កីឡាអន្តរជាតិ
អន្តរជាតិ
Ten Hag សរសើរ Rashford ជាកំពូលខ្សែប្រយុទ្ធនៅអឺរ៉ុប ក្រោយជួយ Man Utd ប្រដេញពាន EPL
13, Feb 2023 , 10:19 am        
រូបភាព
Erik ten Hag សរសើរ Marcus Rashford ជាកំពូលខ្សែប្រយុទ្ធដ៏ល្អម្នាក់នៅអឺរ៉ុប ក្រោយរូបគេជួយ Manchester United ឈ្នះ Leeds United ២-០ ក្នុងការប្រកួត Premier League។ បិសាចក្រហមកើនដល់៤៦ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Arsenal ៥ពិន្ទុ។



នាជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី២៣​ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ខ្សែប្រយុទ្ធ Marcus Rashford ជាអ្នកសម្រេចទីគ្រាប់នាំមុខដំបូងឱ្យ Man Utd នៅនាទី៨០ដោយការតែតបញ្ចូលទី តាមរយៈការបញ្ជូនបាល់យ៉ាងល្អពីមិត្តរួមក្រុម​ Luke Shaw។
 
៥នាទីបន្ទាប់ Alejandro Garnacho ដែលទើបប្តូរចូលជំនួស Jadon Sancho បន្ថែមមួយគ្រាប់ទៀត ដើម្បីជួយក្រុមលោក Ten Hag ឈ្នះ Leeds ២-០។
 
ក្រោយទទួលបាន៣ពិន្ទុបន្ថែម អ្នកចាត់ការ Man Utd លោក Ten Hag បង្ហាញក្តីសប្បាយរីករាយ ដោយមើលឃើញពីទម្រង់លេងដ៏របស់ក្រុមសម្រាប់ជ័យជម្នះដ៏សំខាន់នេះ។ មិនតែប៉ុណ្ណោះ អ្នកចាត់ការសញ្ជាតិហូឡង់សរសើរ Rashford មិនដាច់ពីមាត់ និងអះអាងថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ជាខ្សែប្រយុទ្ធដ៏ល្អម្នាក់នៅអឺរ៉ុប។
 
«Rashford ស្ថិតក្នុងចំណោមខ្សែប្រយុទ្ធល្អបំផុតនៅអឺរ៉ុប។ តាំងពីដំបូងមក ខ្ញុំពិតជារំភើបដែលបានធ្វើការជាមួយគាត់។ ខ្ញុំគិតថាខ្ញុំអាចទទួលបានច្រើនជាងនេះពីគាត់ ហើយគាត់មានជំនាញច្រើននៅលើទីលាន។ លោក Ten Hag អះអាងនៅចំពោះមុខអ្នកយកព័ត៌មានដូច្នេះក្រោយចប់ការប្រកួត។
 
អ្នកចាត់ការរូបនេះបន្ថែមថា Rashford ជាកីឡាករមានសក្ដានុពល ហើយរូបគេនឹងរកគ្រាប់បាល់ជាបន្តបន្ទាប់ទៀត សម្រាប់បិសាចក្រហម។ គិតមកទល់ពេលនេះ ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ រកបាន២១គ្រាប់ហើយ ពីគ្រប់ការប្រកួតរដូវកាល ២០២២-២៣នេះ ក្នុងនោះ១២គ្រាប់នៅលីគកំពូលអង់គ្លេស។
 
ក្រោយរកបាន៣ពិន្ទុបន្ថែម Man Utd កើនដល់៤៦ពិន្ទុ ពីការប្រកួត២៣លើក ស្ថិតនៅចំណាត់ថ្នាក់ទី៣ ក្នុងតារាងពិន្ទុ EPL តាមពីក្រោយក្រុម Arsenal ដែលឈរកំពូលតារាងចំនួន៥ពិន្ទុតែទើបប្រកួត២១លើក និងតាមពីក្រោយក្រុមការពារតំណែងជើងឯក Manchester City ដែលទើបប្រកួត២២លើក ចំនួន២ពិន្ទុ៕
 
 

Tag:
 Premier League
  Marcus Rashford
© រក្សាសិទ្ធិដោយ thmeythmey.com