ជាតិ
សម្ដេច ហ៊ុន សែន នឹងទៅឡាវ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង
11, Feb 2023 , 11:59 am        
រូបភាព
ក្រោយមកពីប្រទេសចិនវិញ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្តដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ នៅថ្ងៃទី១៣-១៤ កុម្ភៈ តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។



ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេច ហ៊ុន សែន និងលោក សនសៃ ស៊ីផាន់ដន នឹងពិភាក្សាគ្នា ពីមធ្យោបាយពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្ដូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងក្តីបារម្ភរួម។ 
 
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១០ កុម្ភៈ បានបញ្ជាក់ថា នៅក្រោយជំនួបពិភាក្សាគ្នានោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងចុះហត្ថលេខាលើ ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ឆ្នាំ២០២៣-២០២៧ ដើម្បីឱ្យកាន់តែស៊ីជម្រៅ។
 
ជាមួយគ្នានោះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏នឹងមានជំនួបដោយឡែកជាមួយលោក ថងលុន ស៊ីសូលីត ប្រធានរដ្ឋឡាវ និងលោក សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភា ក៏ដូចជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជាផងដែរ។
 
គួរបញ្ជាក់ថា កម្ពុជា​-​ឡាវ បាន​ឯកភាពគ្នា លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ក្នុង​កម្រិត​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង លើ​ស្មារតី​សាមគ្គី​ភាពជា​ភាត​រៈ​នៃ​ភាគី​ទាំងពីរ កាលពីឆ្នាំ២០១៩ ​។ ឡាវ គឺជា​ប្រទេស​ទី​២​ហើយ បន្ទាប់ពី​ចិន ដែល​ប្រកាស​ធ្វើជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​កម្ពុជា​ កាលពីឆ្នាំ២០១០៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com