ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ ចៅសង្កាត់សំរោង ស្នើពលរដ្ឋជួយថែទាំផ្លូវក្នុងសង្កាត់ ​
11, Feb 2023 , 6:59 pm        
រូបភាព
ដោយ៖ ឈិន សុភារើន (យុវជនសង្កាត់សំរោង) 
 
ក្រុងសំរោង, ឧត្តរមានជ័យ៖ លោក ចៀប តុប ចៅសង្កាត់សំរោង ដែលស្ថិតក្នុងក្រុងសំរោង បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងសង្កាត់ដែលសង្កាត់​បានអភិវឌ្ឍ ជាពិ​សេ​ស​ផ្លូវថ្នល់។ បើតាមលោក ចៀប តុប ហេដ្ឋារចនាសម្ព័ន្ធផ្លូវ គឺជាតម្រូវការដ៏ចាំបាច់មួយរបស់​ពលរដ្ឋ ប៉ុន្តែអាជ្ញាធរពុំមានលទ្ធភាពអភិវឌ្ឍន៍បានគ្រប់ភូមិ ក្នុងរយៈពេលខ្លីនោះទេ ព្រោះ​ថវិកាអភិវឌ្ឍន៍ដែលវិភាជពីរដ្ឋាភិបាលនៅមានកម្រិត។ ដូច្នេះអាជ្ញាធរសង្កាត់ បានកំ​ណត់ទីតាំងអាទិភាព សម្រាប់សកម្មភាព​​ជួសជុល និងកែលម្អផ្លូវថ្នល់នេះ ជារៀងរាល់ឆ្នាំ។

តាមរយៈសកម្មភាពអភិវឌ្ឍន៍ជាហូរហែនេះ លោក ចៀប តុប ក៏ចង់ឱ្យផ្លូវទាំងនេះ មានអាយុកាលប្រើប្រាស់បានយូរអង្វែងបន្ថែមទៀត ​ដោយកាលពីឆ្នាំ២០២២កន្លងទៅ សង្កាត់ បានចាប់ផ្តើម កែលម្អផ្លូវនៅទីតាំងអាទិភាព ពីផ្លូវក្រួសក្រហម និងផ្លូវដីស ទៅជាផ្លូវបេតុងផងដែរ​។  
 
​ក្រៅពីបន្តលើកទឹកចិត្តពលរដ្ឋឱ្យចូលរួម​ថែទាំផ្លូវ ដែលជាសម្បត្តិរួមនេះឱ្យប្រើប្រាស់បានយូរ​ កន្លងមកអាជ្ញាធរពាក់ព័ន្ធ ក៏បានចាត់វិធានការមួយចំនួនផងដែរ នៅក្នុងការបញ្ចៀសការធ្វើចរាចរណ៍យានយន្តដឹកទំនិញធុនធ្ងន់ ឆ្លងកាត់ទីប្រជុំជន។ នេះបើតាមលោក ចៀប តុប ដែលបានបញ្ជាក់យ៉ាងដូចនេះ៖ «កន្លងមកនេះ ខេត្តបានដាក់ផែនការហើយ ចំពោះឡានដឹកទំនិញធ្ងន់ គឺមិនឱ្យឆ្លងកាត់ទីប្រជុំជនទេ។ ហ្នឹងក៏ជាវិធានការមួយដែរ ដែលជួយបន្ធូរបន្ថយទៅលើការខូចផ្លូវ។»។ 

លោក ចៀប តុប ចៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

​សូមជម្រាបថា នៅក្នុងឆ្នាំ២០២៣នេះ  សង្កាត់សំរោងកញ្ចប់ថវិកាដែលវិភាជពីរាជរដ្ឋាភិបាលសម្រាប់ចំណាយលើកិច្ចការងាររដ្ឋបាល និងការអភិវឌ្ឍឃុំ ​ចំនួន ៧៣៤លានរៀល ដែលប្រហាក់ប្រហែលនឹង១៨ម៉ឺនដុល្លារ។ ក្នុងចំណោមកញ្ចប់ថវិកាសរុបនេះ មានប្រ​មាណ១០ម៉ឺនដុល្លារ​ នឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងសង្កាត់។ នេះបើតាមលោក ចៀប តុប ចៅសង្កាត់សំរោង៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុស​ត្រូវរបស់​ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 

Tag:
 ផ្លូវ
  ហេដ្ឋារចនាសម្ព័ន្ធ
 ថែទាំផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com