អន្តរជាតិ
អ្នកស្លាប់ក្នុងការរញ្ជួយដីនៅតួកគីនិងស៊ីរីមានជិត៣ម៉ឺននាក់ ខណៈមន្រ្តី UN ថា អាចកើនទ្វេដងទៀត
12, Feb 2023 , 3:09 pm        
រូបភាព
អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរីកើនលើស២៨០០០នាក់ហើយនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ខណៈដែលប្រតិបត្តិការជួយសង្រ្គោះនៅបន្ត។ មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជំនួយ Martin Griffiths ព្រមានថា ចំនួនអ្នកស្លាប់អាចមានដល់៥ម៉ឺននាក់ឯណោះ។

 
លោក Martin Griffiths ទៅដល់ទីក្រុង Kahramanmaras នៅភាគខាងត្បូងតួកគីដែលជាចំណុចកណ្ដាលនៃការរញ្ជួយដីលើកទីមួយកម្រិត៧,៨រ៉ិចទ័រដែលវាយប្រហារនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ។ ប្រហែលមួយម៉ោងបន្ទាប់ រញ្ជួយដីកម្រិត៧,៥រ៉ិចទ័រមួយទៀត ក៏វាយប្រហារតួកគី ហើយធ្វើឱ្យប៉ះពាល់ដល់ប្រជាជនស៊ីរីក្បែរខាងថែមទៀត។
 
បើតាមទិន្នន័យពីក្រុមគ្រូពេទ្យ និងអ្នកសង្រ្គោះ តួកគីមានអ្នកស្លាប់២៤៦១៧នាក់ ឯស៊ីរីមាន៣៥៧៤នាក់ដែរ។ 
 
ប៉ុន្តែលោក Griffiths ប្រាប់ទូរទស្សន៍ Sky News ថា​ វាជារឿងពិបាកក្នុងការប៉ាន់ស្មានចំនួនឱ្យត្រឹមត្រូវ ព្រោះត្រូវចូលរុករកក្រោមបំណែកអាគារបែកបាក់តែម្ដង។ លោកអះអាងថា ចំនួននឹងកើនទ្វេដង ឬច្រើនជាងនេះថែមទៀត។
 
បុគ្គលិកជួយសង្រ្គោះរាប់ពាន់នាក់ កំពុងបំពេញការងារយ៉ាងញាប់ដៃញាប់ជើងដើម្បីរុករកអ្នករស់រានមានជីវិតទាំងដែលអាកាសធាតុត្រជាក់នៅអូសបន្លាយនៅឡើយ។ ក្រុមជួយសង្រ្គោះបរទេស ក៏កំពុងជួយតួកគីក្នុងការស្វែងរកជនរងគ្រោះដែរ​ ខណៈជំនួយកំពុងទៅដល់ទាំងតួកគី និងស៊ីរី៕

Tag:
 តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com