ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ឱ្យអាជីវកម្ម និងប្រតិបត្តិករទេសចរ ដែលទទួលទេសចរចិន បន្តពង្រឹងគុណភាព សេវាកម្មទទួលទេសចរចចិនឡើងវិញ។ ការពង្រឹងនេះ ធ្វើឡើងដើម្បីរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរចិន និងពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្រោយកំណើនទេសចរចិនកើនឡើងវិញ។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា អាជីវកម្មទទួលទេសចរចិន និងប្រតិបត្តិករទេសចរ សហការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ ដើម្បីទាក់ទាញទេសចរ ក៏ដូចស្វាគមន៍ទេសចរចិនឡើងវិញផងដែរ។
ជាមួយគ្នានេះ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា ៖ « តាមបណ្តាខេត្តនានា អាជីវកម្មកំពុងពង្រឹងសមត្ថភាពខ្លួន និងអាជីវកម្មមួយចំនួនកំពុងរៀបចំកន្លែងលក់ដូរឡើងវិញ ខណៈទេសចរចិនបានមកកម្សាន្តនៅកម្ពុជាបណ្តើរៗ។ ដោយឡែក សណ្ឋាគារ និងអាជីកម្ម បានបើកដំណើរឡើងវិញស្ទើរតែទាំងស្រុង ដូច្នេះអាជីកម្មដែលទទួលទេសចរចិនត្រូវតែពង្រឹងសមត្ថភាព និងសេវាកម្ម»។
លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្តនៃវិស័យទេសចរណ៍រយៈពេល ៥ឆ្នាំ។ រូបថត៖ ហ្វេសប៊ុកលោក តុប សុភ័ក
អ្នកនាំពាក្យរូបនេះ បន្តថា វិស័យទេសចរណ៍ សង្ឃឹមថា កំណើនទេសចរចិននឹងជួយឱ្យ អាជីវកម្មទទួលសេវាកម្មទេចរចិនមានស្ថេរភាពដូចមុនកូវីដ-១៩ ។ លើសពីនេះ គិតមកទល់ពេលនេះ អាជីវកម្មមួយចំនួន បានបើកអាជីវកម្មទទួលទេសចរចិនប្រមាណ៨៥ភាគរយហើយ។
យ៉ាងណាមិញ ក្រសួងទេសចរណ៍ កំពុងទទួលពាក្យស្នើសុំពីម្ចាស់អាជីវក ដែលទទួលទេសចរចិន ដោយបន្តចុះត្រួតពិនិត្យសុវត្ថិភាព គុណភាពសេវាកម្ម មុនឈានដល់ការចេញវិញ្ញាបនបត្របញ្ជាក់គុណភាពសេវាកម្ម។ ទន្ទឹមនឹងនោះក៏មានអាជីវកម្មចំនួន៦ ដែលត្រូវទទួលស្គាល់ពីក្រសួងទេសចរណ៍ រួមមាន ក្រុមហ៊ុន Tours Co.,Ltd (រាជធានីភ្នំពេញ) , ខេ-យ៉ក ត្រាវែល សឺវីស (រាជធានីភ្នំពេញ), អង្គរ 369 ត្រាវែល & ធួរ - Angkor 369 Travel & Tour (សៀមរាប), Sunny Jimmy Travel Co., Ltd. (សៀមរាប) , ឆាង យ៉ុង ធួរីហ្សឹម (សៀមរាប) , Dream Back To Angkor Wat Travel Agent (សៀមរាប)ផងដែរ។
ក្រសួងទេសចរណ៍ បន្តលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មទទួលទេសចរចិនទាំងអស់ ឱ្យមកដាក់ពាក្យស្នើសុំទទួលស្គាល់គុណភាពសេវាកម្ម ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្ត។
លោក តុប សុភ័ក ក៏បានអំពាវនាវឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់ រក្សាគុណភាពសេវាកម្ម ព្រោះវិស័យទេសចរណ៍ ពឹងផ្អែកទាំងស្រុងលើសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និងផលិតផល ដើម្បីត្រៀមទទួលទេសចរ។ បើសិនសេវាកម្មល្អ ទេសចរចិននឹងមានកំណើន ហើយអាជីវករនឹងមានចំណូលផងដែរ៕