កីឡាជាតិ
ជាតិ
ទូតជប៉ុនថ្មី សង្ឃឹមក្រុមបាល់បោះជនពិការកម្ពុជាដណ្តើមមេដាយប៉ារ៉ាហ្គេម២០២៣ តាមរយៈការប្រកួតនៅជប៉ុន
11, Feb 2023 , 1:59 pm        
រូបភាព
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អា​តស៊ូ​ហ្ស៊ី សង្ឃឹមក្រុមកីឡាបាល់បោះរទេះជនពិការកម្ពុជានឹងទទួលបានមេដាយក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមឆ្នាំ២០២៣ (ASEAN Para Game) តាមរយៈទស្សនកិច្ច និងការប្រកួតនៅប្រទេសជប៉ុន។



ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ បានរៀបចំកម្មវិធីជូនដំណើរអត្តពលិកបាល់បោះរទេះជនពិការកម្ពុជាផ្នែកនារីទៅប្រកួត និងទស្សនកិច្ចនៅប្រទេសជប៉ុន ។
អត្តពលិកបាល់បោះរទេះជនពិការកម្ពុជា នឹងចូលរួមប្រកួតកម្មវិធីផ្លាស់ប្តូរយុវជន JENESYS2022 ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
 
នៅក្នុងកម្មវិធីជូនដំណើរអត្តពលិក ដែលមានការចូលរួមពីប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាលោក លី ធុជ ផង ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ មានក្តីរំពឹងថាតាមរយៈទស្សនកិច្ចនៅជប៉ុន នឹងជួយអត្តពលិកទទួលបានពិសោធន៍ថ្មីអំពីជំនាញកីឡានេះបន្ថែមទៀត និងយល់ដឹងពីប្រទេសជប៉ុន និងវប្បធម៌ជប៉ុន កាន់តែស៊ីជម្រៅ។
«ខ្ញុំសង្ឃឹមថា អត្តពលិកកម្ពុជា នឹងប្រើប្រាស់បទពិសោធន៍ដែលទទួលបានក្នុងអំឡុងការប្រកួតនៅជប៉ុន ដើម្បីដណ្តើមមេដាយនៅព្រឹត្តិការណ៍ប៉ារ៉ាហ្គេមឆ្នាំ២០២៣ខាងមុខ»។ លោកទូតជប៉ុន បង្ហាញក្តីសង្ឃឹមបែបនេះនៅចំពោះមុខអត្តពលិករទេះជនពិការនារី មុនពេលចាកចេញទៅជប៉ុន។



ឆ្លៀតក្នុងឱកាសនេះដែរ លោក លី ធុជ ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា និងជាអនុប្រធានទី១ អាជ្ញាធរមីន ស្នើសំជំនួយគាំទ្រពីស្ថានទូជប៉ុន ដូចជារទេះរុញប្រកួត ឧបត្ថម្ភក្រុមអត្តពលិកនៅខេត្តសៀមរាប សាងសង់ដំបូលនៅសាលាខេត្តបាត់ដំបង និងសាងសង់ទីលាននៅខេត្តសៀមរាប ដើម្បីអត្តពលិកជនពិការកម្ពុជាមានទំនុកចិត្តក្នុងការហ្វឹកហាត់ដើម្បីត្រៀមប្រកួតប៉ារ៉ាហ្គេមខាងមុខនេះ។
 
យ៉ាងណាក៏ដោយ ជុំវិញការស្នើនេះលោក អ៊ូអិណុ ដែលទើបចូលកាន់តំណែងជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្មីមិនទាន់ឆ្លើយតបយ៉ាងណានោះទេ ដោយលោកត្រូវពិភាក្សាជាមួយក្រុមការងាររបស់លោកជាមុនសិន។
 
ក្រុមអត្តពលិកបាល់បោះរទេះជនពិការកម្ពុជានារី១៥រូប និងប្រតិភូ៥រូប នឹងចូលរួមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្សនិស្សិត និងយុវជនរជប៉ុន-អាស៊ីបូព៌ាដែលហៅកាត់ថា JENESYS។



កម្មវិធី JENESYS បង្កើតឡើងក្នុងគោលបំណងជំរុញការយល់ដឹង និងកសាងទំនុកចិត្តរវាងប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម ដើម្បីសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រិតបត្តិការ និងចំណងមិត្តភាពនៅអនាគត។ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនប្រចាំកម្ពុជាបានអញ្ជើញយុវជនកម្ពុជាជាង២១០០នាក់ហើយ​ទៅទស្សនកិច្ចនៅប្រទេសជប៉ុន តាំងពីឆ្នាំ២០០៧មក៕
 

Tag:
 លោក អ៊ូអិណុ អា​តស៊ូ​ហ្ស៊ី
  កីឡាជនពិការ
  JENESYS
© រក្សាសិទ្ធិដោយ thmeythmey.com