ជាតិ
អាជ្ញាធរ ឱ្យពលរដ្ឋផ្អាកចិញ្ចឹមត្រីតាមដងស្ទឹងសង្កែបណ្ដោះអាសន្ន ដើម្បីរកមូលហេតុនៃការបំពុលទឹក
13, Feb 2023 , 2:44 pm        
រូបភាព
 បែរឡូត៍ចិញ្ចឹមត្រី តាមដងស្ទឹងសង្កែ ស្ថិតក្នុង ភូមិកំពង់ពិល ឃុំវត្តតាមមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ រូបពី លោក​ ទូច សុភាព
បែរឡូត៍ចិញ្ចឹមត្រី តាមដងស្ទឹងសង្កែ ស្ថិតក្នុង ភូមិកំពង់ពិល ឃុំវត្តតាមមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ រូបពី លោក​ ទូច សុភាព
ភ្នំពេញ៖ នាពេលថ្មីៗនេះ រដ្ឋបាលខេត្តបាត់ដំបង បានណែនាំឱ្យពលរដ្ឋបញ្ឈប់សកម្មភាពចិញ្ចឹមត្រី តាមដងស្ទឹងសង្កែ ត្រង់ចំណុច ភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ រដ្ឋបាលខេត្ត បញ្ជាក់ថា ការចិញ្ចឹមត្រីនេះ នាំឱ្យការបំពុលទឹកនាពេលអនាគត។ ប្រសិនបើការសិក្សា បង្ហាញថា ទឹកស្អុយ មិនមែនដោយសារបែរចិញ្ចឹមត្រីនោះទេ អាជ្ញាធរ នឹងបន្តឱ្យពួកគាត់ចិញ្ចឹមត្រីតាមធម្មតា។

 
រដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងកាលពីថ្ងៃទី០១ ខែកុម្ភៈ បែរឡូត៍ចិញ្ចឹមត្រីនៅតាមដងស្ទឹងសង្កែ ស្ថិតនៅខ្សែទឹកខាងលើស្ថានីយបូមទឹករបស់ «អង្គភាពរដ្ឋាករទឹកបាត់ដំបង» ដែលអាចនាំឱ្យមានការបំពុលទឹកស្ទឹងសង្កែ។ ដូច្នេះ រដ្ឋបាលខេត្ត ស្នើដល់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដាក់វិធានការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការចិញ្ចឹមត្រី ដែលបង្កឱ្យមានការបំពុលទឹកស្ទឹង តទៅទៀត។ 


 រូបពី លោក​ ទូច សុភាព
ពាក់ព័ន្ធបញ្ហានេះ ពលរដ្ឋប្រមាណ ៨០គ្រួសារ ដែលកំពុងប្រកបរបរចិញ្ចឹមត្រី នៅភូមិកំពង់ពិល មិនពេញចិត្តចំពោះចំណាត់ការរបស់អាជ្ញាធរឡើយ។ ពួកគេចិញ្ចឹមត្រីអស់ជាច្រើនឆ្នាំហើយ។ រីឯទឹក ក៏មិនស្អុយដូចការលើកឡើងរបស់ក្រុមសារព័ត៌មាន ដែលព្យាយាមទម្លាក់កំហុសមកលើសហគមន៍របស់ខ្លួន។ ពួកគេ បានដាក់លិខិតទៅរដ្ឋបាលខេត្តបាត់ដំបង ដោយស្នើកុំឱ្យរុះរើ បែរចិញ្ចឹមត្រីលក្ខណៈគ្រួសារខ្នាតតូចចំនួន៥២ តាមដង ស្ទឹងសង្កែ។
 
ក្នុងលិខិតរបស់រដ្ឋបាលខេត្ត បានសរសេរថា ចាប់ពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន ពលរដ្ឋចំនួន៨០គ្រួសារ ដែលភាគច្រើនជាខ្មែរ-ឥស្លាម គ្មានជម្រើសអ្វីក្រៅពីមុខរបរចិញ្ចឹមត្រី នោះទេ។ បច្ចុប្បន្ន ពលរដ្ឋ ត្រូវពឹងផ្អែកលើមុខរបរចិញ្ចឹមត្រី តែមួយមុខគត់ ដើម្បីរកកម្រៃមកចិញ្ចឹមគ្រួសារ ព្រោះ ពួកគេ គ្មានដីស្រែ ឬចម្ការ នោះឡើយ។ 
 
ពលរដ្ឋ អះអាងថា ជាទូទៅបរិស្ថានតាមដងស្ទឹងស្មោកគ្រោកមិនមែនបណ្តាលមកពីពលរដ្ឋចិញ្ចឹមត្រី ទេ។ ក្នុងនោះ អ្នកមិនបានចិញ្ចឹមត្រី ក៏មានចំណែកបំផ្លាញដែរ ជាពិសេសអ្នកដែលរស់នៅតាមមាត់ស្ទឹងទាំងអស់។ ពួកគេ បានប្ដេជ្ញា ការពារ និងថែរក្សាបរិស្ថាន ឱ្យបានល្អប្រសើរ តាមការណែនាំរបស់ក្រសួងបរិស្ថាន និង ទទូចឱ្យអាជ្ញាធរកុំរុះរើ បែរចិញ្ចឹមត្រីរបស់ខ្លួន។ 
 
តំណាងពលរដ្ឋម្នាក់ លោក លី ម៉ាន់សូត្រ បានប្រាប់ ThmeyThmey25 តាមទូរសព្ទថា សព្វថ្ងៃ មានពលរដ្ឋប្រហែល ៤០គ្រួសារ ដែលប្រកបរបរចិញ្ចឹមត្រី ហើយទឹកស្ទឹងសង្កែ ត្រូវបានពួកគេប្រើប្រាស់រាល់ថ្ងៃ និងមិនមានការបំពុល ឬក្លិនស្អុយ នោះទេ។ ម្យ៉ាងទៀត ប្រសិនបើ ទឹកកខ្វក់ ក៏មិនអាចចិញ្ចឹមត្រីបានដែរ។ 
 
ចំពោះពាក្យដែលលើកឡើងថា ការដាក់ចំណីត្រី ធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹក គឺមិនសមហេតុផលទាំងស្រុងនោះទេ ព្រោះ ក្នុងមួយឆ្នាំៗ ទឹកជំនន់ បានកើតឡើង៣ ទៅ៤ និងបាននាំយកកាក់សំណល់ ជាច្រើនចេញពីស្ទឹង។
 
លោក ម៉ាន់សូត្រ អះអាងដូច្នេះ៖«ទឹកហ្នឹងអត់មានស្អុយនោះទេ ព្រោះឥឡូវ នៅខ្ញុំប្រើប្រាស់ទឹកហ្នឹងដែរទាំង ងូតទឹក និងដាំបាយ គឺយើងប្រើធម្មតា។ បើទឹកហ្នឹងស្អុយមែន ត្រីងាប់ហើយ ព្រោះត្រី វាចូលចិត្តទឹកស្អាតដែរ»។ 
 
មកដល់ពេលនេះ អាជ្ញាធរ មិនទាន់ធ្វើសកម្មភាពរុះរើបែរចិញ្ចឹមត្រីនៅឡើយទេ ប៉ុន្តែ ពលរដ្ឋទាំងអស់ កំពុងព្រួយបារម្ភពីការបាត់បង់មុខរបររបស់ខ្លួន។ ប្រសិនបើ អាជ្ញាធរ បញ្ឈប់ការចិញ្ចឹម នឹងប៉ះពាល់សេដ្ឋកិច្ចពលរដ្ឋ និងការអប់រំ របស់កុមារជាង ៣០០នាក់។
 
លោក ម៉ាន់ សូត្រ រៀបរាប់ថា ពលរដ្ឋ ក្នុងភូមិកំពង់ពិល ត្រូវពឹងផ្អែកលើរបរចិញ្ចឹមត្រីតែមួយមុខគត់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ កាលណា បាត់បង់មុខរបរ នឹងបង្ខំឱ្យមានការចំណាកស្រុក ឬរកការងារឆ្ងាយពីផ្ទះ។ ដូច្នេះ ឪពុកម្ដាយ នឹងត្រូវនាំកូនទៅជាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពសិក្សា របស់កុមារ។ លោកស្នើឱ្យអាជ្ញាធរ និងអ្នកជំនាញ ចុះពិនិត្យឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្ត រុះរើបែរចិញ្ចឹមត្រីចោល។
 
លោក ម៉ាន់ សូត្រ ប្រាប់ដូច្នេះថា៖« អ្វីដែលខ្ញុំបារម្ភនោះ គឺអនាគត់ក្មេងៗ! ព្រោះមួយរយៈកន្លងមក ពួកគេមិនសូវបានរៀនសូត្រទេ ដោយសារ ត្រូវចំណាកស្រុក។ ប៉ុន្តែ ឥឡូវក្មេងៗ បានរៀនស្ទើតែទាំងអស់ ដោយសារ ឪពុកម្ដាយពួកគេ បានចំណូលពីរបរចិញ្ចឹមត្រីនេះហើយ។ អ៊ីចឹង ខ្ញុំអត់ចង់ឱ្យបានរុះរើបែរចិញ្ចឹមត្រីនេះទេ ព្រោះវាប៉ះពាល់ដល់ជីវភាពពលរដ្ឋ និងការអប់រំរបស់កុមារ»។ 
 
ករណីនេះ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានប្រាប់ ThmeyThmey25 ថាមកដល់ពេលនេះ លោកមិនទាន់មានចំណាត់ ឬសន្និដ្ឋានថា ការដាក់ចំណីត្រីធ្វើឱ្យប៉ះពាល់គុណភាពទឹកនោះទេ។ លោកកំពុងពិភាក្សា ជាមួយមន្រ្តីពាក់ព័ន្ធ និងអ្នកជំនាញបរិស្ថាន ដើម្បីរកមូលដែលបង្កឱ្យមានការបំពុលទឹក។ 
 
ការចិញ្ចឹមត្រីតាមដងស្ទឹងសង្កែ កើតមានជាច្រើនឆ្នាំហើយ និងមិនសូវប៉ះពាល់ដល់គុណភាពទឹកប៉ុន្មាននោះទេ។ ប៉ុន្តែ រយៈពេល ២ឆ្នាំមកនេះ ពោលគឺបន្ទាប់ពី សង់ទំនប់សាលាតាអនមក ទឹកហាក់មានភាពកខ្វក់ជាងមុន ដែលទំនងមកពីទឹកមិនអាចហូរចេញ ទើបធ្វើស្ទះកកសំណល់ នៅក្នុងស្ទឹងដែរ។ 
 
ជុំវិញរឿងនេះ លោក ជួង សុភាព ចង់ឱ្យពលរដ្ឋបញ្ឈប់សកម្មភាពចិញ្ចឹមត្រី ១ឬ២ខែសិន ដើម្បីសិក្សា រកមូលហេតុថា ការដាក់ចំណីត្រី ធ្វើឱ្យមានការបំពុលទឹក ឬមកពីកត្តាផ្សេង។ ប្រសិនបើ រកឃើញថា ការដាក់ចំណីត្រី ធ្វើឱ្យបំពុលទឹក គឺតម្រូវឱ្យពលរដ្ឋបញ្ឈប់ការចិញ្ចឹម។ ប៉ុន្តែ បើរកមិនឃើញ រដ្ឋបាលជលផល នឹងឱ្យពលរដ្ឋចិញ្ចឹមត្រីឡើងវិញ និងជំនួសមកវិញ ដោយការបើកទំនប់ឱ្យទឹកហូរចេញ ដើម្បីនាំយកកកសំណលចេញពីស្ទឹង។ 
 
លោក លោក ជួង សុភាព ប្រាប់ដូច្នេះថា៖«យើងនឹងប្រជុំរកផ្លូវមួយឱ្យគាត់ដើរ។ អ៊ីចឹង យើងចង់ឱ្យគាត់ផ្អាក់សកម្មភាពមួយរយៈសិន ដើម្បីពិនិត្យថា តើស្ថានភាពទឹក ដែលរដ្ឋករ ប្រើរាល់ថ្ងៃហ្នឹង មកពីការចិញ្ចឹមត្រី ឬមកពីកត្តាផ្សេង។ បើគាត់ផ្អាកទៅ ហើយគុណទឹកប្ដូរ យើងស្នើឱ្យគាត់ឈប់ហើយ តែបើផ្អាកគុណភាពទឹកនៅដដែល អ៊ីចឹង យើងរកមូលហេតុផ្សេង ថាមកពីអ្វី ហើយឱ្យគាត់ចិញ្ចឹមដដែល»៕ 
 

Tag:
 ចិញ្ចឹមត្រី
  ស្ទឹងសង្រែ
  បំពុលទឹក
  រដ្ឋបាលខេត្តបាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com