កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ថាទទួលខុសត្រូវចំពោះភាពវឹកវរ នាជំនួបផ្តាច់ព្រ័ត្រឆ្នាំមុនរវាង​ Real-Liverpool
14, Feb 2023 , 12:19 pm        
រូបភាព
ការពិនិត្យឡើងវិញអំពីភាពវឹកវររមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រវាងក្រុម Liverpool និង Real Madrid បាននិយាយថា អ្នករៀបចំ UEFA ទទួលខុសត្រូវចំពោះព្រឹត្តិការណ៍ ដែលបានកើតឡើងរួមទាំងការខកខានមួយចំនួនធំ ដែលស្ទើរតែនាំទៅរកគ្រោះមហន្តរាយ។



បន្ទាប់ពីមានការចេញផ្សាយការពិនិត្យឡើងវិញលក្ខណៈឯករាជ្យមួយ ថ្ងៃទី១៣ កុម្ភៈ ស្ថាប័នបាល់ទាត់កំពូលអឺរ៉ុប UEFA បានបង្ហាញការសុំទោសទៅកាន់ក្រុម Liverpool ចំពោះការចោទប្រកាន់ទៅកាន់អ្នកគាំទ្រ​ រួមទាំងការប្រមាថផ្សេងៗ។
  


រឿងរ៉ាវនាការប្រកួតរវាង Liverpool ទល់ Real Madrid នាវគ្គផ្តាចព្រ័ត្រ UCL បានពន្យាពេលជាង ៣៦នាទី បន្ទាប់ពីអ្នកគាំទ្រហង្សក្រហមរាប់ពាន់នាក់ បានជួបបញ្ហាដោយមិនអាចចូលក្នុងកីឡដ្ឋាន Stade de France សម្រាប់ការប្រកួតកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២។ ការប្រកួតនោះ Real Madrid យកឈ្នះ Liverpool ១-០ គ្រងតំណែងជើងឯកលើកទី១៤ លើសក្រុមណាទាំងអស់ក្នុងពិភពលោក។ 
 
ពេលដែលអ្នកគាំទ្រ Liverpool ច្រើននាក់ បាននាំគ្នាសម្រុកចូលកីឡដ្ឋានដើម្បីឱ្យទាន់ការប្រកួត ខណៈនោះមន្ត្រីប៉ូលិសបារាំង បានប្រើប្រាស់កាំភ្លើងឧស្ម័នបង្ហួរទឹកភ្នែកបាញ់ដាក់ពួកគេ ដែលក្នុងនោះក៏មានអ្នកគាំទ្រជាស្ត្រី និងកុមារ។ មូលហេតុនៃការកក់ស្ទះនៃអ្នកគាំទ្រក្រៅកីឡដ្ឋាន ដោយកាលនោះមន្រ្តីរៀបចំការប្រកួតបារាំង និង UEFA បានស្តីបន្ទោសថាអ្នកគាំទ្រ Liverpool បានប្រើប្រាស់សំបុត្រប្រកួតក្លែងក្លាយ។ តែទោះយ៉ាងណាការពិនិត្យឡើងវិញបញ្ជាក់ថា គ្មានភស្តុតាងគ្រប់គ្រាន់ឡើយ ដើម្បីគាំទ្រលើរឿងស្តីបន្ទោសនេះ។
  


«ការប្រកួតផ្តាច់ព្រ័ត្រនឹងក្លាយជាការចងចាំមួយដែលជាគ្រានៃទុក្ខសម្រាប់អ្នកគាំទ្រដ៏ច្រើន ។ប៉ុន្តែក៏គួរតែជាការំលឹកមួយអំពីស្ថានភាពដ៏អាក្រក់បែបនេះ គឺយើងពិតជាមិនចង់ធ្វើសាក្សីម្តងទៀតនោះទេនាពេលអនាគត នៅក្នុងព្រឹត្តិការណ៍កីឡាណាមួយក្នុងអឺរ៉ុប ឬកន្លែងណាផ្សេងនៅលើពិភពលោក។ ការជៀសវាងគ្រោះមហន្តរាយនាពេលអនាគត និងការកែលម្អសេវាកម្មដែលផ្តល់ទៅឱ្យក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់គឺជាគោលបំណងនៃក្រុមប្រឹក្សាអំឡុងដំណើរការស៊ើបអង្កេតនេះ។»។ នេះបើតាមសម្តីលោក Tiago Brandao Rodrigues ដែលជាសមាជិកសភាព័រទុយហ្កាល់ដែលគ្រប់គ្រងលើការស៊ើបអង្កេតរឿងការប្រកួត Liverpool និង Real Madrid។
 
ក្រោយការប្រកួតពីរបាយការណ៍ស៊ើបអង្កេតរួចមក អគ្គលេខាធិការ UEFA លោក Theodore Theodoridis បានតំណាងឱ្យ UEFA ចេញមុខសុំទោសដូច្នេះថា៖«សូមអភ័យទោសដោយស្មោះអស់ពីចិត្តម្តងទៀតចំពោះអ្នកគាំទ្រទាំងអស់ ដែលរងផលប៉ះពាល់ដោយព្រឹត្តិការណ៍ដែលលាតត្រដាង អំពីអ្វីដែលគួរតែជាការប្រារព្ធកម្មវិធីដ៏កំពូលឱ្យបានល្អបំផុតមួយ។ យើងពិតជាចង់សុំទោសដល់អ្នកគាំទ្រ Liverpool FC នូវបទពិសោធន៍អាក្រក់ដែលពួកគេទទួលបានក្នុងការចូលរួមការប្រកួត ហើយសុំទោសនូវអ្វីដែលយើងបានស្តីបន្ទោសទៅលើពួកគេ និងការពន្យាពេលការប្រកួត។»។
 
ក្រោយពេលរបាយការណ៍បានចេញផ្សាយមិនបានប៉ុន្មានម៉ោងផងនោះក្លិប Liverpool ក៏បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការខកចិត្តយ៉ាងខ្លាំង ចំពោះបញ្ហាដែលពួកគេបានជួបប្រទះអំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រទល់ Real Madrid។ 
 
Liverpool ក៏បានអំពាវនាវឱ្យមានការផ្សព្វផ្សាយឱ្យទូលំទូលាយនូវរបាយការណ៍ ដែលបានរកឃើញដោយក្រុមស្ថាប័នឯករាជ្យទៅកាន់អ្នកគាំទ្រខ្លួន ដើម្បីអ្នកគាំទ្រទាំងនោះ ទទួលបាននូវការសុំទោសដោយក្តីគោរព និងទទួលបានយុត្តិធម៌ក្រោយរង់ចាំអស់រយៈពេល ៨ខែពីការស៊ើបអង្កេត៕
 
 

Tag:
 UEFA
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com