ជាតិ
សេដ្ឋកិច្ច
លោក ពូន រ៉ូបាំង ប្រឈមខាត៦ម៉ឺនដុល្លារ ព្រោះស្ពៃក្តោបគ្មានទីផ្សារ តែអាជ្ញាធរថា មកពីមិនស្តាប់អ្នកជំនាញ
11, Feb 2023 , 4:29 pm        
រូបភាព
លោក ពូន រ៉ូបាំង (រូបក្នុងរង្វង់) ម្ចាស់ចម្ការស្ពៃក្តោបលើផ្ទៃដីជាង១០ហិកតា នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រឈមខាតបង់ថវិកាព្រោះតែគ្មានទីផ្សារ។រូបថត៖ ហ្វេសប៊ុក Robarng Pun​
លោក ពូន រ៉ូបាំង (រូបក្នុងរង្វង់) ម្ចាស់ចម្ការស្ពៃក្តោបលើផ្ទៃដីជាង១០ហិកតា នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រឈមខាតបង់ថវិកាព្រោះតែគ្មានទីផ្សារ។រូបថត៖ ហ្វេសប៊ុក Robarng Pun​
ស្ពៃក្តោបថ្លៃត្រឹម៤០០រៀលក្នុងមួយគីឡូក្រាម​ហើយនៅលក់មិនចេញទៀត។ នេះជាត្អូរត្អែរទាំងហួសចិត្តរបស់លោក ពូន រ៉ូបាំង ម្ចាស់ចម្ការស្ពៃក្តោបមួយកន្លែងក្នុងទឹកដីខេត្តបាត់បង។ បញ្ហទីផ្សារ និងតម្លៃនៃកសិផលខ្មែរដែលតែងកើតមានរាល់ឆ្នាំនេះ  ធ្វើឱ្យលោកប្រឈមការខាតបង់ថវិការហូតដល់៦ម៉ឺនដុល្លារលើដំណាំស្ពៃក្តោបក្នុងផ្ទៃដីជាង១០ហិកតា​ ដែលកំពុងប្រមូលផល។  ជុំវិញបញ្ហានេះ អាជ្ញាធរ ថា កសិកររូបនេះ មិនព្រមអនុវត្តតាមការណែនាំពីអ្នកជំនាញ។

 
ការដុះដាំស្ពៃក្តោបក្នុងមួយហិកតាលោក ពូន រ៉ូបាំង ចំណាយទុនចន្លោះពី ៣ ៥០០ ទៅ ៥ ០០០ដុល្លារ ដោយផ្តល់ទិន្នផលបានពី៣០ទៅ៤០តោន។ ការចំណាយខ្ពស់បែបនេះ ក៏ព្រោះតែថ្នាំ-ជីកសិកម្ម ប្រេងឥន្ធនៈ កម្លាំងពលកម្ម រួមទាំងសម្ភារនានាដែលមបម្រើដល់ការដាំដុះ គឺឡើងថ្លៃឥតឈប់ឈរ។ ម្ចាស់ចម្ការស្ពៃក្តោមជាង១០ហិកតានៅខេត្តបាត់ដំបងរូបនេះ បានចំណាយពេលវេលា​ និងដើមទុនច្រើនក្នុងការថែទាំដំណាំរបស់ខ្លួន ប៉ុន្តែដល់ពេលប្រមូលផលដំណាំនោះបែរជាមានតម្លៃថោក ហើយថែមទាំងគ្មានទីផ្សារ ឬ អ្នកបញ្ជាទិញទៀត។
 
«ខ្ញុំផ្ញើគេលក់[ស្ពៃក្តោប]នៅភ្នំពេញ បានថ្លៃ៨០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែថ្លៃសេវាកម្មលើការដឹកជញ្ជូន គឺយើងជាអ្នកទទួលបន្ទុក។ តម្លៃទិញដល់ចម្ការផ្ទាល់ គឺបានតែ៤០០រៀលទេក្នុងមួយគីឡូក្រាម។ តម្លៃនេះ! គឺមិនរួចថ្លៃដើមទេ»។ ​ លោក ពូន រ៉ូបាំង ថ្លែងបែបនេះមកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey) នាថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២៣ ដែលធៀបនឹងពេលកន្លងមកបើទោះបីបន្លែលក់មិនសូវបានថ្លៃក៏មានឈ្មួញបញ្ជាទិញច្រើន។
 
លោកបានបញ្ជាក់ថា​៖ «ឆ្នាំទៅ[ឆ្នាំ២០២២] យើងលក់ស្ពៃបានថ្លៃជាងឆ្នាំនេះ ហើយមានទិញច្រើន ដោយខ្ញុំអាចកាត់លក់បានដល់១០តោនក្នុងមួយថ្ងៃ។​ ប៉ុន្តែ ឆ្នាំនេះ ថ្លៃថោកហើយយើងកាត់ស្ពៃលក់ឱ្យគេបានយ៉ាងច្រើនត្រឹម២តោនក្នុងមួយថ្ងៃ»។
 
ព្រោះតែគ្មានការបញ្ជាទិញពីទីផ្សារ ហើយ ម្យ៉ាងទៀតចំណូលដែលបានពីការលក់ស្ពៃប្រចាំថ្ងៃនេះមិនឆ្លើយតបនឹងចំណាយលើថ្លៃកម្មករផងនោះ​ បានធ្វើឱ្យម្ចាស់ចម្ការស្ពៃក្តោមរូបនេះ ​មានបំណងទុកបន្លែពេញវ័យប្រមូលទាំងនោះឱ្យខូចចោលក្នុងចម្ការតែម្តង។ ព្រោះដើម្បីកាត់បន្លែលក់ឱ្យគេប្រចាំថ្ងៃ​បាន លោក រ៉ូបាំង ត្រូវជួលកម្មករជាង៣០នាក់ ដោយកម្មករម្នាក់លោកត្រូវចំណាយយ៉ាងតិច២,៨ម៉ឺនរៀលក្នុងមួយថ្ងៃ(កម្មធ្វើការ៧ម៉ោងក្នុងមួយថ្ងៃ)។
 

សកម្មភាពកម្មករកំពុងកាត់ស្ពៃក្តោបក្នុងចម្ការរបស់លោក ពូន រ៉ូបាំង ដើម្បីដឹកលក់នៅទីផ្សាររាជធានីភ្នំពេញ។ លោក រ៉ូបាំង លក់បន្លែនេះទៅទីផ្សារភ្នំពេញបានត្រឹម ១,៣តោនប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២២ លោកអាចលក់បានចន្លោះពី៧ទៅ១០តោនក្នុងមួយថ្ងៃ។ រូបថត៖ ហ្វេសប៊ុក Robarng Pun

លោក ពូន រ៉ូបាំង បានរៀបរាប់យ៉ាងដូច្នេះ៖«ប្រសិនមានអ្នកទិញក្នុងបរិមាណតិចត្រឹម១-២តោនដូចសព្វថ្ងៃ។ គឺខ្ញុំអត់អាចធ្វើទៀតទេ! ហើយទុនទាំងប៉ុន្មានក៏ត្រូវបានបាត់ដែរ ពីព្រោះលុយដែលចូលមក គឺចាយមិនគ្រប់ទៅលើកម្លាំងពលកម្មក្នុងមួយថ្ងៃផង។ ចំណាយប្រចាំថ្ងៃនេះ គឺខ្ញុំមិនគិតលើថ្លៃដឹកជញ្ជូននិងសេវា ផ្សេងៗទេ»។ លោកបានបញ្ជាក់ថា៖ «ក្នុងស្ថានភាពបែបនេះ ការដាំស្ពៃក្តោបរបស់ខ្ញុំឆ្នាំនេះ គឺអាចខាតដល់ ៦ម៉ឺនដុល្លារ»។
 
សម្រាប់លោក រ៉ូបាំង មិនមែនទើបតែជួបបញ្ហាតម្លៃ និងទីផ្សារនេះ ជាលើកដំបូងនាដើមឆ្នាំ២០២៣នេះឡើយ។  ពោល គឺលោកក៏ដូចជាកសិករឯកទៀត តែងតែជួបបញ្ហានេះនៅពេលដំណាំរបស់ពួកត្រូវដល់រដូវប្រមូលផល។  
 
ពាក់ព័ន្ធបញ្ហានេះ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានលើកឡើងថា គឺដោយសារកសិករមិនស្តាប់ការណែនាំពីមន្ត្រីជំនាញ និងមិនចេះរៀបចំផែនការដាំដុះដែលឆ្លើយតបនឹងតម្រូវការទីផ្សារ ព្រមទាំងមិនចូលក្នុងបណ្តុំសហគមន៍អ្នកដាំបន្លែ ដើម្បីទទួលយកការគាំទ្រផ្នែកបច្ចេកទេសដាំដុះ និងសេវានានាពីមន្ទីរកសិកម្ម និងស្ថាប័នពាក់ព័ន្ធ។ លោកពន្យល់ប្រាប់សារព័ត៌មានថ្មីៗថា បើកសិករម្នាក់ដាំស្ពៃក្តោប១០ហិកតា ហើយ១ហិកតាឱ្យផលពី៣០ទៅ៤០តោន  នោះដី១០ហិកតាហ្នឹង គឺឱ្យផ្តល់ស្ពៃជាង៣០០តោនយ៉ាងតិច។ ក្នុងខេត្តបាត់ដំបង ក្រៅតែពីកសិកររូបខាងលើ ក៏មានកសិករនៅស្រុកឯកភ្នំ ស្រុកបាណន់ ស្រុករតនៈមណ្ឌល និងស្រុកសំឡូត ដាំស្ពៃក្តោបច្រើន ហើយជួបបញ្ហាតមម្លៃ និងទីផ្សារដែរ ព្រោះអំឡុងខែកុម្ភៈដល់ខែមេសា គឺជារដូវប្រមូលដំណាំប្រភេទនេះ។

កន្លងមក ដើម្បីដោះស្រាយបញ្ហាជន់បន្លែនៅលើទីផ្សារ គ្រប់មន្ទីរកសិកម្មជំរុញកសិករឱ្យទទួលយកការណែនាំពីការរៀបចំផែនការដាំដុះតាមការបញ្ជាទិញពីឈ្មួញ និងតម្រូវការពីទីផ្សារជាក់ស្តែង។ ជាពិសេស សម្រាប់កសិករដែលផ្ទៃដីក្នុងទំហំហិកតា គឺត្រូវបែកចែកផ្ទៃដីដាំដុះយ៉ាងតិចចាប់ពីដំណាំ២មុខឡើងទៅ។

លោក សុវណ្ណមុន្នី បាននិយាយដូច្នេះ៖ «កសិករត្រូវរៀបចំផែនការដាំដុះបន្លែ និងត្រូវដឹងថាឈ្មួញក្នុងខែនេះទីផ្សារត្រូវការបន្លែប៉ុន្មាន? រដូវនេះត្រូវការបន្លែប៉ុន្មាន? សម្រាប់កសិករដែលមានផ្ទៃដីច្រើនដល់១០ហិកតា  គួរណាស់បែងចែកដីដាំដំណាំចម្រុះមុខដែលសក្កានុពលរដ្ឋសម្រាប់ទីផ្សារ»។  លោកបញ្ជាក់ថា៖ «ក្រៅពីស្ពៃក្តោប កសិករអាចដាំខាត់ណាផ្កា ខាត់ណាដើម ប៉េងបោះ និងជី ជាដើម។ ការធ្វើបែបនេះទើបកសិករអាចផុតពីបញ្ហាទីផ្សារ និងតម្លៃ ដែលកើតមានឡើងសុទ្ធជារៀងរាល់ឆ្នាំ។

បើតាម លោក សុវណ្ណមុន្នី ជុំវិញនៃការដាំដុះនេះ បច្ចុប្បន្នមន្ទីរកសិកម្មខេត្តបាត់ដំបងកំពុងរៀបចំសាងសង់ស្ថានីយ៍បូកទឹកស្រាចស្រពដំណាំ ដើម្បីឱ្យកសិករមានលទ្ធភាពដាំដុះបានពេញមួយឆ្នាំ។  ជាពិសេស ចំពោះការដាំបន្លែខុសរដូវដែលកសិកម្មអាចទទួលបានទិន្នផលល្អហើយថែមទាំងលក់បានតម្លៃខ្ពស់ទៀត។ លោកអនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងរូបនេះបាននិយាយដូច្នេះ៖ «បច្ចុប្បន្នយើងកំពុងរើសទីតាំង៤ទៅ៥កន្លែងក្នុងការសង់ស្ថានីយ៍បូមទឹក ដើម្បីជួយកសិករ»៕
 
 
 


Tag:
 កសិកម្ម
  ស្ពៃក្តោប
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com