ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សញ្ញា​បញ្ជាក់ថា អ្នក​កំពុងតែ​ខ្វះ​វីតាមីន B12 ក្នុង​ខ្លួន​ហើយ​
13, Feb 2023 , 10:59 pm        
រូបភាព
វីតាមីន B12 គឺជា​វីតាមីន B ដ៏​សំខាន់​មួយ ដែល​គេ​ស្គាល់​ឈ្មោះ​វា​ម្យ៉ាងទៀត​ថា Cobalamin ហើយ​មាន​សារៈសំខាន់ ក្នុង​ការថែរក្សា​ថាមពល​ក្នុង​ខ្លួន សុខភាព​សាច់ដុំ សរសៃឈាម សរសៃប្រសាទ និង​ខួរក្បាល​។ ខាងក្រោម​នេះ គឺជា​អាការៈ​មួយចំនួន ដែល​កំពុង​តែ​ប្រាប់​អ្នក រាងកាយ​មិន​មាន​វីតាមីន B12 ក្នុង​ខ្លួន​គ្រប់គ្រាន់​ឡើយ​។​

 
​កង្វះ​គ្រាប់​ឈាម​តិចតួច​
​រោគសញ្ញា​នៃ​ការ​កង្វះ​វីតាមីន B12 ដ៏​ញឹកញាប់​បំផុត​នោះ គឺ​កង្វះ​គ្រាប់​ត​ឈាម​តិចតួច នេះ​ដោយសារ​តែ​វីតាមីន​មួយ​នេះ មាន​នាទី​ក្នុង​បង្កើន​គ្រាប់​ឈាម​។ បើសិន​ជា​អ្នក​មិនមាន ជីវជាតិ​មួយ​នេះ​គ្រប់គ្រាន់​ទេ កោសិកា​គ្រាប់​ឈាមក្រហម​នឹង​ថយចុះ​។
ញ័រ​ទ្រូង និង​ពិបាក​ដកដង្ហើម​
​ដោយសារ​តែ​កង្វះ​គ្រាប់​ឈាម​តិចតួច ដោយសារ​តែ​ញ៉ាំ​វីតាមីន B12 មិន​គ្រប់គ្រាន់​រាល់ថ្ងៃ អ្នក​ទំនងជា​អាច​ងាយ នឹង​មាន​បញ្ហា​ញ័រ​ដើមទ្រូង​ណាស់​។ ការពិបាក​ដកដង្ហើម ក៏​ជា​អាការៈ​មួយទៀត របស់​ជំងឺ​កង្វះ​គ្រាប់​ឈាម​ដែរ​។ ការដោះស្រាយ​បញ្ហា​កង្វះ​គ្រាប់​ឈាម​បាន នឹង​ជួយ​សម្រាល​ដល់​ការ​ញ័រ​ដើមទ្រូង និង​ពិបាក​ដកដង្ហើម​នេះ​បាន​។
ផ្លូវចិត្ត​មិនល្អ​
​តើ​អ្នក​មាន​អារម្មណ៍​ថា ខ្លួនឯង​ដូច​ជា​ឆាប់​ខឹង ភាន់​ច្រឡំ និង​ភ្លេចភ្លាំង​ញឹកញាប់​ដែរ​ទេ​? រឿង​នេះ​ប្រហែលជា​អ្នក ខ្វះ​ការ​ញ៉ាំ​វីតាមីន B12 ពី​ក្នុង​របប​អាហារ​ហើយ​។ រឿង​នេះ​ច្រើនតែ​កើតឡើង ជាពិសេស លើ​មនុស្ស​ចាស់​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ​។
បាក់​ទឹកចិត្ត​
​អ្នកជំនាញ​និយាយថា កង្វះ​វីតាមីន B12 ប្រហែល​ជា​នាំ​ឲ្យ​បាក់ទឹកចិត្ត​ដែរ​។ ដោយសារ​តែ​វីតាមីន B មាន​សារៈសំខាន់ សម្រាប់​ការផលិត​សារធាតុ​គីមី​ក្នុង​ខួរក្បាល ដូច្នេះ កាលណា​ចំនួន​របស់​វា ទៅ​ជា​អតុល្យភាព​នោះ សារធាតុ​គីមី​របស់​ខួរក្បាល អាច​បង្ក​ជា​ការបាក់​ទឹក​ចិត្តបាន​។ អ្នកជំងឺ​ភ្លេចភ្លាំង និង​ខ្លាច​ច្រើន ក៏​អាច​បណ្តាល​មក ពី​កង្វះ​វីតាមីន B12 ដែរ​។
មាន​អារម្មណ៍​ថា​ឈឺ​ឈៀបៗ​
​អ្នក​ប្រហែលជា​ត្រូវ​ញ៉ាំ​អាហា​រណា ដែល​សម្បូរ​វីតាមីន B12 ច្រើន​បន្តិច បើសិន​ជា​អ្នក​ឧស្សាហ៍ មាន​អា​ការៈឈឺ​ឈៀបៗ​នៅ​ចុងដៃ និង​ជើង​។ អ្នកខ្លះ ក៏​មាន​អាការៈ​ស្ពឹកៗ ឬ​ក្រហាយៗ​ដែរ​។ វីតាមីន B12 សំខាន់​ណាស់ ក្នុង​ការបំពេញ​មុខងា​រ សរសៃប្រសាទ​កាន់តែ​ល្អ​។ កង្វះ​វីតាមីន​មួយ​នេះ អាច​បង្ក​ជា​ជំងឺសរសៃប្រសាទ ចុងដៃចុងជើង​បាន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com