ជាតិ
កម្ពុជា-ចិន​ ពិនិត្យលទ្ធភាពបង្កើត​«​ច្រករបៀង​មច្ឆា និង​អង្ករ​»​
11, Feb 2023 , 12:29 pm        
រូបភាព
កម្ពុជា-ចិន បានឯកភាពគ្នា ពិនិត្យលទ្ធភាពបង្កើត «​ច្រករបៀង​មច្ឆា និង​អង្ករ​»​ ។ នេះបើតាមសេចក្តីថ្លែងការណ៍​រួម​ស្ដីពី​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី នៅថ្ងៃទី១១ កុម្ភៈ។



«​ច្រករបៀង​មច្ឆា និង​អង្ករ​»​ ដែលភាគីទាំងពីរ គ្រោងបង្កើតឡើងនេះ មាន​ទីតាំង នៅ​ភាគ​ពាយព្យ នៃ​ប្រទេស​កម្ពុជា និង​នៅ​តំបន់​បឹង​ទន្លេសាប អភិវឌ្ឍ​កសិកម្ម​អេកូឡូស៊ី​ទំនើប​នៅក្បែរ​បឹង​ទន្លេសាប​។​ ការឯកភាពគ្នានេះ ក្រោមកិច្ចពិភាក្សារវាងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នាទីក្រុងប៉េកាំង កាលពីថ្ងៃទី១០ កុម្ភៈ។
បន្ថែមពីនេះ ភាគីកម្ពុជា-ចិន ព​ន្លឿ​ន​ការធ្វើផែនការ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​របស់​កម្ពុជា ពិនិត្យ​លទ្ធភាព​លើ កិច្ចសហប្រតិបត្តិការ​កសិកម្ម​ឌីជីថល និង​គាំទ្រ​ការលើកកម្ពស់​លើ​វិស័យ​វារីវប្បកម្ម​ចម្ការ​ត្រូ​ពិ​ក និង វិស័យ​សក្តានុពល​ផ្សេងទៀត​របស់​កម្ពុជា​​។​
 
ក្រៅពីនេះ មេដឹកនាំទាំងពីរ ក៏លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គយ និងច​ត្តា​ឡី​ស័ក និង​ជំរុញ​យ៉ាងសកម្ម​ក្នុងការ​នាំចូល​កសិផល​កម្ពុជា ដែលមាន​គុណភាព​ខ្ពស់ ជាពិសេសបន្ត​ជំរុញអន្ដរត​ភ្ជាប់ «​ច្រកចេញចូល​តែមួយ​» ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​។ 
 
«ប្រើប្រាស់​ឱ្យបាន​ពេញលេញ នូវ​កិច្ចព្រមព្រៀង RCEP និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ព្រមទាំង​ជំរុញ​ការចរចា ដំឡើង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន ៣.០ ក៏ដូចជា​វេទិកា​នានា រួមទាំង​ពិព័រណ៍​នាំចូល​អន្តរជាតិ ចិន ពិព័រណ៍​នាំចូល និង​នាំចេញ​ចិន និង​ពិព័រណ៍​អាស៊ាន​-​ចិន ក៏ដូច​ជា​យន្តការ​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​ឌីជីថល​ទ្វេភាគី ដើម្បី​បង្កើន​ការប្រកួតប្រជែង និង​ប្រជាប្រិយភាព នៃ​ផលិតផល​កម្ពុជា​នៅក្នុង​ប្រទេស​ចិន និង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ឈានដល់​កម្រិត​ខ្ពស់​ថ្មី​មួយទៀត»​។ នេះបើតាមសេចក្តីថ្លែងការណ៍រួមដដែល។
 
មេដឹកនាំកម្ពុជា-ចិន ក៏បានលើកទឹកចិត្តដល់ប្រជាជន​នៅតាម​មូលដ្ឋានក្នុងប្រទេស​ទាំងពីរ ត្រូវ​ដើរតួនាទី​ខ្លួន​ឱ្យបាន​ពេញលេញ ដើម្បីបង្កើន​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង​លើ​វិស័យ​កសិកម្ម សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com