ជាតិ
ពលរដ្ឋនៅស្រុកស្វាយលើ ជិត២ពាន់នាក់ ទទួលសេវាសុខាភិបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី
12, Feb 2023 , 3:39 pm        
រូបភាព
សកម្មភាពពិនិត្យ និងព្យាបាលពលរដ្ឋក្នុងស្រុកស្វាយលើ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំខេត្តសៀមរាប
សកម្មភាពពិនិត្យ និងព្យាបាលពលរដ្ឋក្នុងស្រុកស្វាយលើ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំខេត្តសៀមរាប
សៀមរាប៖ ប្រជាពលរដ្ឋរស់នៅតំបន់ជនបទដាច់ស្រយាលនៃស្រុកបន្ទាយស្រីប្រមាណជិត​២ពាន់នាក់ បានទៅទទួលសេវាសុខាភិបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ដែលបានចុះទៅដល់មូលដ្ឋាន។

 
លោកយាយ ផាន់ ឃុត អាយុ៧០ឆ្នាំ មានអាការៈឈឺដៃចំនួនចំហៀង។ លោកយាយ មានអាការៈមិនស្រួលមួយខែមកហើយ និងមិនទាន់បានទៅព្យាបាលនៅមន្ទីរពេទ្យណាទេ ដោយសារពុំមាន ថវិកា។ បន្ទាប់ពីដឹងដំណឹងក្រុមគ្រូពេទ្យចុះមកមើលជំងឺដល់អ្នកភូមិដោយឥតគិតថ្លៃ ស្រ្តីវ័យ ៧០ឆ្នាំរូបនេះ បានក្រោកពីព្រលឹម ដើម្បីស្កាត់មកជួបគ្រូពេទ្យ។ 
 


អ្នកភូមិត្រពាំងខ្នារូបនេះ រីករាយដោយមានក្រុមគ្រូពេទ្យចុះទៅដល់មូលដ្ឋាន និងមាន ឯកទេសច្រើនផ្នែក សម្រាប់ការព្យាបាលដល់អ្នកភូមិ ដែលមានជីវភាពខ្វះខាត។ 
 
វ័យ៧០ឆ្នាំដែរ គឺលោក ផាត់ សារ៉េន កំពុងកាន់ក្រដាសឈ្មោះ និងលទ្ធផលតេស្តឈាមដែល ត្រៀមចូលជួបពេទ្យជំនាញ បាននិយាយថា លោកមានអាការៈឈឺច្រើនមុខណាស់ និងព្យាបាលច្រើនឆ្នាំមកហើយ ហាក់មិនធូរស្រាលសោះ។ លោក សារ៉េន ប្រាប់ថា៖« ឈឺ ក្រពះពោះវៀន ឬសដូងបាត ដុំពកក្បាល ងងឹកភ្នែកផង ឈឺ៤ឆ្នាំហើយ ធ្លាប់ទៅពេទ្យបង្អែកស្រុក ពេទ្យមណ្ឌលដែរ តែមិនជា»។ 
 


ជាកសិករប្រើកម្លាំងច្រើនពេលនៅក្មេង លោកតា សារ៉េន រៀបរាប់បន្ថែមថា ជំងឺទាំងនោះធ្វើឱ្យ លោកតាពិបាកក្នុងខ្លួន ហើយយប់ឡើងសម្រាន្តមិនសូវលក់ទេ។ ច្រើនឆ្នាំមកនេះ លោកតា បានចំណាយថវិកាច្រើនសម្រាប់ព្យាបាលខ្លួន។
 
អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ ក្នុងពិធីបើកការចុះព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី នៅបរិវេណវិទ្យាល័យស្វាយលើ នាថ្ងៃទី១២ កុម្ភៈ ថា សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្លាំងទាក់ទងនឹងបញ្ហាសុខភាពនៅតាម​មូលដ្ឋាន និងដាច់ស្រយាល។ 
 


លោក ប្រាកដ បន្ថែមថា វិស័យសុខាភិបាលខេត្តសៀមរាប ជាវិស័យអាទិភាព ដែលថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់ខ្ពស់។ បច្ចុប្បន្ននេះ ខេត្តសៀមរាបមានមណ្ឌលសុខភាពរហូតដល់៩៣ មន្ទីរពេទ្យបង្អែកចំនួន៥ និងពេទ្យស្រុកប្រតិបត្តិចំនួន៤ ដែលមណ្ឌលសុខភាពទាំងអស់​បើកទ្វារផ្តល់សេវាសុខាភិបាលដល់ពលរដ្ឋ២៤ម៉ោង។
 
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងជាប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី លើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលសកម្មភាពមនុស្សនេះចុះធ្វើនៅ​តាមមូលដ្ឋាន។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានពាំនាំនូវសេវាច្រើនផ្នែកសម្រាប់បំពេញតម្រូវការពលរដ្ឋ ក្នុងមូលដ្ឋាន ដោយមានទាំងសេវាទូទៅ ភ្នែក ចែកវែនតា ថតឆ្លុះ ដកធ្មេញ មើលឈាម អេកូ រោគស្រ្តី បេះដូង និងវ៉ាក់សាំងកូវីដ១៩។ល។
 


រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក សេង ផាលី លើកឡើងថា គ្រូពេទ្យដែលចុះមកពិនិត្យព្យាបាលជំងឺដល់ពលរដ្ឋនៅពេលនេះ គឺសុទ្ធសឹង​គ្រូពេទ្យ​ដែលមានឯកទេសត្រឹមត្រូវ និងមានវិជ្ជាជីវៈខ្ពស់។ លោកបន្តថា នេះជាសកម្មភាព​មនុស្សធម៌សុទ្ធសាធ ដែលបង្ហាញពីស្មារតីគិតគូរពីសុខភាពសាធារណ ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ដល់ពលរដ្ឋគ្រប់រូប។ លោកបន្ថែមថា ការពិនិត្យ និងព្យាបាលជំងឺនៅស្រុក ស្វាយលើនៅពេលនេះ ចាប់ផ្តើមពីព្រឹក រហូតដល់ម៉ោង៤រសៀល៕


 
 
 
 
 
 
 
  
 

Tag:
 សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com