កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡារាំ៖កម្ពុជាដកវិញ្ញាសាLatin dance និងStandard dance ពីស៊ីហ្គេម២០២៣ សកម្មភាពអត្តពលិកកីឡារាំជម្រើសជាតិកម្ពុជា ហ្វឹកហាត់ក្នុងសាលហ្វឹកហ្វឺនកីឡារាំកម្ពុជា។
× លោក ស៊ូវ តុង នាយកបច្ចេកទេសសហព័ន្ធកីឡារាំកម្ពុជា ថាការដកវិញ្ញាសា Latin dance និងStandard dance ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ នោះក៏ព្រោះសហព័ន្ធកីឡារាំអន្តរជាតិ បដិសេធចំពោះការកំណត់អាយុរបស់សហព័ន្ធកីឡារាំកម្ពុជា។
«យើងបានលុបចោលវិញ្ញាសា Latin dance និងStandard dance ហើយទុកតែវិញ្ញាសា Breakdance»។ លោក ស៊ូវ តុង ផ្តល់បទសម្ភាសផ្ទាល់ដល់សារព័ត៌មានថ្មីៗដូច្នេះ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នាសាលហ្វឹកហ្វឺនកីឡារាំ ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក ស៊ូវ តុង បន្តថា មូលហេតុដែលសហព័ន្ធកីឡារាំកម្ពុជាដកវិញ្ញាសា Latin dance និងStandard dance ពីការប្រកួតស៊ីហ្គេមលើកទី៣២ ព្រោះការស្នើរសុំកំណត់អាយុអត្តពលិកចូលរួមប្រកួត ត្រូវបានសហព័ន្ធកីឡារាំអន្តរជាតិបដិសេធ។
«យើងមិនអាចប្រកួតជាមួយគេមានអាយុច្រើន មានបទពិសោធ ដប់ម្ភៃឆ្នាំមកហើយ យើងទើបបង្កើតថ្មីៗ»។ លោក ស៊ូវ តុង នាយបច្ចេកទេសសហព័ន្ធកីឡារាំកម្ពុជា និយាយដូច្នេះ។
ក្រុមកីឡារាំ វិញ្ញាសា Breakdance ដែលមានកីឡាករ៣រូប និងកីឡាការិនីមួយរូប បានចេញទៅ ប្រទេសជប៉ុនកាលពីចុងខែមករា ដើម្បីហ្វឹកហាត់នៅទីនោះរយៈពេល៣ខែ។
គួរបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជា បង្កើតឡើងនៅឆ្នាំ២០១៥ ។ កីឡានេះ ធ្លាប់បានចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម នៅឆ្នាំ២០២២ និងបានចូលរួមប្រកួតកីឡារាំ WDFS Super Star Championship 2022 នៅប្រទេសវៀតណាម ដោយទទួលបានមេដាយមាស៤ ប្រាក់១០ និងសំរឹទ្ធ៣៕
Tag:
កីឡារាំ
ស៊ូវ តុង
ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com