ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ សង្កាត់សំរោង មានថវិកាសម្រាប់អភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានាជាង១០ម៉ឺនដុល្លារ
×
ដោយ៖ ឈិន សុភារើន (យុវជនសង្កាត់សំរោង)
ក្រុងសំរោង, ឧត្តរមានជ័យ៖ ក្នុងឆ្នាំ២០២៣នេះ សង្កាត់សំរោង ដែលស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ មានថវិកា ចំនួន ៧៣៤លានរៀល ដែលប្រហាក់ប្រហែលនឹង១៨ម៉ឺនដុល្លារ សម្រាប់ចំណាយនៅក្នុងការរដ្ឋបាល និងការអភិវឌ្ឍឃុំ។ នេះបើតាមលោក ចៀប តុប ចៅសង្កាត់សំរោង ដែលលោកបានបន្តថា ក្នុងចំណោមកញ្ចប់ថវិកាសរុបនេះ មានប្រមាណ១០ម៉ឺនដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងសង្កាត់។
សង្កាត់សំរោង មានភូមិសរុបចំនួន១៨ និងមានប្រជាពលរដ្ឋប្រមាណ ២ម៉ឺននាក់រស់នៅ។ បើតាមលោក ចៀប តុប នៅក្នុងឆ្នាំ ២០២៣នេះ អាជ្ញាធរ មានគម្រោងជួសជុល និងកែលម្អផ្លូវក្នុងសង្កាត់ជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែដោយសារតម្រូវការផ្លូវនេះ មានច្រើន ហើយថវិកាឃុំ មានកំណត់ ដូច្នេះការជួសជុល និងកែលម្អនេះ គឺត្រូវកំណត់យកទីតាំងអាទិភាព។
គួរកត់សម្គាល់ដែរថា សង្កាត់សំរោងបានចាប់ផ្តើមកែលម្អផ្លូវ ក្នុងសង្កាត់ពី ផ្លូវក្រួសក្រហម និងផ្លូវដីស ទៅជាផ្លូវបេតុង ដែលវាមានភាពជាប់ធន់ និងប្រើប្រាស់បានយូរជាង ចាប់ពីឆ្នាំ២០២២ មក។ សម្រាប់លោក ចៀប តុប ក្នុងនាមជាថ្នាក់ដឹកនាំសង្កាត់ មានភាពរីករាយចំពោះការវិវឌ្ឍរបស់សង្កាត់ខ្លួនដូច្នេះ។ «នៅក្នុងការគ្រប់គ្រង យើងឃើញមានការរីកចម្រើន។
ទោះបីយ៉ាងម៉េច ក៏យើងមានការខិតខំប្រឹងប្រែង។ បើសិនជាទៅមុខទៀតរដ្ឋាភិបាលទម្លាក់ (ថវិកា) វិភាជមកបានច្រើនជាងហ្នឹង យើងក៏ខំប្រឹងប្រែងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានសង្កាត់យើង។ ណាមួយសង្កាត់របស់យើងក៏ស្ថិតក្នុងទីប្រជុំជនដែរ»។ លោក ចៀប តុប ថ្លែងទាំងទឹកមុខញញឹមដូច្នេះ ហើយបន្តតាំងចិត្ត ប្រឹងប្រែងអភិវឌ្ឍន៍សង្កាត់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដែរ នៅក្នុងអាណត្តិរបស់ខ្លួន៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
ផែនការអភិវឌ្ឍន៍
ផ្លូវ
ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com