អន្តរជាតិ
ឥណ្ឌូណេស៊ីនិងចិន នឹងបន្ថែមលុយ១,២ពាន់លានដុល្លារទៀតលើគម្រោងរថភ្លើងល្បឿនលឿន
14, Feb 2023 , 9:59 am        
រូបភាព
ឥណ្ឌូណេស៊ី និងចិនបានព្រមព្រៀងគ្នាលើកញ្ចប់ថវិកា១,២ពាន់លានដុល្លារទៀតសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននៅឥណ្ឌូណេស៊ីក្រោយឆ្លងកាត់ការចរចាជាច្រើនលើក។ 
នេះបើតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃទី១៣ ខែកុម្ភៈ។

 
គម្រោងផ្លូវរថភ្លើងល្បឿនលឿននៅឥណ្ឌូណេស៊ី ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន បានកើនខ្ទង់ចំណាយជាបន្តបន្ទាប់ ខណៈដែលការសាងសង់ក៏ជិតបញ្ចប់ដែរ។ គម្រោងនេះទទួលខុសត្រូវសាងសង់ដោយសម្ពន្ធក្រុមហ៊ុនរដ្ឋចិន និងឥណ្ឌូណេស៊ី PT KCIC។ ក្រោយការចរចាជាច្រើនលើក ចិន និងឥណ្ឌូណេស៊ី ក៏យល់ព្រមបន្ថែមលុយ១,២ពាន់លានដុល្លារទៀតលើគម្រោងនេះ។ 
 
«យើងបានយល់ព្រមលើកញ្ចប់ចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន១,២ពាន់លានដុល្លារ។ ចំណុចមួយចំនួនទៀតដែលពួកគេកំពុងពិនិត្យមើលមានទាក់ទងនឹងពន្ធ និងការទូទាត់ថ្លៃចំណាយ ប៉ុន្តែយើងបានយល់ព្រមលើតួលេខនេះ»។ លោក Kartika Wirjoatmodjo អនុរដ្ឋមន្ត្រីក្រសួងសហគ្រាសគ្រប់គ្រងដោយរដ្ឋរបស់ឥណ្ឌូណេស៊ីបាននិយាយបែបនេះក្នុងការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
លោកបានបន្ថែមថា ព័ត៌មានលម្អិតផ្សេងទៀត ពាក់ព័ន្ធនឹងប្រាក់កម្ចីបន្ថែមពីធនាគារអភិវឌ្ឍចិនដើម្បីរ៉ាប់រងការចំណាយលើគម្រោងនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេលមួយខែ។
 
ផ្លូវរថភ្លើងល្បឿនលឿនរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានប្រវែង១៤២គីឡូម៉ែត្រ ដែលនឹងភ្ជាប់រដ្ឋធានីហ្សាការតាជាមួយនឹងទីក្រុង Bandung។ គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០២៣ ហើយបើកដំណើរការក្នុងឆ្នាំនេះតែម្ដង។
 
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២២ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ អះអាង វានឹងក្លាយជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេក្នុងអាស៊ាន ហើយទីក្រុងហ្សាការតាសង្ឃឹមថា វានឹងបង្កើនការតភ្ជាប់រវាងប្រទេសនានា។ លើសពីនេះ លោក ចូកូវី ក៏បានលើកឡើងផ្លូវដែកនេះអាចនឹងត្រូវតភ្ជាប់បន្ថែមទៀតនៅថ្ងៃអនាគតទៅកាន់ព្រលានយន្តហោះ ឬភ្ជាប់ទៅផ្លូវរថភ្លើងល្បឿនលឿនផ្សេងទៀតរបស់បណ្ដាប្រទេសអាស៊ានផងដែរ៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com