ជាតិ
ក្រសួងបរិស្ថានដាំផ្កាឈូករ័ត្ន២ហិកតា ដើម្បីប្រយោជន៍ធនធានធម្មជាតិ និងទាក់ទាញទេសចរ
13, Feb 2023 , 8:59 am        
រូបភាព
លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កំឡុងពេលផ្តល់បទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន នៅសួនកេសរកូល សុខ អាន-ភ្នំគូលែន នាថ្ងៃទី៧ កុម្ភៈ។ រូបភាពពីក្រសួងបរិស្ថាន
លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កំឡុងពេលផ្តល់បទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន នៅសួនកេសរកូល សុខ អាន-ភ្នំគូលែន នាថ្ងៃទី៧ កុម្ភៈ។ រូបភាពពីក្រសួងបរិស្ថាន
សៀមរាប៖ ក្រសួងបរិស្ថាន បានដាំផ្កាឈូករ័ត្នប្រមាណ២ហិកតា នៅបរិវេណមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិរក្សសួនកេសរកូល សុខអាន ភ្នំគូលែន។ អ្នកជំនាញប្រាប់ថា ឈូករ័ត្នមាន អត្ថប្រយោជន៍ច្រើនដល់ធនធានធម្មជាតិ និងមានភាពទាក់ទាញដល់ភ្ញៀវទេសចរ។

 
អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សសួនកេសរកូល សុខអាន ភ្នំគូលែន លោកស្រី ចាន់ សុម៉ាលី ប្រាប់ថា ផ្កាឈូករ័ត្នមានផ្កាធំៗ ដែលទាក់ទាញ អ្នកទស្សនា សម្បូរលម្អងផ្កាដែលទាក់ទាញពពួកសត្វល្អិត ពិសេសឃ្មុំ និងមួយទៀតគ្រាប់របស់វា សម្បូរដោយវីតាមីន ប្រូតេអ៊ីនច្រើនសម្រាប់ព្យាបាលជំងឺ។ 
 

សួនផ្កាឈូករ័ត្ននៅបរិវេណមជ្ឈមណ្ឌលសួនកេសរកូល សុខ អាន-ភ្នំគូលែន។ រូបភាពពីក្រសួងបរិស្ថាន
 
លោកស្រី ចាន់ សុម៉ាលី បន្តថា ក្នុងទស្សនវិស័យរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺចង់ឃើញ​ប្រជាពលរដ្ឋដាំផ្កាឈូករ័ត្ននៅតាមផ្ទះ និងមានគ្រាប់ផ្កានេះ ហូបជាអាហារសម្រាប់បំប៉នសុខភាព ព្រោះជារុក្ខជាតិងាយដាំ។
 
ក្នុងការដាំសាកល្បងនេះ ក្រសួងបរិស្ថានបានដាំផ្កាឈូករ័ត្ន ក្នុងទំហំផ្ទៃដី២ហិកតា។ លោកស្រី សុម៉ាលី ពន្យល់ថា ផ្កានេះត្រូវបានដាំដោយបច្ចេកទេស មានលក្ខណៈចន្លោះគ្នា​ដោយដាំមានរាងជាអក្សរ«គូលែន»។
 
គួររំឭកថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សសួនកេសរកូល សុខអាន ភ្នំគូលែន បង្កើតឡើង នៅឆ្នាំ២០១៩ ក្នុងបំណងសំខាន់ដើម្បីការសិក្សាស្រាវជ្រាវ និងអភិរក្សពូជកេសរកូលព្រៃ និងរុក្ខជាតិនានាក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលនេះ បង្កើតឡើងក្នុងបំណងដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ចសហគមន៍ផងដែរ ដោយផ្សារភ្ជាប់រវាងការអភិរក្សធនធានធម្មជាតិ និងសេដ្ឋកិច្ចពលរដ្ឋ៕​
 
 

Tag:
 ផ្កាឈូករ័ត្ន
  សួនកេសរកូល
© រក្សាសិទ្ធិដោយ thmeythmey.com