ជាតិ
ក្លិបចំនួន៦ មិនប្រើសមាសភាពកីឡាករបរទេសប្រកួតក្នុងពានរង្វាន់លីគខាប់
11, Feb 2023 , 9:30 am        
រូបភាព
Cambodian League Cup 2022
Cambodian League Cup 2022
ការប្រកួតខាមប៊ូឌាលីគខាប់ (Cambodian League Cup 2023) មាន១៤ក្រុមចូលរួមប្រកួត មកពីលីគទាំង២ របស់កម្ពុជា។ ក្នុងចំណោម ១៤ក្រុមនោះ មាន៦ក្រុម ប្រើសមាសភាពកីឡាករកម្ពុជា ទាំងអស់ដោយមិនដាក់សមាសភាពកីឡាករបរទេសឡើយ។ ៦ក្រុមនោះ មាន៖អង្គរថាយហ្គឺរ, បឹងកេត, អគ្គិសនីកម្ពុជា, នគរបាលជាតិ, ព្រៃវែង និងសូលទីឡូអង្គរ។


ក្លិបបឹងកេត គឺជាក្លិបមួយ ដែលមិនប្រើសមាសភាពកីឡាករបរទេស ក្នុងការប្រកួតលីគខាប់ រដូវកាល ២០២៣។ ចំពោះយុទ្ធសាស្ដ្រប្រកួតនេះដែរ លោក Clement Teo គ្រូបង្វឹកក្លិបបឹងកេត បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា នេះគឺជាការផ្ដល់ឱកាសទៅឲ្យកីឡាករកម្ពុជា បង្ហាញ និងបញ្ជាក់ពីសមត្ថភាពរបស់ពួកគេ ក្នុងការជួយក្រុមដណ្ដើមជ័យលាភី។
 
គ្រូបង្វឹករូបនេះ ចាត់ទុកការប្រកួត Cambodian League Cup ជារឿងសំខាន់ក្នុងការតេស្ដសមត្ថភាព និងឆន្ទៈរបស់កីឡាករក្លិបបឹងកេត ។ ទោះជាយ៉ាងណា លោក Clement ក៏ដាក់គោលដៅធំសម្រាប់ការប្រកួតប្រជែង Cambodian Premier League និងពានសម្ដេច ហ៊ុន សែន រដូវកាល ២០២៣-២០២៤ នេះដែរ។
 
«គោលដៅសំខាន់របស់យើង គឺការប្រកួតលីគកម្ពុជា ដែលនឹងចាប់ផ្ដើមនៅអំឡុងខែសីហា និងការប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែន។ ប្រសិនជាខ្ញុំ ដាក់សមាសភាពកីឡាករបរទេស សម្រាប់ប្រកួតលីគខាប់ ចុះកីឡាករក្នុងស្រុក? កីឡាកររបស់ខ្ញុំទាំងអស់ នឹងប្រកួតជាមួយស្មារតីជ័យជម្នះ ព្រោះតែលីគខាប់ មានការប្រកួតប្រជែង ដូច្នេះ កីឡាករទាំងអស់ ត្រូវបញ្ជាក់ក្នុងទីលានប្រកួតថា ពួកគេល្អគ្រប់គ្រាន់សម្រាប់ក្លិបបឹងកេត។»។ លោក Clement បានប្រាប់តាមតេលេក្រាមដូច្នេះ។
 
ដូចគ្នានេះដែរ លោក ទុំ សារ៉ាយ គ្រូបង្វឹកក្លិបបាល់ទាត់អគ្គិសនីកម្ពុជា បានប្រាប់ថា ការមិនដាក់សមាសភាពកីឡាករបរទេសចូលរួមប្រកួតនោះ គឺជាគោលការណ៍របស់ក្លិបយូណាស់មកហើយ ព្រោះទុកឱកាសឲ្យកីឡាករកម្ពុជា បានបញ្ចេញសមត្ថភាព។ ម្យ៉ាងវិញទៀត ក្លិបបាល់ទាត់អាជីពក្នុងប្រទេសកម្ពុជា មានកីឡាករបរទេសច្រើនហើយ ដូច្នេះសម្រាប់អគ្គិសនីកម្ពុជា ចង់ចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់ ក្រៅពីការប្រកួតជែងជ័យលាភីផ្សេងៗ ។ ក្លិបក៏មានគោលដៅក្នុងការអភិវឌ្ឍធនធានកីឡាករ ផងដែរ។ 
 
គ្រូបង្វឹករូបនេះ ក៏បានបញ្ជាក់ផងដែរថា ក្រៅពីក្លិបអគ្គិសនីកម្ពុជា ក៏មានក្លិបផ្សេងទៀត មិនដាក់កីឡាករបរទេសចូលរួមប្រកួតដែរ។ លោក ទុំ សារ៉ាយ ជឿថាក្រុម ដែលមានកីឡាករកម្ពុជា មានស្មារតី និងសាមគ្គីខ្ពស់ជាងគេ ហើយអាចមានឱកាសឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល។ លោក សារ៉ាយ និយាយដូច្នេះថា៖«ការសង្ឃឹម គឺ៥០ភាគរយ។ ប្រសិនក្រុមណា មានកីឡាករយល់ចិត្តគ្នាកាន់តែច្រើន ក្រុមនោះមានឱកាសកាន់តែខ្ពស់។»។
 
ចំណែកក្លិបព្រៃវែង លោក ឡុង ឬទ្ធា គ្រូបង្វឹកក្លិប បានបញ្ជាក់ដូចគ្នាថា ការប្រកួតពានរង្វាន់លីគខាប់ គឺជាការប្រកួតសម្រាប់កីឡាករត្រៀមខ្លួន មុនរដូវកាលឆ្នាំ២០២៣។ ដូច្នេះ គ្រូបង្វឹករូបនេះ ចង់ឲ្យការប្រកួតនេះ ក្លាយជាឱកាសសម្រាប់កីឡាក្មេងៗ មានបទពិសោធន៍កាន់តែច្រើនក្នុងទីលានប្រកួត។ ម្យ៉ាងវិញទៀត ទោះជាការប្រកួតកម្រិតណាក៏ដោយ លោក ឡុង ឬទ្ធា ជឿជាក់ថាកីឡាកររបស់លោក មានឆន្ទៈក្នុងការប្រកួតប្រជែង និងស្មារតីស្រេកឃ្លានជ័យជម្នះ។
 
ក្រៅពីក្លិប ៣ខាងលើនេះ សូលទីឡូអង្គរ, នគរបាលជាតិ និងអង្គរថាយហ្គឺរ ក៏មិនបានដាក់សមាសភាពកីឡាករបរទេសចូលរួមប្រកួតក្នុងពានរង្វាន់ លីគខាប់នេះដែរ។ ការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី១១ ខែកុម្ភៈ ដោយ វិសាខា ប្រកួតជាមួយ ព្រៃវែង, គិរីវង់សុខសែនជ័យ ប៉ះកោះកុង ។ ចំណែកក្លិបកងយោធពលខេមរភូមិន្ទ ត្រូវស្វាគមន៍ អគ្គិសនីកម្ពុជា។ ចូលដល់ថ្ងៃទី១២ ខែកុម្ភៈ អង្គរថាយហ្គឺរ ស្វាគមន៍ អាយ អេស អាយដង្កោសែនជ័យ, ភ្នំពេញក្រោន ប្រកួតជាមួយ សូលទីឡូអង្គរ រីឯ ណាហ្គាវើលដ៍ ជួបជាមួយ ​នគរបាលជាតិ៕
 

Tag:
 បាល់ទាត់
  Cambodian League Cup
© រក្សាសិទ្ធិដោយ thmeythmey.com