ជាតិ
សេដ្ឋកិច្ច
លោកស្រី ជា សិរី៖ កម្ពុជា ស្នើចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន CIPS ដើម្បីជំរុញការវិនិយោគចិន
14, Feb 2023 , 1:59 pm        
រូបភាព
លោកស្រី ជា សិរី ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងកម្មវិធីកន្លងមក។ រូបថតដោយ ទូច សុវណ្ណឌី
លោកស្រី ជា សិរី ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងកម្មវិធីកន្លងមក។ រូបថតដោយ ទូច សុវណ្ណឌី
ដោយ៖ តេង យ៉ាលីរ៉ូហ្ស៊ី

កម្ពុជាបានស្នើចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគាររបស់ចិន CIPS ​(Cross-Border Interbank Payment System) ដែលជាប្រព័ន្ធគ្រប់គ្រងលើការផ្ទេរ និងទូទាត់ប្រាក់ឆ្លងដែន ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មទ្វេភាគី និងជំរុញការប្រើប្រាស់ប្រាក់យ័នក្នុងប្រទេស ស្របពេលកម្ពុជាបានទទួលភ្ញៀវទេសចរចិនជាបន្តបន្ទាប់។ បើតាមមន្រ្តីធនាគារជាតិកម្ពុជា ការចូលជាសមាជិកនេះ ជាការបន្ថែមជម្រើស និងសម្រួលការទូទាត់លុយផងដែរ។



ការស្នើចូលសមាជិកប្រព័ន្ធទូទាត់អន្តរធនាគាររបស់ចិន ធ្វើឡើងអំឡុងទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅចិនកាលពីចុងសប្ដាហ៍មុន។ លោកស្រី ជា សិរី ឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និយាយថា ការចូលជាសមាជិក CIPS នឹងផ្ដល់ជម្រើសដ៏សម្បូរបែបដល់ពាណិជ្ជករកម្ពុជាក្នុងប្រតិបត្តិការសាច់ប្រាក់ឆ្លងដែន ថែមទាំងផ្ដល់ភាពងាយស្រួលក្នុងប្រតិបត្តិការទូទាត់ក្នុងតំបន់ និងអន្តរជាតិ។
 
បើតាមមន្រ្តីដដែល ស្របពេលដែលចិនបានបើកប្រទេសឡើងវិញ និងភ្ញៀវទេសចរជាច្រើនចាប់ធ្វើដំណើរកំសាន្ត CIPS អាចជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ជាមួយប្រទេសចិន និងបណ្តាប្រទេសនានាដែលទូទាត់ប្រាក់យ័ន។ លើសពីនេះ វាក៏អាចជួយសម្រួលដល់ការវិនិយោគទុនបម្រុងអន្តរជាតិរបស់កម្ពុជាជាប្រាក់យ៉ន់ផងដែរ។
 
«យើងចង់ជំរុញការទូទាត់ទំនិញជាលុយយ័ន គេហៅថាពាណិជ្ជកម្ម។ បើខ្ញុំនាំទំនិញពីចិនចូល ខ្ញុំជាខ្មែរ ខ្ញុំចង់ឱ្យខ្មែរយើងយកលុយរៀលទៅដូរជាលុយយ័ន ហើយបង់ឱ្យចិនជាលុយយ័ន។

តែបើចិនទិញពីខ្ញុំវិញ ខ្ញុំចង់ឱ្យខាងចិនយកលុយយ័នដូរជាលុយរៀល ឱ្យខ្ញុំជាលុយរៀល។ រាល់ថ្ងៃនេះ ចិនដូរលុយយ័នជាដុល្លារ ហើយឱ្យដុល្លារមកខ្ញុំ។» លោកស្រី ជា សិរី បញ្ជាក់បែបនេះនាជំនួបជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែកុម្ភៈ។
 
លោកស្រីមានសុទិដ្ឋិនិយមថា ការដាក់ពាក្យសុំចូលជាសមាជិក CIPS នឹងដំណើរការដោយជោគជ័យ ដោយសារតែការយល់ដឹងអំពីតម្រូវការសម្រាប់សមាជិកភាព CIPS និងលក្ខណៈវិជ្ជមាននៃកិច្ចប្រជុំទ្វេភាគីនាពេលថ្មីៗនេះរវាងមេដឹកនាំចិន និងកម្ពុជា។​ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាជាក់លាក់ក្នុងការក្លាយទៅជាសមាជិកមិនទាន់បានកំណត់នៅឡើយទេ ប៉ុន្តែលោកស្រីសង្ឃឹមថា នឹងអាចជោគជ័យនៅចុងឆ្នាំ២០២៣នេះ។
 
«ធនាគារជាតិនៃកម្ពុជា បានសិក្សាលម្អិត ពីតម្រូវការក្នុងការចូលជាសមាជិកប្រព័ន្ធ CIPS តាំងពីប្រព័ន្ធនេះបានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៥មក អ៊ីចឹងធនាគារជាតិបានដឹងថាតើគេត្រូវការអ្វីខ្លះ ដែលមិនមែនជារឿងថ្មីទេសម្រាប់យើង។» នេះការលើកឡើងរបស់លោកស្រី ជា សេរី ។
 
ជាមួយគ្នានេះដែរ លោកស្រីនិយាយថា ទោះបីជាមានការជំរុញការទូទាត់ប្រាក់យ័នក្នុងប្រទេសក៏ដោយ ប៉ុន្តែធនាគារជាតិមិនលើកទឹកចិត្តឱ្យមានការទូទាត់ជាសាច់ប្រាក់សុទ្ធនោះទេ ព្រោះវានឹងនាំមកនូវបញ្ហាមួយចំនួន ដូចជាការលាងលុយកខ្វក់ ឬរូបិយបណ្ណដែលខូចរូបរាងជាដើម ដែលធនាគារជាតិនឹងមានភាពលំបាកក្នុងការគ្រប់គ្រង។
 
កន្លងមក កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​មានការទូទាត់ប្រាក់យ័ននៅក្នុងប្រទេសតាមប្រព័ន្ធធានាគាររួចមកហើយតាម​រយៈ WeChat និង Alipay នៅ​តាមទីតាំង​ទេសចរណ៍ និងកន្លែងអាជីវកម្មមួយចំនួន។
 
ចំនួនប្រតិបត្តការលុយយ័នតាមរយៈប្រព័ន្ធធនាគារក្នុងខែកក្កដាឆ្នាំ២០២១ មានសរុបប្រមាណ១២ម៉ឺនប្រតិបត្តការ ជាមួយនឹងទឹកប្រាក់ស្មើប្រមាណជាង៣លានដុល្លារអាមេរិក។​ ពាណិជ្ជករដែលទទួលការទូទាត់តាម WeChat មានចំនួន២,៤២៨ និងពាណិជ្ជករដែលទទួលការទូទាត់តាម Alipay មានចំនួន២,៥១៤។
 
សព្វថ្ងៃ កម្ពុជាផ្ទេរ ឬទូទាត់ប្រាក់ឆ្លងដែនតាមរយៈ SWIFT ដែលជាប្រព័ន្ធផ្ទេរប្រាក់សកលមាន​មូលដ្ឋាន​នៅ​ប្រទេស​ប៊ែលហ្ស៊ិក ដែលភ្ជាប់ស្ថាប័នហិរញ្ញវត្ថុជាង១១,០០០ស្ថាប័ននៅក្នុងប្រទេសប្រមាណជា២០០។
 
ប្រៀបធៀប ប្រព័ន្ធ CIPS និងប្រព័ន្ធ SWIFT លោកស្រី ជា សេរី បានបញ្ជាក់ថា វាមិនប្រាកដថា ប្រតិបត្តិការតាមរយៈ CIPS ទាំងអស់មានតម្លៃទាបជាងប្រតិបត្តិការតាមរយៈ SWIFT នោះទេ ហើយក៏មិនប្រាកដថាប្រតិបត្តិការ SWIFT ទាំងអស់មានតម្លៃទាបជាង CIPS ដែរ។ 
 
«ដូច្នេះកាលណាមានពីរជម្រើស យើងចំណេញ។ អ៊ីចឹងខាងណាចំណាយទាបជាង ខាងណាអាចឱ្យយើងចំណេញជាង យើងទូទាត់តាមខាងនោះ។» លោកស្រីលើកឡើងដូច្នេះ។
 
ដើម្បីពង្រីកការប្រើប្រាស់ប្រាក់យ័នជាអន្តរជាតិ ប្រទេសចិនបានដាក់ចេញប្រព័ន្ធ CIPS ក្នុងឆ្នាំ ២០១៥។​ ក្នុងឆ្នាំ២០១៦ រូបិយប័ណ្ណយ័ន ត្រូវបានបញ្ចូលទៅក្នុងកន្រ្តករូបិយប័ណ្ណ (SDR) ដោយ IMF ក្លាយជារូបិយប័ណ្ណអន្តរជាតិទីបួនសម្រាប់ការទូទាត់ជាអន្តរជាតិបន្ទាប់ពីប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ យ៉េនរបស់ជប៉ុន និងផោនអង់គ្លេស៕
 

© រក្សាសិទ្ធិដោយ thmeythmey.com