ភ្នំពេញ៖ ពលរដ្ឋងាយរងគ្រោះ៩០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ នឹងទទួលផលពីគម្រោង «លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុ»។ គម្រោងនេះ នឹងជំរុញកំណើននៃចំណូលគ្រួសារងាយរងគ្រោះ តាមរយៈការផ្សាភ្ជាប់ទីផ្សារ និងសម្របសម្រួលដំណើរការក្រុមសហគមន៍កសិកម្ម។
នៅឆ្នាំ ២០២២ ពលរដ្ឋជាង១៧ម៉ឺនគ្រួសារ នៅបណ្ដាខេត្តក្រុងចំនួន១៤ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត។ ក្នុងនោះ បន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមខេត្តទាំង១៤ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ហើយបានជិះឥទ្ធិពលដល់ពលរដ្ឋជាង៤ម៉ឺនគ្រួសារ និងកុមារជាង២ម៉ឺននាក់។
យោងតាមរបាយការណ៍កម្មវិធីស្បៀងអាហារពិភពលោក រយៈពេល២ ឆ្នាំចុងក្រោយនេះ មុខម្ហូបសំខាន់ៗ ដែលត្រូវប្រើប្រាស់សម្រាប់ការហូបចុកជាប្រចាំ បានកើនឡើងពី ១៧ដល់៤២ ភាគរយ។ លើសពីនេះ ជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសង្គម ជាពិសេស ប៉ះពាល់ដល់មុខរបរ និងសុខភាព ពលរដ្ឋងាយរងគ្រោះ។
ដោយមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសអាឡឺម៉ង់ (BMZ) តាមរយៈអង្គការទស្សនៈពិភពលោកអាឡឺម៉ង់, អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា, អង្គការវឌ្ឍនភាព និងអង្គការសុវណ្ណភូមិ បានរួមគ្នាអនុវត្តគម្រោង «លើកកម្ពស់សន្តិសុខស្បៀង និងការបន្ស៉ាំការប្រែប្រួលអាកាសធាតុរបស់គ្រួសារងាយរងគ្រោះ» ក្នុងស្រុកចំនួន៤ នៅខេត្តបន្ទាយមានជ័យ ដូចជា ស្រុកភ្នំស្រុក ព្រះនេត្រព្រះ មង្គលបុរី និងថ្មពួក។ គម្រោងនេះ មានរយៈពេល២ឆ្នាំ ដោយចាប់ផ្ដើមអនុវត្តនៅខែធ្នូ ឆ្នាំ២០២២ ដល់នៅខែឧសភា ឆ្នាំ២០២៥ ដោយរំពឹង ពលរដ្ឋ ៩០០គ្រួសារ សហគមកសិកម្មចំនួន១៦ និងមណ្ឌលសុខភាព៥១ ទទួលបានផលពីគម្រោងមួយនេះ។
លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានលើកឡើងថា គម្រោង «លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុ» នឹងផ្ដល់ភាពវិជ្ជមានដល់គ្រួសារងាយរងគ្រោះ តាមរយៈការចាប់ផ្ដើមពីផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថរបស់ពួកគេ ហើយលើកទឹកចិត្តឱ្យមានការចូលរួមពង្រឹងសមត្ថភាពបច្ចេកទេស និងសកម្មភាពផ្សេងៗ។
គម្រោង ក៏គាំទ្រដល់កំណើននៃចំណូលរបស់គ្រួសារងាយរងគ្រោះ តាមរយៈការផ្សាភ្ជាប់ទីផ្សារ និងសម្របសម្រួលដំណើរការក្រុមសហគមន៍កសិកម្ម ដែលនឹងផ្ដល់ផលបន្តដល់កុមារ ទាំងលើការសិក្សារៀនសូត្រ និងសុខភាព។
លោក ថ្លែងដូច្នេះថា៖«គម្រោងក៏គាំទ្រ និងជំរុញឱ្យមានកំណើននៃចំណូលរបស់គ្រួសារងាយរងគ្រោះ តាមរយៈការផ្សាភ្ជាប់ទីផ្សារ និងសម្របសម្រួលដំណើរការនៃក្រុមសហគមន៍កសិកម្ម។ គម្រោងនេះ នឹងផ្ដល់ផ្ដល់ផលទៅដល់ជីវិតរបស់កុមារងាយរងគ្រោះជាច្រើន ព្រោះការរីកចម្រើនសមត្ថភាពការងារ និងភាពនឹងនរនៃចំណូលរបស់ម្ដាយឪពុកពួកគេ អាចបង្កើតបរិយាកាសលូតលាស់ល្អមួយដល់កុមារ ទាំងលើការសិក្សារៀនសូត្រ និងសុខភាព»។
នាយកប្រតិបត្តិអង្គការសុវណ្ណភូមិ លោក សុខ ហេង ការផ្ចុងផ្ដើមនៅពេលនេះ នឹងផ្តល់លទ្ធភាពដល់អង្គការសុវណ្ណភូមិ ក្នុងការធ្វើការជាមួយសហគន៍ ក្រោមការសហការណ៍ពីអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវចំណេះជំនាញដល់សហគមន៍ទាំង អាហារូបត្ថម្ភ និងវិធីសាស្រ្តកសិកម្ម។
អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក សាយ អឹង កត់សម្គាល់ថា ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតបទៅនឹងគោលនយោបាយជាអាទិភាពរបស់រដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ធន់នឹងភាពងាយរងគ្រោះវិបត្តិ និងបញ្ហាផ្សេងៗ ជាពិសេសជួយកាត់បន្ថយផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ។
លោក ថ្លែងដូច្នេះថា៖«សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍមូលធន មនុស្ស សេដ្ឋកិច្ច ភាពចម្រុងចម្រើននៃសង្គមជាតិ និងសមធម៌សង្គម។ យើងស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការ និងចូលរួមជាមួយក្រុមប្រឹក្សាស្តារអភីវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីរួមគ្នា បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបាននូវសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចិរភាពនៅកម្ពុជា»៕