កីឡាអន្តរជាតិ
អន្តរជាតិ
អ្នករៀបចំ ៖ ​អនាគតក្របខណ្ឌ European Super League អាចមាន ៨០ក្រុមចូលរួម
12, Feb 2023 , 7:29 pm        
រូបភាព
រូបភាពពីទីភ្នាក់ងារ Reuters
រូបភាពពីទីភ្នាក់ងារ Reuters
អនាគតនៃក្របខណ្ឌកំពូលថ្មីមួយនៅអឺរ៉ុប European Super League អាចនឹងមានក្រុមចូលរួមច្រើនដល់ទៅជាង ៨០ក្រុម។ នេះបើតាមលោក Bernd Reichart នាយកប្រតិបត្តិនៃក្រុមហ៊ុន A22 Sports Management ដែលជាម្ចាស់ឧបត្ថម្ភធំសម្រាប់ការបង្កើតក្របខណ្ឌបាល់ទាត់ បំបែកខ្លួនចេញពីក្របខណ្ឌកំពូលអឺរ៉ុប UEFA ។


 
សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៩ ខែកុម្ភៈ បានបង្ហាញពីលទ្ធផលពិភាក្សានៃក្រុមហ៊ុន A22 ដោយបានបញ្ជាក់ថា យ៉ាងហោចមានក្លិបបាល់ទាត់នៅអឺរ៉ុបជាង ៥០​ និងម្ចាស់ភាគហ៊ុននៃបាល់ទាត់ជាច្រើន មានបំណងចូលរួមពានរង្វាន់ថ្មីនេះ។ 
 
«ភាគច្រើននៃពួកគេបានចែករំលែកការវាយតម្លៃមូលដ្ឋានគ្រឹះនៃបាល់ទាត់អឺរ៉ុបកំពុងស្ថិតក្នុងការគំរាមកំហែង ហើយវាដល់ពេលសម្រាប់ផ្លាស់ប្តូរហើយ។ មតិក្លិបជាច្រើនបានស្នើឱ្យបើកក្របខណ្ឌ European Football League នេះ ដោយពឹងផ្អែកលើគុណសម្បត្តិកីឡា ពហុផ្នែកជាច្រើន ហើយមានក្លិបពី ៦០ ទៅ៨០ និងទទួលបានចំនួនប្រកួត ១៤លើកនៅអឺរ៉ុបជាអប្បបរមាដែលមានការធានាដល់ក្លិបនីមួយៗ។»។ ​នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន A22។ 
 
​A22 ក៏បានអះអាងបន្ថែមថា គោលបំណងនៃពានរង្វាន់ថ្មីនេះ មានគោលការណ៍ចំនួន ១០ ដែលនឹងកើតចេញពីកិច្ចពិភាក្សា ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវការប្រកួតប្រជែងឱ្យមាននិរន្តរភាពហិរញ្ញវត្ថុ និងបទពិសោធន៍ថ្មីសម្រាប់អ្នកគាំទ្រ។
 
កាលពីខែឧសភា ឆ្នាំ ២០២១ ក្លិបបាល់ទាត់យក្សតំបន់អឺរ៉ុបចំនួន ១២ ក្នុងនោះមាន Real Madrid, Barcelona, Juventus, Manchester United ក្នុងចំណោមក្រុមចំនួន ៨ផ្សេងទៀត បានប្រកាសបំបែកខ្លួនចេញពីក្របខណ្ឌកំពូលអឺរ៉ុបបច្ចុប្បន្ន UEFA Champions League។ 
 
តែការចាកចេញមិនបានសម្រេចឡើយ ពោលគឺមិនដល់ ៤៨ម៉ោងផង អ្នកគាំទ្របាល់ទាត់ស្ទើរពេញមួយពិភពលោក ក៏ដូចជារដ្ឋាភិបាលជាច្រើន និងកីឡាករបានរិះគន់លើរឿងនេះ។ 
 
រងការរិះគន់ខ្លាំងក្លិបធំៗ Manchester United, Liverpool, Manchester City, Chelsea, Tottenham Hotspur, Arsenal, AC Milan, Inter Milan និង Atletico Madrid បានដកខ្លួនចេញវិញ។ Real Madrid, Barcelona និង Juventus នៅតែបន្តបំណងចង់បង្កើតពានរង្វាន់ថ្មីនេះ។
 
យ៉ាងណាមិញការប្រកាសកាលឆ្នាំ ២០២១ នោះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប UEFA ក៏ដូចជា FIFA បានប្តឹងទៅកាន់តុលាការ ចំពោះការបង្កើតពានរង្វាន់ថ្មីនេះ ​ដើម្បីរារាំងកុំឱ្យមានក្លិប ក៏ដូចជាកីឡាករចាកចេញពីច្បាប់នៃការប្រកួតប្រជែងក្នុងតំបន់អឺរ៉ុប៕
 

Tag:
 European Super League
© រក្សាសិទ្ធិដោយ thmeythmey.com