពលរដ្ឋ បានធវើឱ្យសមត្ថកិច្ច ចុះជួយអន្តរាគមន៍ បញ្ឈប់ហិង្សាបានទាន់ពេលវេលា។
បើតាមលោក ម៉េង មូលហេតុដែលនាំឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ គឺភាគច្រើនមកពីស្ថានភាពជីវភាពគ្រួសារ ការលេងល្បែងស៊ីសង និងការប្រើប្រាស់គ្រឿងស្រវឹងជាដើម។ លោក ប៉ាង ម៉េង បញ្ជាក់យ៉ាងដូច្នេះ៖ «ធ្វើឱ្យប៉ះពាល់ដល់ឃុំ បាត់បង់សុវត្ថិភាពភូមិឃុំ ដែលពលរដ្ឋមានការឈ្លោះប្រកែកគ្នាគ្រប់ទីកន្លែង។ ម្យ៉ាងទៀតហិង្សា បានធ្វើឱ្យប៉ះពាល់ដល់គ្រួសារខ្លាំងមែនទែន ដូចជា វាយសម្ភារប្រើប្រាស់ កូនមិនបានរៀនសូត្រជាដើម»។
មេប៉ុស្ដិ៍រូបនេះ បន្ថែមថាការសម្របសម្រួលករណីហិង្សានេះ មានការលំបាកខ្លះដែរ ប៉ុន្តែក្នុងនាមជាសមត្ថកិច្ច ត្រូវតែព្យាយាមស្វែងរកវិធីសាស្រ្តជួយដោះស្រាយ ឱ្យពលរដ្ឋក្នុងភូមិឃុំដោយសន្តិវិធី មិនមានការលម្លៀងទៅខាងណានោះទេ។
បើតាម លោក ម៉េង បច្ចុប្បន្ន សមត្ថកិច្ចនៅតែបន្តចុះអប់រំ ណែនាំប្រជាពលរដ្ឋនៅក្នុងឃុំ អំពីផលប៉ះពាល់នៃការប្រើប្រាស់អំពើហិង្សានេះ។ លើសពីនេះ កម្លាំងនគរបាលក៏បន្តចុះល្បាតជាប្រចាំនៅតាមភូមិ ដើម្បីពិនិត្យ និងតាមដានករណីលួចលាក់លេងល្បែងស៊ីសងដែលវាក៏ជាការរួមចំណែកឱ្យកើតមានអំពើហិង្សាផងដែរនោះ។
ក្រៅពីកិច្ចអន្តរាគមន៍ពីអាជ្ញាធរឃុំ លោក ប៉ាង ម៉េង ក៏បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យនៅតែបន្តចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ នៅក្នុងការរាយការណ៍បញ្ហាហិង្សា ឬភាពអសកម្មនានា ដើម្បីឱ្យកម្លាំងប៉ុស្តិ៍បានចុះអន្តរាគមន៍ទាន់ពេល និងរួមគ្នាលុបបំបាត់អំពើហិង្សា និងសកម្មភាពដែលបង្កអសន្តិសុខនានា៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
គ្រឿងញៀន
ប៉ាង ម៉េង
ភូមិឃុំមានសុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com