កីឡាអន្តរជាតិ
អន្តរជាតិ
FIFA Club World Cup ៖ Real Madrid បំបាក់ Al Hilal គ្រងជើងឯកលើកទី៥ ក្នុងប្រវត្តិសាស្ត្រ
12, Feb 2023 , 11:19 am        
រូបភាព
ក្រុមអធិរាជស Real Madrid បានក្លាយជាក្រុមគ្រងដំណែងជើងឯកពានរង្វាន់ ​FIFA Club World Cup លើកទី៥ ប្រចាំប្រវត្តិសាស្ត្រ បន្ទាប់ពីបានបំបាក់ក្រុមខ្លាំងមកពីអារ៉ាប៊ីសាអូឌីត Al Hilal ៥-៣ នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃទី១១ ខែកុម្ភៈ។



ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ក្លិបកំពូលលើពិភពលោកបញ្ចប់ទៅក្នុងលទ្ធផល ៥-៣ ក្នុងកីឡដ្ឋាន Prince Moulay Abdallah។ គ្រាប់បាល់ទាំង ៥ របស់ Real Madrid ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធវ័យក្មេង Vinicius JR ចំនួន ២គ្រាប់នៅនាទី១៣ និងនាទី៦៩ ហើយខ្សែបម្រើ Federico Valverde ២គ្រាប់នៅនាទី១៨ និងនាទី៥៨ ព្រមទាំង Karim Benzema ១គ្រាប់នៅនាទី៥៤។ 
 
សម្រាប់ Al Hilal បើទោះបីជារងបរាជ័យ ប៉ុន្តែពួកគេក៏បានបង្ហាញនូវទម្រង់លេងដ៏ល្អជាក្រុមជើងខ្លាំងទ្វីបអាស៊ី ដែលស៊ុតបំប៉ោងសំណាញ់ទីលើក្រុមខ្លាំង Real Madrid បានវិញចំនួន ៣គ្រាប់។ គ្រាប់បាល់ទាំង ៣នោះរកបានដោយកីឡាករ Moussa Marega នៅនាទី២៦ និងកីឡាករខ្សែបម្រើ Luciano Vietto នាទី៦៣ និងនាទី៧៩។
 
នាសន្និសីទកាសែតលោក Carlo Ancelotti គ្រូបង្វឹក Real Madrid បានសរសើរកូនក្រុមធ្វើបានល្អ ហើយក្លាយជាម្ចាស់ជើងឯកពានរង្វាន់ពិភពលោកថ្មីម្តងទៀត។ 
 
«យើងរីករាយខ្លាំងណាស់ សម្រាប់ក្លាយជាជើងឯកពិភពលោក ៨លើកដែល Real Madrid ធ្វើបាន។ យើងពិតជាមានការប្រកួតមួយដ៏ល្អ ជាមួយក្រុមកីឡាករប្រយុទ្ធដ៏មានគុណភាពនៅតំបន់ប្រយុទ្ធ ​Vinicius JR, Benzema និង Valverde ពួកគេធ្វើបានល្អខ្លាំង ពួកគេបង្ហាញបច្ចេកទេស និងគុណភាពខ្លាំង វាពិតជាអស្ចារ្យ។»។ លោក Ancelotti បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ Telecinco បែបនេះ។
 
ពានរង្វាន់ពិភពលោកដែល Real Madrid បានឈ្នះសរុបចំនួន ៨លើករួមមាន ពានរង្វាន់ Intercontinental Cup ចំនួន ៣លើក ហើយសម្រាប់ពានរង្វាន់ Club World Cup នេះ ក្រុមយក្សអេស្ប៉ាញក្រសោបឈ្នះបានចំនួន ៥លើក ហើយដោយភាគច្រើនប៉ះក្រុមមកពីទ្វីបអាម៉េរិកខាងត្បូង។
 
បន្ទាប់ពី Real Madrid ដែលឈ្នះពានរង្វាន់ទាំងនេះច្រើនជាងគេ ក្នុងនោះក៏មានក្រុមជោគជ័យបន្ថែមទៀតដូចជា AC Milan និង Bayern Munich ធ្លាប់បានឈ្នះពានរង្វាន់ Club World Cup នេះចំនួន ៤លើកដូចគ្នា៕
 

Tag:
 FIFA
  FIFA Club World Cup
© រក្សាសិទ្ធិដោយ thmeythmey.com