កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal បានត្រឹមស្មើ Brentford ចំណែក ​Spurs ចាញ់ម្ចាស់ផ្ទះ Leicester
12, Feb 2023 , 12:19 pm        
រូបភាព
ក្រុមកាំភ្លើងធំ Arsenal បន្តកាត់បន្ថយគម្លាតពីក្រុមលេខ២ នៅក្នុងក្របខណ្ឌ Premier League បន្ទាប់ពីពួកគេប្រកួតស្មើជាមួយក្រុម ​Brentford ក្នុងលទ្ធផល ១-១ នៅទឹកដីកីឡដ្ឋាន ​Emirate ថ្ងៃទី១១ ខែកុម្ភៈ ។ ចំណែកTottenham Hotspur រងបរាជ័យក្រោយថ្វីជើង Leicester City ក្នុងលទ្ធផល ៤-១ ។



សម្រាប់ការប្រកួត Arsenal ស្វាគមន៍ក្រុម Brentford ហាក់មានភាពតឹងតែង ក្នុងការស្វែងរកគ្រាប់បាល់ខ្លាំងនៅក្នុងវគ្គទីមួយ ដោយការប្រកួតក្រុមទាំងសងខាងបានបញ្ចប់ទៅត្រឹមលទ្ធផល ១-១។ ខ្សែបម្រើ ​Leandro Trossard ដែល Arsenal ទើបនាំចូលពាក់កណ្តាលរដូវកាល បានផ្លាស់ប្តូរចូលក្នុងការប្រកួតជំនួសកីឡាករ ​Gabriel Martinelli ហើយស៊ុតបើកឆាក ឱ្យកាំភ្លើងធំនាំមុខក្រុមភ្ញៀវមុនត្រឹមនាទី៦៦។ 
 
ចាប់តាំងពីពេលស៊ុតបាល់នាំមុខ ១គ្រាប់មុន កាំភ្លើងធំ Arsenal សម្លឹងឃើញការនាំមុខដាច់លើកំពូលតារាងបន្តទៀតដល់ទៅចំនួន ៨ពិន្ទុ ។ ប៉ុន្តែក្រុមដឹកនាំដោយលោក Mikel Arteta ហាក់មិនសូវមានទំនុកចិត្តក្នុងការប្រកួតប៉ុន្មានឡើយ ទល់នឹងក្រុមភ្ញៀវ Brentford ដែលមានទម្រង់លេងល្អខ្លាំង។ មិនបានប៉ុន្មាន Brentford អាចរកគ្រាប់បាល់តាមស្មើ ១-១ មកវិញពិតមែន ដោយការស៊ុតរបស់ ​Ivan Toney នៅនាទី៧២ បញ្ចប់ក្តីសង្ឃឹម Arsenal ម្តងទៀត។
 
ទោះបី២សប្ដាហ៍នេះ Arsenal បានត្រឹមស្មើ និងចាញ់ក្តី ប៉ុន្តែក្រុមខ្លាំងមួយនេះ នៅតែបន្តនាំមុខដាច់នៅកំពូលតារាង ដោយដាច់ពីក្រុម Manchester City ចំនួន ៦ពិន្ទុ ដែលក្រុមទាំងពីរនេះលេងបាន ២១ប្រកួតដូចគ្នា។ Arsenal កំពុងសម្លឹងការឈ្នះពានរង្វាន់ Premier League លើកដំបូងបន្ទាប់ពីរង់ចាំអស់ពេលជាង​ ១៩ឆ្នាំ បើគិតចាប់តាំងពីឆ្នាំ ២០០៤ មក។
 
ក្រុម Man City សប្តាហ៍នេះត្រូវលេងតទល់ក្រុម Aston Villa នៅថ្ងៃទី១២ ខែកុម្ភៈ មុនពេលទៅជួបក្រុម Arsenal ប្រជែងគ្នាក្នុងកីឡដ្ឋាន ​Emirate នៅសប្តាហ៍ក្រោយ។ 
 
ក្រឡែកទៅកាន់ Tottenham Hotspur រងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Leicester City លទ្ធផល ៤-១ ក្នុងកីឡដ្ឋាន King Power។ 
 
ទោះបីចាញ់ក្តីប៉ុន្តែ Spurs នៅតែបន្តឈរចំណាត់ថ្នាក់លេខ ៥ ដែលគម្លាតពិន្ទុ ២ពិន្ទុពីក្រុមស្ថិតនៅលំដាប់លេខ៤។ Spurs ឆ្លងកាត់ ២៣ប្រកួតមាន ៣៩ពិន្ទុក្នុង ខណៈក្រុមលេខ ៤ Newcastle United លេងបានត្រឹមចំនួន ២២ប្រកួតមាន ៤១ពិន្ទុ។ 
 
ចំណែក Chelsea ក្រុមចំណាយច្រើននាទីផ្សារដោះដូរបានត្រឹមប្រកួតស្មើ West Ham United លទ្ធផល ១-១ ចែកគ្នាម្នាក់ ១ពិន្ទុ។ 
 
Wolverhampton ប្រជែងឈ្នះក្រុមតំបន់បាតតារាង Southampton លទ្ធផល ២-១ ខណៈដែល Fulham យកឈ្នះ ​Nottingham Forest លទ្ធផល ២-០។ Crystal Palace ប្រកួតស្មើ ១-១ Brighton & Hove Albion និង AFC Bournemouth ស្មើ ១-១ Newcastle United៕
 

Tag:
 Premier League
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com