កីឡាអន្តរជាតិ
អន្តរជាតិ
កាតាបរិច្ចាគផ្ទះស្នាក់ចល័តអំឡុង World Cup ទៅកាន់តំបន់រងគ្រោះរញ្ជួយដីនៅតួកគី-ស៊ីរ៊ី
14, Feb 2023 , 7:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ប្រទេសកាតាបានបញ្ជូនផ្ទះស្នាក់ចល័តដែលខ្លួនបង្កើតសម្រាប់អ្នកគាំទ្រ (Portacabins, Mobile Homes) អំឡុងការប្រកួត World Cup ទៅកាន់តំបន់រងគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី ដើម្បីសម្រួលដល់ជនរងគ្រោះ ដែលបាត់បង់ផ្ទះសម្តែង។ ​នេះបើតាមការអះអាងរបស់មន្រ្តីកាតាប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈ។



កប៉ាល់មួយគ្រឿងបានដឹកផ្ទះស្នាក់ចល័ត ដែលជាជំនួយដំបូងរបស់កាតាចំនួន ៣៥០ផ្ទះចាកចេញទៅកាន់តួកគីកាលពីថ្ងៃទី១២ កុម្ភៈ។ បើតាមការបង្ហោះនៅលើបណ្តាញសង្គម Twitter របស់មូលនិធិសម្រាប់ការអភិវឌ្ឍប្រទេសកាតា រដ្ឋនៃឈូងសមុទ្រអារ៉ាប់មួយនេះ បានសន្យាថានឹងផ្ញើរផ្ទះស្នាក់ចល័តរហូតដល់ទៅ ១០,០០០ផ្ទះឯណោះ ទៅកាន់តំបន់ដែលរងនូវគ្រោះរញ្ជួយដី។
  


«ដោយមើលឃើញពីតម្រូវការបន្ទាន់ក្នុងប្រទេសតួកគី និងស៊ីរ៊ី យើងបានជ្រើសយកការសម្រេចចិត្តដឹកផ្ទះស្នាក់ចល័តរបស់យើងទៅកាន់តំបន់រងគ្រោះ ដើម្បីបំពេញតម្រូវការ និងគាំទ្រដោយផ្ទាល់ចំពោះប្រជាជនតួកគី និងស៊ីរ៊ី»។ មន្រ្តីកាតាបាននិយាយបែបនេះ។ ​
 
មកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រក្នុងប្រទេសតួកគី និងស៊ីរ៊ី ចាប់តាំងពីថ្ងៃទី៦ កុម្ភៈ មកដល់ថ្ងៃទី១៣ ខែកុម្ភៈ មានចំនួនជាង ៣៦,០០០នាក់ ហើយដែលចំនួននេះត្រូវបានប៉ាន់ស្មានថានឹងកើនឡើងបន្ថែមទៀត។ 
 
ដោយឡែក ចំពោះរឿងបរិច្ចាគផ្ទះស្នាក់ចល័តទាំងនេះ ប្រទេសកាតាក៏ធ្លាប់មានគម្រោងថានឹងបរិច្ចាគផ្ទះស្នាក់ចល័តដែលខ្លួនបានដំឡើងនៅលើទីតាំងវាលខ្សាច់ជុំវិញទីក្រុងដូហា ​សម្រាប់អ្នកគាំទ្រទៅទស្សនា World Cup នោះទាំងអស់។ 
 
អំឡុង World Cup អ្នកគាំទ្រខ្លះបានចំណាយប្រាក់ ២០០ដុល្លារក្នុងមួយយប់ស្នាក់នៅផ្ទះស្នាក់ចល័ត អំឡុងពេលប្រកួតរយៈពេលវែងជាង ១ខែ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃ១៨ ធ្នូ ឆ្នាំ ២០២២៕
 
 

Tag:
 World Cup
  Qatar
© រក្សាសិទ្ធិដោយ thmeythmey.com