ជាតិ
សម្ដេចនាយក​រដ្ឋមន្ត្រី និង​លោក ហ៊ុន ម៉ា​ណែ​ត​ស្នើឱ្យ VOD កែតម្រូវ បើ​ផ្សាយ​ព័ត៌មាន​ខុស​
11, Feb 2023 , 11:29 pm        
រូបភាព
លោក ហ៊ុន ម៉ា​ណែ​ត បាន​ស្នើឱ្យ​វិទ្យុ VOD បង្ហាញ​ភស្តុតាង​ដែល​បង្ហាញថា លោក​បាន​ចុះហត្ថលេខា​ប្រកាស​ផ្តល់ជំនួយ​ចំនួន​១០​ម៉ឺន​ដុល្លារ​របស់​ប្រទេស​តួ​ក​គី ដូច​ការផ្សព្វផ្សាយ​រប​ស់​ខ្លួន​។ នៅថ្ងៃនេះ​ដដែល សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែង​ច្រានចោល​ការផ្សព្វផ្សាយ​រប​ស់​វិទ្យុ VOD ហើយ​ស្នើឱ្យ​ក្រសួង​ព័ត៌មាន​ធ្វើការ​ជាមួយ​ជាមួយ​វិទ្យុ​នេះ ដើម្បី​វិទ្យុ​នេះ​សុំទោស​ជា​សាធារណៈ ឬក៏​ត្រូវ​ជាប់​បណ្ដឹង​។​

 
​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD បាន​ផ្សាយ​ព័ត៌មាន​កាលពី​ថ្ងៃទី​១០​ខែកុម្ភៈ​ឱ្យដឹងថា លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ផ្តល់ជំនួយ​ចំនួន​១០​ម៉ឺន​ដុល្លារ​ដល់​ប្រទេស​តួ​ក​គី​។ បើទោះជា​បាន​ស្រង់​ការពន្យល់​របស់​អ្នកនាំពាក្យ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ក៏ដោយ ដំណឹង​នេះ​ត្រូវបាន​បដិសេធ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត ផ្ទាល់​។ លោក ហ៊ុន ម៉ា​ណែ​តបា​នសរ សេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ដោយ​ស្នើឱ្យ​វិទ្យុ VOD បង្ហាញ​ភស្តុតាង​ដែល​បញ្ជាក់ថា​លោក​បាន​ចុះហត្ថលេខា​នោះ​។​
 
​លោក ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​ត្រូវការ​ការបំភ្លឺ​មួយ​ដែលមាន​ភាពប្រាកដប្រជា និង​ការទទួលខុសត្រូវ​។ ខ្ញុំ​សុំអោយ​វិទ្យុ VOD បង្ហាញ​ឯកសារ​ដែល​បញ្ជាក់ថា​ខ្ញុំ​បាន​ចុះហត្ថលេខា​ជំនួស​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ផ្តល់ជំនួយ​ថវិកា​ទៅអោយ​ប្រទេស​តួ​ក​គី​ដែល​កំពុង​រងគ្រោះ​រញ្ជួយ​ដី​ផង ព្រោះ​ខ្ញុំ​មិន​បានដឹង​រឿងនេះ ហើយ​ខ្ញុំ​ក៍​មិនមាន​សិទ្ធិ​ក្នុងការ​ចុះហត្ថលេខា​លើ​ឯកសារ​របស់​រាជរដ្ឋាភិបាល​ដែរ​។​»​។ 
 
​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត បើសិនជា​វិទ្យុ VOD មិនមាន​ឯកសារ​បង្ហាញ​នោះទេ វិទ្យុ​ត្រូវ​សុំទោស និង​ចុះផ្សាយ​កែតម្រូវ​។ «​ខ្ញុំ​មិន​ចង់បាន​អ្វី​ក្រៅតែពី​ការពារ​ភាពត្រឹមត្រូវ​និង​ច្បាស់លាស់​ទេ​។​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់ លោក ហ៊ុន ម៉ា​ណែ​ត​។​
 
​នៅក្នុង​អត្ថបទ​ដដែល​នោះ វិទ្យុ​VOD បាន​ស្រង់​ការអធិប្បាយ​របស់​អ្នកវិភាគ​មួយចំនួន​ដែរ ដែល​និយាយថា វា​ពិតជា​មិនត្រូវ​ត្រូវ​តាមច្បាប់​ឡើយ បើសិនជា​លោក ហ៊ុន ម៉ា​ណែ​ត បាន​ចុះហត្ថលេខា​ជំនួស​សម្តេចនាយក​រដ្ឋមន្ត្រី​លើ​សេចក្តីប្រកាស​ផ្តល់ជំនួយ​ទៅ​ប្រទេស​តួក​គី​នោះ​។​
 
​ក្នុង​សំណុំរឿង​ដដែល​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សរសេរ​ពន្យល់ និង​បង្ហាញ​ប្រតិកម្ម​ចំពោះ​វិទ្យុ VOD​ដែរ​នា​យប់​ថ្ងៃទី​១១​ខែកុម្ភៈ​នេះ​។ សម្ដេច​បាន​សរសេរ​ព​ន្យ​ល់​សាធារណជន​ថា បើ​យោងតាម​ច្បាប់ គឺមាន​តែ​នាយករដ្ឋមន្ត្រី​ម្នាក់​គត់​ដែលមាន​សិទ្ធិ​បញ្ជា​ចំណាយ​ក្រោម​ច្បាប់​ថវិកាជាតិ​។ 
 
​ការចុះផ្សាយ​របស់​វិទ្យុ VOD បានធ្វើឱ្យ​សម្ដេច​តាំង​សំណួរ​ថា​៖«​តើ​ការ​ចោទ​លើ​ហ៊ុន ម៉ា​ណែ​ត​ជាការ​វាយប្រហារ​ខាង​នយោបាយ​ឬ​ជាការ​ភាន់ច្រឡំ​? ខ្ញុំ​ទុកពេល​ឲ្យ​សូមទោស​ជា​សាធារណៈ រយៈពេល​៧២​ម៉ោង​ដោយ​សុំទោស​រាជរដ្ឋាភិបាល​ផង និង​សុំទោស ហ៊ុន ម៉ា​ណែ ត​ផង​។​»​។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន ត្រូវ​ធ្វើការ​ជាមួយ​VOD និង​លោក គី តិច ដែល​ប្រធាន​មេធាវី​រាជរដ្ឋាភិបាល​ផង​។ «​យើង​មិន​ចង់បាន​អ្វី​ក្រៅពី​ភាព​ស្អាតស្អំ​និង​ត្រឹមត្រូវ​របស់​យើង​នោះឡើយ​។​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com