អន្តរជាតិ
UN ថា ការផ្ដល់ជំនួយទៅឱ្យស៊ីរីយឺតយ៉ាវខ្លាំង ខណៈអ្នកស្លាប់សរុបកើនដល់ជាង៤ពាន់នាក់ 
×![]()
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១២ ខែកុម្ភៈ បានប្រកាសថា ការដឹកជញ្ជូនជំនួយមានភាពយឺតយ៉ាវខ្លាំងសម្រាប់ស៊ីរី ដែលជាតំបន់ហែកហួរដោយសង្គ្រាមស្រាប់ ហើយត្រូវរងគ្រោះរញ្ជួយដីថែមទៀត។ នៅថ្ងៃទី១៣ ខែកុម្ភៈ អ្នកស្លាប់ដោយរញ្ជួយដីនៅស៊ីរីមានជាង៤ពាន់នាក់ ឯអ្នកស្លាប់សរុបនៅតួកគី និងស៊ីរីមានយ៉ាងហោចណាស់៣៣០០០នាក់។
អត្រាអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរីបានកើនឡើងយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ។ តាមរបាយការណ៍ចុងក្រោយអ្នកស្លាប់សរុបបានកើនពី២៨០០០នាក់ នៅថ្ងៃទី១២ ខែកុមុ្ភៈ ទៅដល់ជិត៣៤០០០នាក់នៅថ្ងៃទី១៣ ខែកុម្ភៈ។ ដោយឡែកស៊ីរីផ្ទាល់មានអ្នកស្លាប់ជាង ៤៣០០នាក់។
មន្រ្តីជាន់ខ្ពស់ UN ទទួលបន្ទុកកិច្ចការជំនួយ លោក Martin Griffiths បាននិយាយថា ស៊ីរីត្រូវការជំនួយច្រើនសម្រាប់ជនរងគ្រោះរាប់លាននាក់ដែលគ្មានជំរក។ លោកអះអាងថា ការផ្គត់ផ្គង់ជំនួយមានភាពយឺតយ៉ាវខ្លាំងចំពោះស៊ីរីដែលជាកន្លែងមានសង្គ្រាមជាច្រើនឆ្នាំ មានប្រព័ន្ធសុខាភិបាលទន់ខ្សោយស្រាប់ ហើយឥឡូវត្រូវរងគ្រោះដោយរញ្ជួយដីទៀត។
«ពួកយើងបរាជ័យចំពោះការជួយប្រជាជននៅភាគពាយ័ព្យស៊ីរី។ ពួកគេប្រាកដជាមានអារម្មណ៍ថាត្រូវគេបោះបង់ចោល ពេលកំពុងស្វែងរកជំនួយអន្តរជាតិតែមិនទាន់ឃើញមកដល់»។ លោក Martin Griffiths លើកឡើងបែបនេះលើបណ្ដាញសង្គម Twitter។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ក្បួនរថយន្តដឹកជំនួយសង្គ្រោះរបស់ UN ចំនួន១០គ្រឿងបានដឹកជញ្ជូនសម្ភារៈសម្រាប់ស្នាក់នៅ កម្រាលប្លាស្ទិក ខ្សែពួរ ភួយ ពូក និងកំរាលពូក ទៅភាគពាយព្យស៊ីរីដោយចូលតាមរយៈច្រកព្រំដែន Bab al-Hawa ពីតួកគី។ យ៉ាងណាមិញ លោក Griffiths បញ្ជាក់ថា ជំនួយនៅតែត្រូវការបន្ថែមទៀត។
ប្រធានគម្រោង World Vision ប្រចាំស៊ីរី លោក Clynton Beukes បាននិយាយថា បើធៀបនឹងតួកគី ក្រុមជួយសង្គ្រោះមានតិចតួចណាស់នៅស៊ីរី។ លោកក៏និយាយដល់ក្រុមអ្នកសង្គ្រោះក្នុងគ្រាអាសន្នមួកស (White Helmets) ថាពួកគេក៏ព្រមានពីពេលវេលាដែលកាន់តែខើចទៅចំពោះការជួយសង្គ្រោះប្រជាជនស៊ីរីដែរ។
គួរបញ្ជាក់ថា ភាគពាយព្យស៊ីរី ជាកន្លែងមួយដែលពិបាកទៅដល់បំផុតដែលធ្វើឱ្យជំនួយទៅដល់យឺតយ៉ាវ។ ច្រក Bab al-Hawa ជាចំណុចតែមួយគត់ដែលអាចឱ្យជំនួយអន្តរជាតិទៅដល់ប្រជាជននៅក្នុងតំបន់នោះ ព្រោះតំបន់នោះកាន់កាប់ដោយក្រុមឧទ្ទាមបន្ទាប់ពីសង្គ្រាមស៊ីវិលជិត១២ឆ្នាំកន្លងមក។ ច្រកព្រំដែនផ្សេងទៀតត្រូវបានបិទដើម្បីគាបសង្កត់ក្រុមឧទ្ទាម។
មកទល់ពេលនេះ ក្រៅពីជំនួយពីអន្តរជាតិ ស៊ីរីបានទទួលជំនួយមនុស្សធម៌ពីរុស្ស៊ី អ៊ីស្រាអែល អង់គ្លេស អ៊ីរ៉ង់ និងហ្ស៊កដានីជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com