កីឡាអន្តរជាតិ
អន្តរជាតិ
លោក Zelenskyy ថា អត្តពលិករុស្ស៊ីនៅអូឡាំពិកជាការបង្ហាញអំពើហិង្សា
12, Feb 2023 , 10:30 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅថ្ងៃទី១០ ខែកុម្ភៈ បាននិយាយថា ប្រសិនបើអត្តពលិករុស្ស៊ីត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស នោះវត្តមានពួកគេប្រៀបបានជាការបង្ហាញនូវអំពើហិង្សាក្នុងការប្រកួត។ លោក Zelenskyy បានឡើងឡើងក្រោយមួយថ្ងៃ ពេលប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (​IOC) លោក Thomas Bach បានប្រាប់អ៊ុយក្រែនឱ្យឈប់គំរាមកំហែងធ្វើពហិការពីការប្រកួត។



តាមរយៈការវីដេអូខលនៅក្នុងកិច្ចប្រជុំមួយនៅក្នុងទីក្រុងឡុងដ៍ជាមួយរដ្ឋមន្រ្តីក្រសួងកីឡាមកពីប្រទេសចំនួន ៣០ លោក Zelenskyy បាននិយាយដូច្នេះថា៖«វត្តមានរបស់រដ្ឋភេរវជនជាការបង្ហាញពីអំពើហិង្សា និងគ្មានច្បាប់ទំលាប់ត្រឹមត្រូវ ហើយវានឹងមិនអាចបិទបាំងបានឡើយបើទោះបីជាជាប្រើប្រាស់ទង់ជាតិអព្យាក្រិត ឬក៏ទង់អូឡាំពិក។ ប្រសិនបើកីឡាអូឡាំពិកមានការសម្លាប់និងការវាយប្រហារដោយកាំជ្រូច នោះអ្នកនឹងដឹងហើយថាក្រុមជម្រើសជាតិមួយណានឹងកាន់កាប់តំណែងកំពូលនោះ។»។
  


ប្រធានាធិបតីដដែលរូបនេះ ក៏បានអះអាងបន្ថែមថា អត្តពលិក និងគ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនចំនួន ២២៨ នាក់បានស្លាប់បាត់បង់ជីវិតអំឡុងពេលការលុកលុយពីសំណាក់ប្រទេសរុស្ស៊ី។ 
ការអំពាវនាវពីសំណាក់លោក Zelenskyy ឱ្យបឈ្ឈប់ការអនុញ្ញាតអត្តពលិករុស្ស៊ី និងបេឡារុស មកប្រកួតវិញនេះ បានកើតឡើងមួយថ្ងៃក្រោយពេលដែលលោក ​Thomas Bach ប្រធាន IOC បានធ្វើសេចក្តីថ្លែងការណ៍ប្រាប់ឱ្យអ៊ុយក្រែនឈប់គំរាមកំហែងធ្វើពហិការ ពីការប្រកួត Paris 2024។ លោក Bach បានលើកហេតុផលថា បានធ្វើឱ្យមានសម្ពាធដល់សមាជិក NOC ដទៃ ព្រមតាំងម្ចាស់ផ្ទះរៀបចំការប្រកួតពីបញ្ហានេះ។ 
 
«ការគំរាមកំហែងដល់ការធ្វើពហិការកីឡាអូឡាំពិក ដូចដែលអ្នកបានជូនដំណឹងមកខ្ញុំ ពីសំណាក់ស្ថាប័ន NOC នៃអ៊ុយក្រែនបច្ចុប្បន្នកំពុងស្ថិតក្នុងការពិចារណា វាផ្ទុយនឹងមូលដ្ឋានគ្រិះនៃចលនាអូឡាំពិក និងគោលការណ៍ដែលយើងបានឈរ។ អ៊ុយក្រែនបានដាក់សម្ពាធទៅកាន់ប្រទេសដទៃឱ្យប្រទេសដទៃផ្សេងទៀតចូលរួមធ្វើពហិការ និងដាក់សម្ពាធដល់ប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួត។»។ លោក Bach បាននិយាយបែបនេះក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី៩ ខែកុម្ភៈ។
 
ប្រធាន IOC ក៏បានបញ្ជាក់ច្បាស់ៗប្រាប់ទៅអ៊ុយក្រែនថា ការចូលរួមរបស់អត្តពលិករុស្ស៊ី និងបេឡារុសមិនទាន់ត្រូវបានពិភាក្សាក្នុងន័យជាក់លាក់ណាមួយនៅឡើយទេ។ 



កាលពីខែមុន IOC បាននិយាយថា អត្តពលិកដែលមកពីប្រទេសរុស្ស៊ី និងបេឡារុស នឹងអាចត្រូវបានអនុញ្ញាតឱ្យវិលមកកាន់ការប្រកួតអូឡាំពិកវិញ។ អត្តពលិករុស្ស៊ី និងបេឡារុស អាចប្រកួតជម្រុះស្វែងរកកៅអី តាមរយៈការប្រកួតប្រជែងក្នុងតំបន់អាស៊ី ដើម្បីទៅកាន់ការប្រកួតអូឡាំពិកប៉ារីសឆ្នាំ ២០២៤។ IOC ទទួលការគាំទ្រពីសំណាក់សមាជិកដ៏មានឥទ្ធិពលជាច្រើន ក្នុងនោះរួមមាន អាម៉េរិក ប៉ុន្តែអន្តពលិកទាំង ២ប្រទេសនោះ ត្រូវប្រកួតក្រោមរូបភាពទង់របស់អូឡាំពិក ឬទង់អត្តពលិកអន្តរជាតិ។
 
អ៊ុយក្រែនបានអំពាវនាវបន្តហាមឃាត់ក្រុមអត្តពលិកដែលមកពីប្រទេសទាំងពីរនោះ ដរាបណាសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននៅមិនទាន់បិទបញ្ចប់។ មកដល់ពេលនេះសង្គ្រាមក្នុងអ៊ុយក្រែនដែលបង្កឡើងដោយរុស្ស៊ីមានរយៈពេល ១១ខែរួចមកហើយ។
 
រដ្ឋមន្ត្រីកីឡារបស់អ៊ុយក្រែនក៏បានប្រមានទៅកាន់ IOC ថា ប្រទេសអ៊ុយក្រែនអាចនឹងដកខ្លួនចេញពីការប្រកួតអូឡាំពិករដូវក្តៅទីក្រុងប៉ារីសក្នុងឆ្នាំ ២០២៤ ប្រសិនបើមានវត្តមានរុស្ស៊ី និងបេឡារុស។ ថែមទាំងបានចោទប្រកាន់ IOC ថាគាំទ្រដល់រុស្ស៊ីឈ្លានពានអ៊ុយក្រែន ប៉ុន្តែ IOC បានឆ្លើយតបដោយបានច្រានចោលការរិះគន់ទាំងអស់នេះ។
 
គួររំលឹកថាកាលពីសប្តាហ៍មុន ប្រទេសតំបន់ Nordic រួមមានប្រទេសឡេតូនី លីទុយអានី អេស្តូនី និងប៉ូឡូញ បានអំពាវនាវឱ្យស្ថាប័នកីឡាអន្តរជាតិនានា បន្តហាមឃាត់អត្តពលិករបស់រុស្ស៊ី និងបេឡារុសពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក៏ដូចជាកម្មវិធីប្រកួតដទៃផ្សេងទៀត ខណៈសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនដែលបង្កឡើងដោយរុស្ស៊ី កំពុងតែបន្តយ៉ាងក្តៅកគុករហូតបច្ចុប្បន្ន៕
 
 

Tag:
 Olympic
  Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com