អន្តរជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ៖ អូស្ត្រាលីនឹងពង្រឹងការប្រឆាំងសកម្មភាពជ្រៀតជ្រែកពីបរទេស 
រដ្ឋមន្រ្តីមហាផ្ទៃអូស្ត្រាលី Clare O'Neil ។ រូបថត Canberra Times
×![]()
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោកស្រី Clare O'Neil នៅថ្ងៃទី១៤ ខែកុម្ភៈ លើកឡើងថា រដ្ឋាភិបាលគ្រោងនឹងចេញប្រតិបត្តិការបង្ក្រាបការជ្រៀតជ្រែកពីបរទេស ដែលផ្តោតលើបញ្ហានយោបាយបង្កសកម្មភាពអសន្តិសុខក្នុងប្រទេស។
កាលពីចុងឆ្នាំ២០២២ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អូស្ត្រាលីបានរកឃើញចារបុរសសញ្ជាតិអ៊ីរ៉ង់ អូស្ត្រាលីម្នាក់ ដែលបម្រើការឱ្យរដ្ឋាភិបាលអ៊ីរ៉ង់នៅលើដីអូស្ត្រាលី នៅពេលមានការតវ៉ាអំពីការស្លាប់របស់កញ្ញា Masha Amini។ កញ្ញា Masha Amini បានស្លាប់ក្នុងមន្ទីរឃុំឃាំង នៅទីក្រុងតេហេរ៉ង់ ដែលត្រូវចាប់ខ្លួនពីបទបំពានច្បាប់សម្លៀកបំពាក់សម្រាប់ស្រ្តីដោយពាក់ក្រមាលើក្បាល (Hijab) មិនបានត្រឹមត្រូវ។
ដោយយកហេតុការណ៍នេះជាឧទាហរណ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោកស្រី Clare O'Neil នៅថ្ងៃទី១៤ ខែកុម្ភៈបានអះអាងពីការពង្រឹងការប្រឆាំងនឹងបរទេសដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាលទីក្រុងកង់បេរ៉ា។
«យើងនឹងមិនដកថយឡើយ ហើយមិនឱ្យជនជាតិអូស្ត្រាលី ឬភ្ញៀវទេសចរណ៍ដែលមកប្រទេសរបស់យើង ត្រូវរដ្ឋាភិបាលបរទេសឃ្លាំមើល និងតាមដាននៅលើទឹកដីយើងទេ»។ លោកស្រី O'Neil និយាយបែបនេះនៅក្នុងសុន្ទរកថាទៅកាន់មហាវិទ្យាល័យសន្តិសុខជាតិរបស់សាកលវិទ្យាល័យជាតិអូស្ត្រាលី។
លោកស្រី O'Neil បន្ថែមថា ការជ្រៀតជ្រែកពីបរទេសជាការគំរាមកំហែងដ៏សំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យនៅអូស្ត្រាលី ខណៈប្រទេសនេះក៏កំពុងប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយយ៉ាងធ្ងន់ធ្ងរស្រាប់។ បើតាមរដ្ឋមន្ត្រីរូបនេះ សេវាចារកម្មបរទេសកំពុងប្រមូលព័ត៌មានរសើបរបស់អូស្ត្រាលី និងព្យាយាមបង្កអំពើហិង្សាក្នុងប្រទេសថែមទៀត។
លោកស្រី O'Neil សង្ឃឹមថានឹងអាចលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគំរាមកំហែងរបស់បរទេស និងលើកទឹកចិត្តឱ្យមានការសន្ទនាជាសាធារណៈកាន់តែទូលំទូលាយ ដោយបើកចំហបន្ថែមទៀតដើម្បីរករបៀបដោះស្រាយឱ្យល្អបំផុត។ លើសពីនេះ លោកស្រី O'Neil សង្កត់ធ្ងន់លើការមិនអត់ឱនចំពោះរដ្ឋាភិបាលបរទេសដែលប្រមូលព័ត៌មានរបស់អូស្ត្រាលី ហើយប្ដេជ្ញាពង្រឹងសកម្មភាពបន្ថែមទៀតដើម្បីប្រឆាំងការជ្រៀតជ្រែកបែបនេះ។
គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍មុន រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចចិតុ្តដកកាមេរ៉ាសុវត្ថិភាពផលិតដោយចិនទាំងអស់ដែលតម្លើងនៅតាមអគាររដ្ឋ ដើម្បីការពារសន្តិសុខជាតិ។
យ៉ាងណាមិញ លោកស្រី O'Neil មិនបាននិយាយអំពីចិននៅក្នុងសុន្ទរកថារបស់លោកស្រីឡើយ ខណៈអូស្ត្រាលី និងចិនក៏កំពុងស្ដារទំនាក់ទំនងការទូត និងពាណិជ្ជកម្មជាមួយគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com