កីឡាអន្តរជាតិ
អន្តរជាតិ
Premier League នឹងបរិច្ចាកប្រាក់ ១លានផោនដល់មូលនិធិគ្រោះរញ្ជួយដីនៅតួកគី
× ក្របខណ្ឌ Premier League ថ្ងៃទី១០ ខែកុម្ភៈ និយាយថានឹងបរិច្ចាកប្រាក់ ១លានផោន (១,២លានដុល្លារ) ដល់មូលនិធិជួយសង្គ្រោះ ដើម្បីជាការឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី។
«Premier League មានការសោកស្តាយខ្លាំងចំពោះការបំផ្លិចបំផ្លាញពីគ្រោះធម្មជាតិរញ្ជួយដីនៅក្នុងប្រទេសតួកគី និងស៊ីរ៊ី ដែលបានសម្លាប់មនុស្សរាប់ពាន់អ្នក។ លីគនឹងផ្តល់ជំនួយ ១លានផោនបរិច្ចាកទៅកាន់គណៈកម្មាធិការគ្រាអាសន្នគ្រោះមហន្តរាយ (DEC) ដើម្បីផ្តល់ជំនួយមនុស្សធម៌ដោយផ្ទាល់ទៅដល់អ្នកត្រូវការជំនួយ។»។ Premier League បានចេញសេចក្តីថ្លែងការណ៍បែបនេះ។
មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីការប្រកួត ព្រមទាំងកីឡាករ នឹងពាក់ស្លាកដៃពណ៍ខ្មៅសម្រាប់ការប្រកួតក្នុងសប្តាហ៍នេះ ដើម្បីជាការរំលែកទុក្ខដល់ជន ដែលស្លាប់ក្នុងគ្រោះរញ្ជួយដី។
ក្រៅពីលីគកំពូលអង់គ្លេស ស្ថាប័នបាល់ទាត់តំបន់អឺរ៉ុប UEFA ក៏ដូចជាមូលនិធិរបស់ UEFA សម្រាប់កុមារ ក៏បានបរិច្ចាកប្រាក់ចំនួន ២សែនអឺរ៉ូ ដើម្បីជួយគាំទ្រដល់ការសង្គ្រោះរុករកមនុស្ស ដែលត្រូវអាគារបាក់សង្កត អំឡុងពេលគ្រោះរញ្ជួយដីក្នុងប្រទេសតួកគី និងស៊ីរី។
ហេតុការណ៍គ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគី និងស៊ីរី តាំងពីថ្ងៃទី៥ ខែកុម្ភៈ នោះ បណ្ដាឱ្យមនុស្សជាង ២៣,០០០នាក់ បាត់បង់ជីវិត។ នេះបើតាមការចុះផ្សាយរបស់កាសែត CNN ថ្ងៃទី១១ ខែកុម្ភៈ។
គួររំលឹកថា កម្រិតរញ្ជួយដីនៅតួកគី និងស៊ីរី មានប្រមាណ ៧,៦រ៉ិចទ័រ ហើយបានបង្កឱ្យអគារជាច្រើន បាក់រលំ ហើយមនុស្សរងគ្រោះច្រើននាក់ ត្រូវបានរកឃើញជាបន្តបន្ទាប់ ខណៈក្រុមជួយសង្គ្រោះ កំពុងបន្តការរុករក មនុស្សដែលកប់ជាប់ក្នុងគំនរអាគាររលំនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com