ជាតិ
ជំរឿន៖ បឹងព្រែកល្ពៅ និងអន្លង់ព្រីង មានទាព្រៃក្បាលឆ្នូតស និងសត្វខ្វែកសមុទ្រកន្ទុយខ្មៅច្រើនជាងគេ
12, Feb 2023 , 7:59 pm        
រូបភាព
ទាព្រៃក្បាលឆ្នូតសមានចំនួនច្រើនបំផុត នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅពេលជំរឿនសត្វស្លាបអាស៊ីឆ្នាំ២០២៣
ទាព្រៃក្បាលឆ្នូតសមានចំនួនច្រើនបំផុត នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅពេលជំរឿនសត្វស្លាបអាស៊ីឆ្នាំ២០២៣
ដោយ:
ភ្នំពេញ៖ ជំរឿនសត្វស្លាបអាស៊ីឆ្នាំ២០២៣ បានបង្ហាញថា នៅបឹងព្រែកល្ពៅ និងអន្លង់ព្រីង មានទេសន្តរ​ប្រវេសន៍ពីរប្រភេទរួមមាន ទាព្រៃក្បាលឆ្នូតស និងសត្វខ្វែកសមុទ្រកន្ទុយខ្មៅ មានចំនួនច្រើនជាងគេ។ ជាមួយគ្នានេះ នៅដើមឆ្នាំ២០២៣ ក្រុមឧទ្យានុរក្សតំបន់ទាំងពីរខាងលើបាន​កត់ត្រាសត្វស្លាបអាស៊ី៩១ ប្រភេទនៅបឹងព្រែកល្ពៅ និង៣៤ប្រភេទនៅតំបន់ការពារអន្លង់ព្រីង។

 
លោក លី សម្ភ័ស អ្នកសម្របសម្រួលគម្រោងដីសើមមេគង្គក្រោមរបស់អង្គការជីវិតសត្វស្លាប បានលើកឡើងថា ​ចំនួនសត្វជំរឿន និងកត់ត្រាក្នុងឆ្នាំនេះ មិនសូវខុសគ្នាប៉ុន្មានពីឆ្នាំមុននោះឡើយ។ លោកបន្ថែមថា ចំនួនដែលកត់ត្រា​បាននៅតំបន់នីមួយៗអាចខុសគ្នាបន្តិច ដោយសារក្នុងអំឡុងពេលចុះធ្វើជំរឿន ទឹកនៅជ្រៅ​ បណ្ដាលឱ្យសត្វខ្លះមិនទាន់ចុះតាមទីតាំង។ 


រូបភាពដោយ៖ SocheatNatureLife Cambodia

លោក សម្ភ័ស បញ្ជាក់៖ « ជំរឿនសត្វស្លាបអាស៊ីធ្វើនៅថ្ងៃទី៧ ដល់ទី២២ ខែមករា។ អំឡុងពេលនេះ ក្រុមការងារបានកត់ត្រាសត្វ​នៅតាមតំបន់នីមួយ។ ក្នុងនោះយើងមិនបានអង្កេតឱ្យស៊ីជម្រៅ​ថា សត្វណាខ្លះនឹងនៅតំបន់នោះរយៈប៉ុន្មាននោះទេ គ្រាន់តែរាប់ចំនួនពួកវាឱ្យដឹង និងកត់ត្រាប៉ុណ្ណោះ»។ 
  

ខ្វែកសមុទ្រកន្ទុយខ្មៅ។ រូបភាពដោយ៖ SocheatNatureLife Cambodia

ទន្ទឹមនេះលោកបានប្រាប់ដូច្នេះ ក្នុងរដូវកាលជំរឿនក្នុងឆ្នាំ២០២៣នេះ សត្វទេសន្តប្រវេសន៍ដែលកត់ត្រាបានច្រើនរួមមាន សត្វទាព្រៃក្បាលឆ្នូតស ជិត៣០០០ក្បាល នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងខ្វែកសមុទ្រកន្ទុយខ្មៅ ប្រមាណជាង៥០០ក្បាល នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង។ ក្រៅពីនេះ សត្វដែលពងកូននៅក្នុងតំបន់មានចំនួនច្រើនគឺសត្វចង្កៀលខ្យង មានចំនួន ជាង១០០០ក្បាល នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
 

ទាព្រៃក្បាលឆ្នូតស។ រូបភាពដោយ៖ SocheatNatureLife Cambodia

សូមបញ្ជាក់ថា នៅឆ្នាំ២០២២កន្លងទៅ អង្គការ BirdLife និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បានធ្វើជំរឿនលើសត្វស្លាបទឹកអាស៊ី នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង ដែលសរុបចំនួនទាំងអស់មាន១៣០ប្រភេទ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ​មានសត្វស្លាបអាស៊ីចំនួន ៧៨ប្រភេទ ចំណែកតំបន់ការពារទេសភាពអន្លង់ព្រីងមានចំនួន ៥២ប្រភេទ៕


 សត្វចង្កៀលខ្យង។ រូបភាពដោយ៖ SocheatNatureLife Cambodia
 
 

Tag:
 សត្វស្លាបអាស៊ី
  បឹងព្រែកល្ពៅ
  អន្លង់ព្រីង
© រក្សាសិទ្ធិដោយ thmeythmey.com