ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈលោក សំបូរ មាណ្ណារ៉ា ជាទីប្រឹក្សាផ្ទាល់ សម្ដេច ហ៊ុន សែន ដែលមានឋានៈស្មើរដ្ឋមន្ត្រី។ លោកថានេះគឺជារង្វាន់កិត្តិយយ៉ាងធំសម្រាប់ជីវិតលោក។ តាមរយៈតួនាទីនេះ លោក សំបូរ មាណ្ណារ៉ា ប៉ងស្នើសុំសម្ដេច បង្កើតគ្រឹះសីលធម៌ និងគុណធម៌ ក្នុងសង្គមកម្ពុជា តាមរយៈការដាក់បញ្ជូលក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ ពីកម្រិតដំបូងទៅ។
ធ្វើការក្នុងវិស័យអប់រំ ពិសេសលើជំនាញប្រវត្តិសាស្ត្រ ប្រមាណ៤០ឆ្នាំ លោក សំបូរ មាណ្ណារ៉ា ទទួលបានការប្រោសព្រះរាជទានឋានៈ ជាទីប្រឹក្សានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ ថាការផ្ដល់តួនាទីជាទីប្រឹក្សា សម្ដេចនាយករដ្ឋមន្ត្រីដល់លោក គឺជាកិត្តិយសយ៉ាងធំ និងជារង្វាន់កិត្តិយសសម្រាប់ជីវិត ដែលលោកពុំធ្លាប់គិតថានឹងបានទទួល។ លោកបន្ថែមថា តួនាទីនេះនឹងជួយជំរុញលោក ឱ្យធ្វើការងារជួយជាតិបានកាន់តែច្រើនជាងមុន។
លោក មាណ្ណារ៉ា អះអាងបន្ថែម៖«ខ្ញុំអាចធ្វើឱ្យមនុស្សរាប់សែននាក់ ក្លាយជាមនុស្សមានតម្លៃក្នុងសង្គម ហើយពួកគេជាអ្នកទទួលបានផលពីការអប់រំ។ ខ្ញុំបានធ្វើរឿងនេះ តាំងពីខ្ញុំមិនទាន់មានតួនាទីអ្វី។ ប៉ុន្តែតួនាទីនេះ នឹងជំរុញផ្លូវចិត្តខ្ញុំបន្ថែម ឱ្យប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រទេសជាតិ។ ការផ្ដល់តួនាទីនេះ ក៏បានបញ្ជាក់ដែរថា ការងាររបស់ខ្ញុំកន្លងមក គឺខ្ញុំបានដើរលើកំណាត់ផ្លូវដ៏ត្រឹមត្រូវ»។
ទោះជាយ៉ាងណាក៏ដោយ ក្រោយបានទទួលតំណែងជាទីប្រឹក្សាសម្ដេចមក លោក សំបូរ មាណ្ណារ៉ា ប៉ងស្នើទៅសម្ដេចដោយផ្ទាល់ ពីការដាក់កម្មវិធីអប់រំ មូលដ្ឋានគ្រឹះគុណធម៌ និងសីលធម៌ ក្នុងប្រព័ន្ធអប់រំកម្ពុជា ពីថ្នាក់តូចរហូតដល់ថ្នាក់ខ្ពស់។
លោកបានរំលឹកថា នៅដើមសតវត្សរ៍ទី១៩ គឺសម័យព្រះបាទនរោត្តម និងព្រះបាទស៊ីសុវត្ថិ ទ្រង់បានយកព្រះទ័យទុកដាក់ និងគិតយ៉ាងខ្លាំង ក្នុងការបង្កលក្ខណៈឱ្យម្ដាយឪពុកនាំកូនចៅទៅរៀន និងអប់រំកូនចៅ ពីគុណតម្លៃនៃការរៀនសូត្រ។ រហូតដល់សម័យសង្គមរាស្ត្រនិយម ព្រះបាទនរោត្តម សីហនុ ក៏បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ក្នុងវិស័យអប់រំ។
ដោយហេតុនោះហើយ បានជាលោក មាណ្ណារ៉ា សង្កត់ធ្ងន់លើបញ្ហារបស់ក្មេងៗក្នុងសម័យទំនើបនេះ។ បើទោះបីជាពួកគេបានចូលរៀនច្រើនក៏ពិតមែន ប៉ុន្តែពួកគេបានបាត់គុណធម៌ និងសីលធម៌ជាច្រើន ទាំងការនិយាយស្ដី ការធ្វើកិច្ចការងារនានា។
លោក សំបូរ មាណ្ណារ៉ា ពន្យល់ពីទស្សនវិស័យរបស់ខ្លួន៖«ប្រសិនបើសម្ដេចលោកអនុគ្រោះ និងផ្ដល់នូវតម្លៃដ៏ពិសិដ្ឋ ដែលអាចឱ្យខ្ញុំនិយាយបាននោះ ខ្ញុំនឹងសុំឱ្យសម្ដេចមេត្តាបង្កើតគំនិតដ៏ឈ្នាសវៃមួយ ដើម្បីការពារប្រទេសជាតិ និងថែសន្តិភាព។ នោះគឺពង្រឹងសមត្ថភាព យុវវ័យ ឱ្យក្លាយជាសរសរទ្រូងរបស់ប្រទេសជាតិ។ ហើយដើម្បីទៅដល់នោះ មានតែការបង្កើតគ្រឹះសីលធម៌ គុណធម៌ដល់កុមារ និងយុវជន ចាប់ពីក្នុងសាលារៀនថ្នាក់តូចៗ ដល់ថ្នាក់ធំ។ ផ្ដល់ឱ្យពួកគេទទួលបានពុទ្ធិ និងសេចក្ដីថ្លៃថ្នូរ ចាប់តាំងពីពួកគេនៅតូចៗ»។
លោកទីប្រឹក្សាថ្មីថ្មោង ដែលមានចំណេះដឹងជ្រៅជ្រះក្នុងផ្នែកប្រវត្តិសាស្ត្ររូបនេះ សង្កត់ធ្ងន់ថា ប្រទេសមានសន្តិភាពមិនគ្រប់គ្រាន់ទេ ប៉ុន្តែប្រទេសត្រូវតែមានធនធានមនុស្ស ដែលមានគុណភាព និងគុណធម៌ខ្ពស់។ លោកថា ត្រូវតែមានការយកចិត្តទុកដាក់មុតមាំ ក្នុងការបង្កើតធនធានមនុស្ស ដ្បិតអីលោកបានមើលឃើញថា សព្វថ្ងៃយុវវ័យមួយចំនួន កំពុងភ្លើតភ្លើន។
«ខ្ញុំបាននឹកគិតរួចហើយថា ខ្ញុំនឹងសំណូមពរទៅសម្ដេច បង្កើតធនធានមនុស្សជាតិ បង្កើតគុណធម៌មនុស្ស និងគុណភាពជាតិ។ ឪពុកម្ដាយត្រូវមានតួនាទីប្រឹក្សា និងអប់រំបង្ហាញផ្លូវកូន ពីការសិក្សារៀនសូត្រ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក មាណ្ណារ៉ា។
សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ ក៏ធ្លាប់បានផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ កាលពីពេលកន្លងទៅដែរ ពីគំនិតនៃការបណ្ដុះគុណធម៌ សីលធម៌ និងសារសំខាន់នៃការចូលរួមរបស់ម្ដាយឪពុក ឬអាណាព្យាបាល ក្នុងការជំរុញការអប់រំកូននៅផ្ទះ៕