ជាតិ
កម្ពុជា-ចិន ពិនិត្យលទ្ធភាពអភិវឌ្ឍន៍ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» នៅខេត្តព្រះសីហនុ
11, Feb 2023 , 8:59 pm        
រូបភាព
គម្រោងអភិវឌ្ឍន៍ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» នៅខេត្តព្រះសីហនុនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាគ្នារវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន នាទីក្រុងប៉េកាំង ។



តាមរយៈសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី១១ កុម្ភៈ នេះ មេដឹកនាំកម្ពុជា-ចិន បានឯកភាពសហប្រតិបត្តិការគ្នា ឱ្យកាន់តែស៊ីជម្រៅ និងការបន្ស៊ីគ្នា ជាយុទ្ធសាស្រ្តរវាងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណ ដើម្បីធានាសុវត្ថិភាព នៃគម្រោង និងបុគ្គលិក ។ ជាពិសេសផ្ដល់តួនាទីឱ្យកាន់តែសំខាន់ដល់យន្តការការងារកម្ពុជា-ចិន សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ និងសមត្ថភាពផលិតកម្ម។
 
ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានឯកភាពពិនិត្យលទ្ធភាពអភិវឌ្ឍន៍ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងគំរូមួយ។ 
 
«កសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគម្រោងលេចធ្លោ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីទាក់ទាញសហគ្រាសចិន ដែលមានសមត្ថភាពបន្ថែមទៀត ក្នុងការវិនិយោគនៅកម្ពុជា»។ នេះបើតាមសេចក្តីថ្លែងការណ៍រួម នៃជំនួបមេដឹកនាំកម្ពុជា-ចិន។
 
មិនតែប៉ុណ្ណោះ ភាគីទាំងពីរ ក៏ពិនិត្យលទ្ធភាពលើសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បណ្ដាញអគ្គិសនី បណ្ដាញខ្សែកាបអុបទិក ឃ្លាំងស្ដុកទំនិញ និងភស្តុភារកម្ម ដើម្បីបង្កើនប្រសិទ្ធភាពសមាហរណកម្ម នៃកិច្ចសហប្រតិបត្តិការផលិតកម្មកម្ពុជា-ចិន ដែលមានលក្ខណៈចម្រុះ។
 
ក្នុងសេចក្តីថ្លែងការណ៍រួមនេះ បញ្ជាក់ទៀតថា៖«ចិនគាំទ្រកម្ពុជាលើការងារដំបូង នៃការធ្វើផែនការរៀបចំផ្លូវដែក ការរចនា និងការសិក្សា សមិទ្ធលទ្ធភាព សំដៅលើកកម្ពស់គម្រោង និងការសាងសង់ផ្លូវដែក ដើម្បីផលប្រយោជន៍ជីវភាពប្រជាជន ដែលរស់នៅតាមបណ្ដោយផ្លូវដែក»។
 
ភាគីកម្ពុជា-ចិន​ ក៏ទន្ទឹងរង់ចាំការតភ្ជាប់ផ្លូវដែកកម្ពុជា និងផ្លូវដែកចិន -ឡាវ -ថៃ ក្នុងពេលឆាប់ៗនេះ។
 
ភាគី​ទាំង​ពីរបាន​ឯកភាព​អនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ផែនការ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​កម្ពុជា​-​ចិន (២០២៣-២០២៥)​។ ជាពិសេសជំរុញ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ ស្ពាន អាង​ស្តុក​ទឹក ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ និងអនុវត្ត​គម្រោង​ផ្លូវ​ជនបទ​នានា ការផ្គត់ផ្គង់​ទឹក សាលារៀន និង​គម្រោង​វេជ្ជសាស្ត្រ​នានា នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​​៕
 

Tag:
 ហ៊ុន សែន
  ស៊ី ជិនពីង
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com