អន្តរជាតិ
របបយោធាមីយ៉ាន់ម៉ា នឹងផ្ដល់សិទ្ធិឱ្យជនស៊ីវិលស្មោះត្រង់ចំពោះរដ្ឋប្រើប្រាស់កាំភ្លើង
13, Feb 2023 , 9:29 pm        
រូបភាព
បាតុករប្រឆាំងរបបយោធាកាន់អាវុធក្នុងការតវ៉ាកន្លងមក។ រូបថត AFP
បាតុករប្រឆាំងរបបយោធាកាន់អាវុធក្នុងការតវ៉ាកន្លងមក។ រូបថត AFP
របបមីយ៉ាន់ម៉ា កំពុងរៀបចំអនុញ្ញាតឱ្យក្រុមជនស៊ីវិលស្មោះត្រង់នឹងរដ្ឋ មានសិទ្ធិស្នើសុំអាជ្ញាប័ណ្ណកាន់អាវុធ។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលយោងឯកសារមួយរបស់រដ្ឋាភិបាល តែមិនទាន់មានការបញ្ជាក់ជាផ្លូវការឡើយ។



រយៈពេល២ឆ្នាំក្រោមការគ្រប់គ្រងដោយរបបយោធា មីយ៉ាន់ម៉ានៅតែមានអំពើហិង្សា និងគ្មានស្ថិរភាពក្នុងសង្គម ខណៈជនស៊ីវិលខ្លះគាំទ្ររដ្ឋាភិបាលយោធា និងខ្លះទៀតមាននិន្នាការប្រឆាំងនឹងការដឹកនាំបែបនេះ។
 
នាពេលថ្មីៗនេះ ឯកសារមួយមាន ១៥ទំព័រ ​មាន​ប្រភព​ចេញ​ពី​ក្រសួង​មហាផ្ទៃ​មីយ៉ាន់ម៉ាត្រូវបានបែកធ្លាយ ដោយមានខ្លឹមសារថារបបយោធាកំពុងរៀបចំលក្ខខណ្ឌសម្រាប់ជនស៊ីវិលមួយចំនួនដែលខ្លួនចាត់ទុកថាស្មោះត្រង់នឹងរដ្ឋ ឱ្យទទួលបានអាជ្ញាប័ណ្ណកាន់កាប់កាំភ្លើងផ្ទាល់ខ្លួន។ ឯកសារនោះត្រូវបានរាយការណ៍ដោយទីភ្នាក់ងាព័ត៌មាន Reuters ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត។
 
លក្ខខណ្ឌនៃការទទួលបានសិទ្ធិកាន់កាប់កាំភ្លើងក្នុងឯកសារនោះរួមមាន បុគ្គលត្រូវតែមានភាពស្មោះត្រង់ មានអាយុ១៨ ឆ្នាំ និងមានតម្រូវការសម្រាប់ការពារសន្តិសុខ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ការកំណត់នេះមិនទាន់ដឹងច្បាស់នឹងត្រូវចូលជាធរមាននៅពេលណាឡើយ។ 
 
ការផ្ដល់អាជ្ញាប័ណ្ណកាំភ្លើងនេះនឹងផ្តោតលើសមាជិកនៃស្ថាប័នប្រឆាំងការបះបោរ កងជីវពលដែលបានបង្កើតឡើងជាផ្លូវការ និងមន្ត្រីយោធាចូលនិវត្តន៍ ដែលចាត់ទុកជាអ្នកស្មោះត្រង់នឹងរបបយោធា។ ពួកគេអាចទទួលបានសិទ្ធិកាន់កាំភ្លើងខ្លី កាំភ្លើងវែង និងកាំភ្លើងយន្តជាដើម។ ឯកសារនោះក៏បានបន្ថែមថារដ្ឋាភិបាលយោធានឹងមានសិទ្ធិនាំចូល ក៏ដូចជាលក់អាវុធ និងគ្រាប់រំសេវដែលមានអាជ្ញាប័ណ្ណតាមរយៈក្រសួងការពារជាតិ។ 
 
យ៉ាងណាមិញ អ្វីដែលគេបារម្ភនោះ គឺការអនុញ្ញាតឱ្យជនស៊ីវិលកាន់កាំភ្លើងនឹងក្លាយជាការផ្តល់សិទ្ធិអំណាចដល់ក្រុមអ្នកគាំទ្ររបបយោធាកាន់តែខ្លាំង ហើយនឹងធ្វើឱ្យកើនឡើងករណីអំពើហិង្សា និងការប៉ះទង្គិចគ្នាក្នុងសង្គមកាន់តែធ្ងន់ធ្ងរឡើង។
 
គួរបញ្ជាក់ថា ក្រុមអ្នកឃ្លាំមើលជម្លោះ Acled មានមូលដ្ឋាននៅអាម៉េរិក លើកឡើងថា មនុស្សជិត២ម៉ឺននាក់បានស្លាប់កាលពីឆ្នាំ២០២២ ដោយសារការបង្រ្កាបរបស់យោធាលើការតវ៉ា។ បើយោងតាមអង្គការសហប្រជាជាតិ មនុស្សប្រហែល១,២លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងស្រុកដោយសារការបង្ក្រាបយោធា ហើយជាង៧ម៉ឺននាក់បានចេញពីមីយ៉ាន់ម៉ា ដែលធ្វើឱ្យរបបយោធារងការចោទថា ធ្វើសកម្មភាពនៃឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕ 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com