ជាតិ
ផ្ដើមចេញពីសម្ដែងក្នុងរោងគ្មានដំបូល សហគ្រាស និងសង្គមហ្វារ ឈរជើងបាន១០ឆ្នាំ ដោយជោគជ័យ
11, Feb 2023 , 5:29 pm        
រូបភាព
ការសម្បែងរបស់សិល្បករហ្វារពន្លឺសិល្បៈ នាថ្ងៃប្រារព្ធខួប១០ឆ្នាំ នៃសហគ្រាស និងសង្គហ្វារខេត្តសៀមរាប
ការសម្បែងរបស់សិល្បករហ្វារពន្លឺសិល្បៈ នាថ្ងៃប្រារព្ធខួប១០ឆ្នាំ នៃសហគ្រាស និងសង្គហ្វារខេត្តសៀមរាប
សៀមរាប៖ សហគ្រាស និងសង្គមហ្វារ ដែលជាផ្នែកមួយនៃសមាគមហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង បានប្រារព្ធខួប១០ឆ្នាំ ជាមួយវត្តមាននៅខេត្តសៀមរាប។ សហគ្រាសនេះ​ជាកន្លែងសម្ដែងសិល្បៈសៀកប្រចាំថ្ងៃ ហើយក្រោយស្ងប់ស្ងាត់ជំងឺកូវីដ១៩ ភ្ញៀវទេសចរ មួយចំនួនធំបានវិលត្រឡប់មកទស្សនាការសម្ដែងសៀកឡើងវិញ។

 
សហស្ថាបនិកសមាគមហ្វារពន្លឺសិល្បៈ លោក ឃួន ដេត បានឱ្យដឹងថា រយៈពេល១០ឆ្នាំមកនេះ ធ្វើឱ្យសិល្បករស្គាល់ទាំងរសជាតិលំបាក និងសប្បាយរាប់មិនអស់ ពិសេសក្នុងវិបត្តិជំងឺកូវីដ១៩។ «៣ឆ្នាំកន្លងមកនេះ ធ្វើឱ្យយើងមានបទពិសោធន៍ច្រើន ដែលមិននឹក​ស្មាន​ដល់ តែពេលកូវីដ​ថយបន្ដិចទៅ មានភាពសុំារស់នៅជាមួយកូវីដ​ ធ្វើឱ្យយើងបើក​​ដំណើរការ​ជាប្រក្រតី និងប្រចាំថ្ងៃ​ឡើងវិញ»។ នេះជាការលើកឡើងរបស់លោក ឃួន ដេត។
 
លោក ឃួន ដេត សហស្ថាបនិកសមាគមហ្វារពន្លឺសិល្បៈ

សហស្ថាបនិកដដែលថ្លែងដោយទឹកមុខរីករាយ នៅថ្ងៃប្រារព្ធខួប១០ឆ្នាំ នាថ្ងៃទី៨ កុម្ភៈ យ៉ាងដូច្នេះថា ចាប់ពីខែតុលា ឆ្នាំ២០២២ សហគ្រាស និងសង្គមហ្វារ បានបើកដំណើរការជាប្រចាំថ្ងៃឡើងវិញ និងមានសន្ទុះភ្ញៀវចូល​ទស្សនាល្អ គឺប្រមាណ៧៥ភាគរយ ធៀបនឹងឆ្នាំ២០១៩ មុនមានកូវីដ១៩។ 
 
លោក ហួន តារា នាយកប្រតិបត្តិសហគ្រាស និងសង្គមហ្វារពន្លឺសិល្បៈ ក្នុងនាមជាអ្នក ផ្តួចផ្តើមបង្កើតស្ថាប័ននេះនៅឆ្នាំ២០១៣ បានថ្លែងដោយក្ដីមោទនថា វាពិតជាជោគជ័យ ដែលម្នាក់ៗមិននឹកស្មានដល់។ លោករំឭកថា កំណើតនៅក្នុងខេត្តសៀមរាប សហគ្រាសនេះ មិនមានធនធានគ្រប់គ្រាន់ ដោយបានជួលដីគេនៅក្រោយសារមន្ទីរជាតិអង្គរ ហើយសម្ដែង ក្រោមមេឃ គ្មានដំបូល។ 



លោក តារា រំឭកថា៖« ចាប់ផ្តើមសម្ដែងក្រោមមេឃអត់មានដំបូល ហើយពេលសម្ដែងភ្លៀង ក្រោយភ្ញៀងហើយរត់មកសម្ដែងទៀត ហើយមានភ្ញៀវតែ៨នាក់ទេ។ ​តែដោយភាពជោគជ័យ​របស់យើង ធ្វើឱ្យអ្នកវិនិយោគទុន និងធនាគារគេជឿជាក់ ថាយើងពិតជាអាចរកចំណូលបាន ក្រោយមកយើងមានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ​ យើងបានខ្ចីលុយដើម្បីទិញដីកន្លះហិកតា​នៅដើមឆ្នាំ២០១៦ នៅទីតាំងបច្ចុប្បន្ន»។ 
 
ក្រោយបើកដំណើរការប្រចាំថ្ងៃជាប្រក្រតីវិញ លោក តារា ប្រាប់ថា មានភ្ញៀវចូលទស្សនា ជាមធ្យមពី២០០ទៅ៣០០នាក់។ សិល្បករដែលចូលរួមការសម្ដែងមាន៤៥នាក់ ចែកជា៤ក្រុម ដោយឆ្លាស់គ្នាសម្ដែងនៅសហគ្រាស និងសង្គមហ្វារ ក៏ដូចជាសម្ដែងនៅក្រៅស្រុកផង។ នេះជាការលើកឡើង​របស់លោក តារា។ 


 
លោក ឃួន ដេត បានបញ្ជាក់ថា សហគ្រាសហ្វារបង្កើតឡើងនៅឆ្នាំ២០១៣ ក្នុងបំណងបង្កើត ការងារដល់សិល្បករដែលបញ្ចប់ការសិក្សានៅសាលានាខេត្តបាត់ដំបង និងដើម្បីមានភាពរឹងមាំ ផ្នែកហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់សាលានៅបាត់ដំបង ដែលកំពុងបណ្ដុះបណ្ដាល និងជួយកុមារក្រីក្រ ដោយឥតគិតថ្លៃ។ សម្រាប់លោក ឃួន ដេត ក្នុងបេសកកម្មប្រមាណ៣០ឆ្នាំមកនេះ ហ្វារពន្លឺសិល្បៈ​បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសិល្បៈសៀកខ្មែរឡើងវិញ។ ដូច្នេះការគាំទ្រពីសាធារណជន និងទេសចរ ដូចកំពុងជួយសិល្បៈនេះផងដែរ។



លោក ហួន តារា៖«ខ្ញុំធ្លាប់ជាសិស្សនៅសមាគមហ្វារពន្លឺសិល្បៈ ខ្ញុំបានរៀនភ្លេង និងគំនូរខ្លះ ហើយខ្ញុំគិតថា បើសិនជាយើងប្រកួតប្រជែង​ជាមួយគ្នានៅលើឆាកពិភពលោក​ក្នុងនាមកម្ពុជា​នៅថ្ងៃនេះ យើងមានចំណុចខ្វះខាតច្រើនមែនទែន តែបើយើងនិយាយពីសិល្បៈវប្បធម៌​គឺខ្មែរយើងមានចំណុចខ្លាំងជាងគេ និងលេចធ្លោខ្លាំងណាស់ ចឹងខ្ញុំគិតថា រយៈពេល១០ឆ្នាំ សហគ្រាស និងសង្គមហ្វារបានធ្វើឱ្យមានភាពលេចធ្លោនេះឡើង នៅឆាកជាតិ និងអន្ដរជាតិ ហើយជាមួយ Guinness World Records នេះផងដែរ ធ្វើឱ្យគេស្គាល់កម្ពុជា និងវប្បធម៌ កម្ពុជាកាន់តែច្រើន ពិសេសល្ខោនសៀកនេះ»៕
 



 

Tag:
 សហគ្រាស និងសង្គមហ្វារ
© រក្សាសិទ្ធិដោយ thmeythmey.com