កីឡាអន្តរជាតិ
អន្តរជាតិ
លោក Bach ៖ ករណីអត្តពលិករុស្ស៊ី! IOC មិនឈរនៅខាងខុសនៃប្រវត្តិសាស្ត្រទេ តែដើម្បីយុត្តិធម៌កីឡា
14, Feb 2023 , 9:29 am        
រូបភាព
ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិលោក Thomas Bach ថ្ងៃទី១២ ខែកុម្ភៈ បាននិយាយថាស្ថាប័នលោកមិនឈរនៅខាងខុសនៃប្រវត្តិសាស្ត្រនោះទេ បន្ទាប់ពីបើកទ្វារសម្រាប់អត្តពលិករុស្ស៊ី និងបេឡារុស អាចវិលចូលរួមការប្រកួតអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤។ គ្រប់យ៉ាង ដើម្បីយុត្តិធម៌ក្នុងកីឡា។



ចាប់តាំងពីខែមករាមក ​IOC រងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់ប្រទេសជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់ពីស្ថាប័នមួយនេះបានសម្រេចថាអត្តពលិករុស្ស៊ី និងបេឡារុសអាចវិលចូលរួមការប្រកួតអូឡាំពិកវិញក្រោមរូបភាពទង់អូឡាំពិក និងទង់អត្តពលិក ។ អត្តពលិកទាំងនោះមិនត្រូវអនុញ្ញាតិឱ្យប្រើភ្លេងជាតិរុស្ស៊ី និងទង់ជាតិឡើយ។
 
លិខិតផ្ញើទៅកាន់លោក Thomas Bach កាលពីសប្តាហ៍មុន អត្តពលិកអ៊ុយក្រែនបាននិយាយដោយចោទប្រកាន់ IOC ថា ស្ថាប័នមួយនេះកំពុងតែឈរខុសនៃប្រវត្តិសាស្ត្រ បន្ទាប់ពីប្រធាន IOC បានទាមទារឱ្យអ៊ុយក្រែនឈប់គំរាមធ្វើពហិការការប្រកួត Paris 2024។ 
 
ចំពោះការចោទប្រកាន់ទាំងនោះ ប្រធាន IOC ក៏បានឆ្លើយតបទៅកាន់អ្នកកាសែតនាថ្ងៃទី១២ កុម្ភៈ ថា ប្រវត្តិសាស្ត្រនឹងសបង្ហាញឱ្យឃើញចំពោះនរណាដែលចង់បានសេរីភាព ហើយលោកបានអះអាងថាការធ្វើនេះគឺដើម្បីយុត្តិធម៌នៃកីឡា។
 
«ទេប្រវត្តិសាស្ត្រនឹងបង្ហាញសម្រាប់នរណាដែលកំពុងធ្វើច្រើនជាងសម្រាប់សេរីភាព។ នរណាដែលព្យាយាមបើកផ្លូវបើកឱកាសដើម្បីការទំនាក់ទំនង ឬក៏សម្រាប់នរណាដែលព្យាយាមផ្តាច់ខ្លួន និងការបែងចែក យើងព្យាយមស្វែងរកដំណោះស្រាយដើម្បីផ្តល់ឱ្យនូវយុត្តិធម៌នៃកីឡា ដែលមានការបង្រួបបង្រួម មិនមែនរួមចំណែកប្រឈមគ្នា ឱ្យកាន់តែកើនឡើងឡើយ។»។ លោក Thomas Bach លើកឡើងដូច្នេះ។ 
 
មកដល់ពេលនេះ មានរយៈពេលជាង ១១ខែហើយ ដែលអត្តពលិករុស្ស៊ី និងបេឡារុស ត្រូវបានហាមឃាត់ពីការប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិនានា ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការវាយលុកចូលអ៊ុយក្រែន។ 
 
កាលពីពេលថ្មីៗនេះរដ្ឋមន្ត្រក្រសួងកីឡាប្រទេសលីទុយអានី នឹងក្រុមប្រទេសចំនួន ៣៥ផ្សេងទៀត រួមមានអាម៉េរិក អាល្លឹម៉ង់ អូស្ត្រាលី ថានឹងបន្តរក្សាជំហហាមឃាត់អត្តពលិករុស្ស៊ី និងបេឡារុសពីការប្រកួតអូឡាំពិកប៉ារីសឆ្នាំ ២០២៤ ដដែល។
 
រដ្ឋមន្រ្តីកីឡារុស្ស៊ីលោក ​Oleg Matytsin ត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន TASS ថាការហាមឃាត់លើអត្តពលិកខ្លួនជារឿងមិនអាចទទួលយកបាន នឹងខុសពីចលនាអូឡាំពិកអន្តរជាតិ។
 
អំឡុងពេលការប្រកួតពានរង្វាន់ជើងឯកជិះស្គីទឹកកក Alpine Skiing World Championship ក្នុងទីក្រុង Courchevel ប្រទេសបារាំង មេ IOC រូបនេះបាននិយាយថាខ្លួនឈរនៅជំហសាមគ្គីភាពជាមួយនឹងអត្តពលិកអ៊ុយក្រែន។ 
 
គួររំលឹកថា កាលពីសប្តាហ៍មុន ប្រទេសតំបន់ Nordic រួមមានប្រទេសឡេតូនី លីទុយអានី អេស្តូនី និងប៉ូឡូញ បានអំពាវនាវឱ្យស្ថាប័នកីឡាអន្តរជាតិនានា បន្តហាមឃាត់អត្តពលិករបស់រុស្ស៊ី និងបេឡារុស ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក៏ដូចជាកម្មវិធីប្រកួតដទៃផ្សេងទៀត ខណៈសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដែលបង្កឡើងដោយរុស្ស៊ី កំពុងតែបន្តយ៉ាងក្តៅកគុក៕
 

Tag:
 Olympic
  Paris 2024
  Thomas Bach
© រក្សាសិទ្ធិដោយ thmeythmey.com