ជាតិ
សេដ្ឋកិច្ច
គម្រោងរោងចក្រ១១កន្លែងទៀត ត្រូវបានអនុម័ត ដែលផ្តល់ការងារឱ្យពលរដ្ឋជាង ១ម៉ឺននាក់
12, Feb 2023 , 4:09 pm        
រូបភាព
អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)
អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) សម្រេចអនុម័តឱ្យក្រុមហ៊ុនចំនួន១១ទៀត បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, កាបូប,​ ស្បែកជើង ជាដើម នៅកម្ពុជា។ រោងចក្រទាំងនេះ អាចបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បានប្រមាណ ១,១ម៉ឺននាក់។​

បើតាមCDC ក្រុមហ៊ុនថ្មីទាំង១១ដែលទទួលបានអនុញ្ញាតឱ្យបង្កើតរោងចក្រនោះ មានទុនវិនិយោគសរុប៥៧,៣លានដុល្លារអាម៉េរិក។ ​ក្នុងនោះ​មានក្រុមហ៊ុន​ TIENS TEXTILE (CAMBODIA) CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះ ក្រោមទុន៦,៤លានដុល្លារ។ គម្រោងរោងចក្រនេះ មានទីតាំងនៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបាន៥៣១កន្លែង។​ សម្រាប់ម្តុំទីតាំងនេះក្រុមហ៊ុន ALL WIN SHOES (CAMBODIA) CO., LTD ក៏បង្កើតរោងចក្រផលិតស្បែកជើង ដែលបង្កើតការងារបាន ១​ ៤៧៨កន្លែង ផងដែរ។ នេះបើតាមការចុះផ្សាយរបស់CDC នៅថ្ងៃទី៩កុម្ភៈ។​
 
សម្រាប់ក្រុមហ៊ុន PRECISION GARMENT & BAG INDUSTRIES CO., LTD គឺបង្កើតរោងចក្រផលិតកាបូប កាត់ដេរសម្លៀកបំពាក់ ខ្សែកាត ម៉ាស និងអៀម នៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ តាមរយៈរោងចក្រនេះ អាចបង្កើតការងារពលរដ្ឋបាន១ ២៦៣កន្លែង។ ក្រុមហ៊ុន JUNGKWANG EVERGREEN GARMENT CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ រោងចក្រនេះ អាចបង្កើតការងារបានចំនួន ២ ៦១០កន្លែង។
 
ជាមួយគ្នានេះ CDC ក៏សម្រេចឱ្យក្រុមហ៊ុន​FUNDAY GARMENT CO., LTDបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ផងដែរ។រោងចក្រនេះអាចបង្កើតការងារបាន​ ២ ០៤៧កន្លែង ខណៈរោងចក្ររបស់ក្រុមហ៊ុនHANWANGDA BAGS (CAMBODIA) CO., LTD នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏អាចបង្កើតការងារបានចំនួន ២ ១៣៥កន្លែង ផងដែរ។​
 
សម្រាប់រោងចក្រផលិតកាបូបគ្រប់ប្រភេទនៅស្រុកគង់ពិសី របស់ក្រុមហ៊ុន EVERICH OUTDOOR PRODUCTS (CAMBODIA) CO., LTD គឺអាចបង្កើតការងារបាន៧៩៨កន្លែង។ ចំនួននេះ គឺដូចគ្នាតៅនឹងរោចក្រផលិតគ្រឿងបន្សំស្បែកជើង របស់ក្រុមហ៊ុន BRIGHT LUCKY ENTERPRISE (CAMBODIA) CO., LTD ដែលស្ថិតនៅភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក្រុមហ៊ុន HESTRA (CAMBODIA) CO., LTD. គ្រោងបង្កើតរោងចក្រផលិតសម្ភារកីឡាធ្វើពីស្បែក និងក្រណាត់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែកអាចបង្កើតការងារបាន ២០០កន្លែង ផងដែរ។
 
ក្រៅពីនេះ ក៏មានក្រុមហ៊ុនចំនួន ត្រូវបានCDCឱ្យបង្កើតរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ដែរ។ ក្នុងនោះមាន ក្រុមហ៊ុន​ ONTIME INDUSTRIAL CO., LTD. បង្កើតរោងចក្រផលិតគ្រឿងបង្គុំនៃគ្រឿងសង្ហារិមធ្វើពីលោហៈធាតុ និង ក្រុមហ៊ុនTHREE-COLOR STONE STATIONERY (CAMBODIA) CO., LTD បង្កើតរោងចក្រផលិតសម្ភារៈការិយាល័យ (ក្រូណូដាក់ឯកសារ)។ ក្រុមហ៊ុនទាំង២នេះ អាចបង្កើតការងារឱ្យពលរដ្ឋបានប្រមាណ៨៥០នាក់ ផងដែរ៕

Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com