ជាតិ
អន្តរជាតិ
ក្រសួងព័ត៌មានលុបអាជ្ញាបណ្ណព័ត៌មាន VOD ផ្លូវការ
13, Feb 2023 , 9:36 am        
រូបភាព
ដោយ: រួបរួម
ក្រសួងព័ត៌មាន នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ នេះ បានចេញប្រកាសលើការសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានវីអូឌី (VOD) ដោយលើកឡើងថា អង្គភាពព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មួយនេះ រំលោភលើវិជ្ជាជីវៈព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់កិត្តិយសរដ្ឋាភិបាល ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន។

 
ប្រកាសរបស់លោករដ្ឋមន្ត្រីព័ត៌មាន ខៀវ កាញ្ញារីទ្ធ ធ្វើឡើងក្រោយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តរក្សាជំហរបិទវិទ្យុវីអូឌី។ «ហេតុអ្វីមិនសូមទោសពីល្ងាច និងមកសូមទោសពេលយប់ជ្រៅ ក្រោយម៉ោង១២យប់ទៅវិញ?»។ សម្តេច ហ៊ុន សែន បានសរសេរបែបនេះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នាវេលាម៉ោង១ និង៤៥នាទីយប់ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ពោលគឺមួយម៉ោងក្រោយការបង្ហោះលិខិតសូមទោសរបស់វីអូឌី។
តាមលិខិតដែលវិទ្យុសំឡេងប្រជាធិបតេយ្យ VOD បង្ហោះលើហ្វេសប៊ុកនាវេលាម៉ោង១២ និង៤៥នាទី យប់ អ្នកស្រី ឆន សុគន្ធា នាយិកាស្តីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីផ្សព្វផ្សាយឯករាជ្យ (CCIM) បានសរសេរថា៖ «វីអូឌី ពិតជាមានការសោកស្តាយជាពន់ពេកចំពោះការផ្សាយព័ត៌មានរបស់ វីអូឌី ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលដែលមានសម្តេចជាប្រមុខដឹកនាំ»។
 
ក្នុងលិខិតដដែល វីអូឌី បានបញ្ជាក់ពីការសូមទោសទៅកាន់សម្តេច ហ៊ុន សែន ផ្ទាល់ ក៏ដូចជាលោក ហ៊ុន ម៉ាណែត ចំពោះការផ្សាយអត្ថបទព័ត៌មានខ្លួន ហើយអះអាងថា លិខិតផ្លូវការនឹងត្រូវដាក់ជូនខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី នាព្រឹកនេះ។
 
ទោះមិនទាន់ទទួលបានលិខិតផ្លូវការក៏ដោយ ប៉ុន្តែក្រោយការបង្ហោះរបស់វីអូឌី សម្តេច ហ៊ុន សែន បានទាញយកលិខិតនោះ ទៅផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបង្ហាញជំហរថា៖ «ខ្ញុំ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ»។
 
ប្រមុខរដ្ឋាភិបាល បានសម្តែងប្រតិកម្មលើលិខិតសូមទោសដែលបានសរសេរទាំងយប់ជ្រៅ បន្ទាប់ពីបានច្រានចោលលិខិតទីមួយដែលនាយិកា CCIM ប្រើពាក្យ សំដែងការសោកស្តាយ និងសូមការអធ្យាស្រ័យជំនួសឱ្យការសូមទោស។ សម្តេចបានសរសេរថា៖ «គិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់ មិនហ៊ាននិយាយផង តែក្រោយត្រូវមួយកំផ្លៀងបែរជាភ្លេចអស់កិត្តិយស មកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ»។
 
សូមបញ្ជាក់ថា ករណីនេះ កើតឡើង ក្រោយពីលោក ហ៊ុន ម៉ាណែត បានស្នើឱ្យវិទ្យុ VOD បង្ហាញភស្តុតាងដែលបានផ្សាយថា លោកបានចុះហត្ថលេខាជំនួសសម្តេច ហ៊ុន សែន ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដី។ លោកបានអះអាងថា លោកគ្មានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រដ្ឋាភិបាលឡើយ។
 
 
នៅថ្ងៃទី១១ ខែកុម្ភៈដដែល សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងច្រានចោលការផ្សព្វផ្សាយរបស់វិទ្យុ VOD ហើយស្នើឱ្យក្រសួងព័ត៌មានធ្វើការជាមួយជាមួយវិទ្យុនេះ ដើម្បីវិទ្យុនេះសុំទោសជាសាធារណៈ ឬក៏ត្រូវជាប់បណ្ដឹង។
 
កាលពីថ្ងៃទី១០ខែកុម្ភៈ វិទ្យុសំឡេងប្រជាធិបតេយ្យ VOD បានផ្សាយព័ត៌មានឱ្យដឹងថា លោក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក បានចុះហត្ថលេខាលើសេចក្តីប្រកាសផ្តល់ជំនួយចំនួន១០ម៉ឺនដុល្លារដល់ប្រទេសតួកគី។ បើទោះជាបានស្រង់ការពន្យល់របស់អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីក៏ដោយ ដំណឹងនេះត្រូវបានបដិសេធដោយលោក ហ៊ុន ម៉ាណែត ផ្ទាល់។ លោក ហ៊ុន ម៉ាណែតបានសរ សេរនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយស្នើឱ្យវិទ្យុ VOD បង្ហាញភស្តុតាងដែលបញ្ជាក់ថាលោកបានចុះហត្ថលេខានោះ។

ក្នុងសំណុំរឿងដដែលនេះ សម្ដេច ហ៊ុន សែន ក៏បាន សម្ដេចបានសរសេរពន្យល់សាធារណជនថា បើយោងតាមច្បាប់ គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ដែលមានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិ។ 
 
 ការចុះផ្សាយរបស់វិទ្យុ VOD បានធ្វើឱ្យសម្ដេចតាំងសំណួរថា៖«តើការចោទលើហ៊ុន ម៉ាណែតជាការវាយប្រហារខាងនយោបាយឬជាការភាន់ច្រឡំ? ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈ រយៈពេល៧២ម៉ោងដោយសុំទោសរាជរដ្ឋាភិបាលផង និងសុំទោស ហ៊ុន ម៉ាណែត ផង។»។
 
 
កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ថ្នាក់ដឹកនាំ CCIM បានទៅជួបថ្នាក់ដឹកនាំក្រសួងព័ត៌មានដើម្បីស្វែងរកដំណោះស្រាយ បន្ទាប់ពីសម្តេច ហ៊ុន សែន ព្រមានលុបអាជ្ញាបណ្ណរបស់ VOD នៅត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣ កុម្ភៈ ប្រសិនបើគ្មានការសុំទោសជាផ្លូវការ។
 
 
ក្រោយទទួលបានលិខិត VOD សម្តេច ហ៊ុន សែន ប្រកាសមិនទទួលយកការសំដែងការសោកស្តាយ និងសូមការអធ្យាស្រ័យជំនួសឲ្យការសូមទោសនោះ ពីសារព័ត៌មានវីអូឌី (VOD)ឡើយ បន្ទាប់ពីទទួលលិខិតមួយច្បាប់របស់VOD នារសៀលនេះ។
 
«តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្តេច បានរៀបរាប់បែបនេះនៅលើទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី១២កុម្ភៈ។ សម្តេច បានចាត់ទុកថា ជាការបកស្រាយក្នុងលិខិតថា មានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាល ពាក់ព័ន្ធលើអត្ថបទមានចំណងជើងថា «មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។
 
ក្រោយបដិសេធលិខិតទីមួយ សម្តេច ហ៊ុន សែន បន្តបដិសេធលិខិតទីពីរ។ សម្តេចបានបញ្ជាក់ថា ស្ថាប័នមានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភៈ២០២៣ដោយគ្មានការកែប្រែ។
 
«សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូន ឬប្រទេសម្ចាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឱ្យបងប្អូនបាត់បង់ការងារធ្វើ» ។ សម្តេចបានសរសេរយ៉ាងដូច្នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com