ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ការចុះល្បាតការពារសុវត្ថិភាពពលរដ្ឋ ជាអាទិភាពរបស់អាជ្ញាធរឃុំកំពង់ស្វាយ
×
ដោយ៖ លីន លក្ខិណា(យុវជនឃុំកំពង់ស្វាយ)
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ មេប៉ុស្ដិ៍នគរបាលឃុំកំពង់ស្វាយ លោក ប៉ាង ម៉េង បានរៀបចំផែនការច្បាស់លាស់ ក្នុងការចុះល្បាតប្រចាំថ្ងៃ ទាំងពេលយប់ និងពេលថ្ងៃ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋនៅក្នុងឃុំ។ លោកថា នៅប៉ុស្ដិ៍បច្ចុប្បន្ន ខ្វះកម្លាំងសម្រាប់ប្រើប្រាស់ ដូច្នេះការការពារឱ្យពលរដ្ឋនៅមានការខ្វះចន្លោះច្រើន។
លោក ប៉ាង ម៉េង មេប៉ុស្ដិ៍បានរៀបរាប់ថា ក្នុងឃុំកំពង់ស្វាយមានកម្លាំងប៉ុស្ដិ៍ចំនួន ៨នាក់ ក្នុងនោះស្រី ២នាក់ ពួកគាត់ជួយធ្វើការនៅក្នុងរដ្ឋបាលប៉ុស្ដិ៍ ហើយកម្លាំងផ្សេងទៀត ចុះល្បាតតាមភូមិគោលដៅនីមួយៗ ជាមួយបញ្ជាការពារភូមិចំនួន ១៣៧នាក់ផ្សេងទៀត។ «ដោយសារខ្វះកម្លាំង ពួកខ្ញុំមិនអាចចុះល្បាតតាមសហគមន៍ បានទាំងអស់នោះទេ ។ ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរឃុំមូលដ្ឋាន»។ លោក ម៉េង លើកឡើងបែបនេះ ហើយបន្តថា បើតាមស្តង់ដា កម្លាំងចាប់ពី១២ ទៅ១៥នាក់ គ្រប់គ្រាន់ក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រោះនៅក្នុងឃុំកំពង់ស្វាយ មានភូមិរហូតដល់ ១២ភូមិ។
កម្លាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយ ចុះល្បាតនៅពេលយប់ ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ។
លោក ប៉ាង ម៉េង បានរៀបរាប់ថា ការចុះល្បាតរបស់កម្លាំងប៉ុស្ដិ៍កំពង់ស្វាយ ក្នុងមួយយប់ចាប់ពី ៣ទៅ ៤ភូមិឡើងទៅ ទើបកម្លាំងសមត្ថកិច្ចចូលសម្រាក នៅម៉ោង ១២ ឬម៉ោង ១យប់។ ការចុះល្បាតនេះ មានអត្ថប្រយោជន៍ច្រើន ព្រោះកម្លាំងប៉ុស្ដិ៍ អាចគ្រប់គ្រងពីស្ថានភាពក្នុងឃុំបាន និងដឹងពីសកម្មភាពរបស់ក្មេងស្ទាវដើរលេងផ្ដេសផ្ដាសពេលយប់ទៀតផង។ ម្យ៉ាងទៀត ប្រជាពលរដ្ឋឃើញកម្លាំងសមត្ថកិច្ចចុះល្បាតជារៀងរាល់ថ្ងៃ ពួកគេមានភាពកក់ក្ដៅច្រើន។
មេប៉ុស្ដិ៍រូបនេះ បានបន្ថែមថា កន្លងមកធា្លប់បានដាក់ស្នើសុំកម្លាំងបន្ថែមទៅស្នងការដែរ ប៉ុន្តែពុំទាន់បានកម្លាំងនោះទេ ព្រោះខាងស្នងការជាអ្នករៀបចំ។ លោកសង្ឃឹមថាប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយនឹងទទួលបានកម្លាំងបន្ថែមឆាប់ៗនេះ ដើម្បីចូលរួមឱ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការការពារសុវត្ថិភាពជូនពលរដ្ឋ៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
ល្បែងស៊ីសង
ប៉ាង ម៉េង
ភូមិឃុំមានសុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com