ជាតិ
វេទិកាបរិស្ថានថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក បញ្ចប់ដោយការប្ដេជ្ញាខ្ពស់ លើការគ្រប់គ្រង​សំណល់ និងកែច្នៃឡើងវិញ
11, Feb 2023 , 7:59 pm        
រូបភាព
លោក ប៉ាក សុខារ៉ាវុត(ឆ្វេង) លោក សៅ សុភាព (កណ្ដាល) និងលោក KAZUSHIGE ENDO (ស្ដាំ) ក្នុងសន្និសីទសារព័ត៌មានបិទវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចចក្រា នាថ្ងៃទី១០ កុម្ភៈ នៅសណ្ឋាគារ សុខាសៀមរាប
លោក ប៉ាក សុខារ៉ាវុត(ឆ្វេង) លោក សៅ សុភាព (កណ្ដាល) និងលោក KAZUSHIGE ENDO (ស្ដាំ) ក្នុងសន្និសីទសារព័ត៌មានបិទវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចចក្រា នាថ្ងៃទី១០ កុម្ភៈ នៅសណ្ឋាគារ សុខាសៀមរាប
សៀមរាប៖ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចចក្រា ឬសេដ្ឋកិច្ចវិលជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ហើយ នៅរសៀលថ្ងៃទី១០ កុម្ភៈ។ តំណាងភាគីពាក់ព័ន្ធបានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកានេះ និងប្ដេជ្ញាខិតខំប្រឹងប្រែង បន្ថែមទៀត លើការគ្រប់គ្រងសំណល់ ពិសេសការកែច្នៃឡើងវិញ។

 
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព បានអានចំណុចសំខាន់ៗដែលសម្រេចបាន និងឆ្លងការជជែកផុសផុល ពីភាគីចូលរួមប្រមាណជិត៤០ប្រទេស ក្នុងវេទិកាខាងលើ។ លោកបន្តថា វេទិកានេះមានប្រភេទភាគច្រើនចូលរួម និងមួយផ្នែកតូចចូលរួមតាមប្រព័ន្ធ អនឡាញ។ 
 
ក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់វេទិកាជាផ្លូវការ លោក សៅ សុភាព បានបញ្ជាក់ថា វេទិកាថ្នាក់តំបន់នេះ ផ្តោតលើកិច្ចប្រជុំពេញអង្គចំនួន៨ ដែលរួមមាន ការបង្កើតភាពរួមគ្នាក្នុងការ សម្រេចបាន SDGs និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុតាមរយៈ សេដ្ឋកិច្ចចក្រា, សេដ្ឋកិច្ចចក្រាឆ្ពោះទៅរកទេសចរណ៍ប្រកបដោយនិរន្តរភាព, សេដ្ឋកិច្ចចក្រា ឆ្ពោះទៅនិរន្តរភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប , សេដ្ឋកិច្ចចក្រា និងសហគ្រាសខ្នាតតូច និងមធ្យម (SMEs)។ បន្ថែមពីនោះ គឺការផ្សារភ្ជាប់ចន្លោះខ្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធ 3R ឆ្ពោះទៅរកសង្គមគ្មានសំណល់, ការប្រើប្រាស់ផលិតផលមេត្រីភាពបរិស្ថានជំនួសឱ្យប្លាស្ទិក ដែលអាចប្រើតែម្ដង,​ ការពិគ្រោះយោបល់លើសេចក្ដីព្រាង 3R ឆ្នាំ២០២៤-២០៣៤ និងសេចក្ដីព្រាងចុងក្រោយនៃរបាយការណ៍លើកទី២ ស្ដីពីស្ថានភាព 3Rs នៅអាស៊ី និងប៉ាស៊ីហ្វិក ការជំរុញសេដ្ឋកិច្ចចក្រា ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព។
 
ឆ្លើយតបសំណួរអ្នកសារព័ត៌មាន ដែលចោទសួរជុំវិញកម្ពុជាក្នុងការខិតខំប្រឹងប្រែងដោះស្រាយ បញ្ហាបរិស្ថាន លោក សៅ សុភាព ឆ្លើយថា ក្រសួងបរិស្ថានដែលជាសេនាធិការ បានយកបញ្ហា​នេះជាអាទិភាព និងបង្កើតគោលនយោបាយជាច្រើន ក្នុងន័យធ្វើឱ្យល្អប្រសើរ។ មន្រ្តីរូបនេះបន្តថា ក្រសួងបានដោះស្រាយបញ្ហាការគ្រប់គ្រងសំណល់រឹង សំណល់ទីប្រជុំជន សំណល់គ្រោះថ្នាក់ គិតគូរពីគុណភាពដី ទឹក ខ្យល់ រហូតដល់ពិនិត្យ និងអនុវត្តន៍វិធានការការ​រំខានដោយសំឡេងផង។
 
លោក សៅ សុភាព បន្ថែមថា ក្រសួងបរិស្ថានយកចិត្តទុកដាក់ខ្ពស់ និងជំរុញការប្រើប្រាស់ និងកែច្នៃឡើងវិញ រួមនិងការដាក់គោលដៅ ផែនការយុទ្ធសាស្រ្ដបៃតង ការរៀបចំសំណង់​នគរូបនីយកម្មឱ្យមានភាពបៃតង។ល។
 
ជុំវិញការគ្រប់គ្រងសំណល់នេះដែរ លោក KAZASHIGE ENDO នាយកមជ្ឈមណ្ឌល UNCRD បានឱ្យដឹងថា គេមិនអាចផ្តោតលើបញ្ហាជាក់លាក់នៃមូលហេតុនៃការបំពុលបរិស្ថានបានទេ។ ហើយដើម្បីគ្រប់គ្រងបញ្ហានេះបាន គឺត្រូវគ្រប់គ្រងកំណើនប្រជាជននៅលើសាកលលោក​ជាមុនសិន។​ ក្នុងនោះដែរ UNCRD ក៏ធ្វើការផ្តោតលើការអនុវត្តទីក្រុងឆ្លាតវៃដែរ ដោយផ្តោត​លើគោលការណ៍ 3R និងសេដ្ឋកិច្ចចក្រា ដែលជាផ្នែកមួយសម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច។
 
សូមបញ្ជាក់ថា វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចចក្រា ក្រោមប្រធាន សមហរណកម្មសេដ្ឋកិច្ចចក្រាទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេច បានសង្គមគ្មានប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វេទិកាលើកទី១២ នឹងធ្វើឡើងនៅប្រទេសវៀតណាម៕

Tag:
 បរិស្ថាន
  វេទិកា 3R
© រក្សាសិទ្ធិដោយ thmeythmey.com