អន្តរជាតិ
ប៉ាគីស្ថាន គ្រោងបង្កើនការផលិតថាមពលប្រើធ្យូងថ្ម ដើម្បីកាត់បន្ថយការប្រើឧស្ម័ន
14, Feb 2023 , 10:29 pm        
រូបភាព
រដ្ឋមន្ត្រីថាមពលប៉ាគីស្ថាន នៅថ្ងៃទី១៣ ខែកុម្ភៈ លើកឡើងថា ​ប៉ាគីស្ថាន គ្រោងបង្កើនសមត្ថភាពផលិតថាមពលចេញពីធ្យូងថ្មក្នុងស្រុកឱ្យបានបួនដង ដើម្បីកាត់បន្ថយថ្លៃចំណាយលើការទិញឧស្ម័នមកផលិតថាមពល។  ប៉ាគីស្ថាន នឹងមិនសាងសង់រោងចក្រផលិតថាមពលដើរដោយឧស្ម័នថ្មីបន្ថែមទៀតដែរ។



កង្វះខាតឧស្ម័នបានធ្វើឱ្យប្រជាជនជាងមួយភាគបីរបស់ប៉ាគីស្ថានមិនមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងពេលខ្លះត្រូវរស់ក្នុងភាពងងឹតកាលពីឆ្នាំ២០២២។ ការខ្វះខាតនេះ បណ្ដាលមកពីការកើនឡើងតម្លៃឧស្ម័នធម្មជាតិរាវ (LNG) ទូទាំងពិភពលោកបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ 
 
រដ្ឋមន្ត្រីថាមពលប៉ាគីស្ថាន លោក Khurram Dastgir Khan អះអាងថា ប្រទេសអាស៊ីខាងត្បូងមួយនេះកំពុងត្រូវការថវិកាយ៉ាងសន្ធឹកសន្ធាប់ដើម្បីប្រយុទ្ធនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ  រួមទាំងកាត់បន្ថយការចំណាយលើឥន្ធនៈជាប្រភពថាមពលរបស់ខ្លួន។ ហេតុនេះ ផែនការប្ដូរប្រភពផលិតថាមពលអគ្គិសនីត្រូវបានដាក់ចេញ ដោយបង្កើនការប្រើចំហេះធ្យូងថ្មជំនួសវិញ។ 
 
«LNG លែងជាផ្នែកនៃផែនការរយៈពេលវែងទៀតហើយ»។ លោក Dastgir ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ ដោយបន្ថែមថា ប៉ាគីស្ថានមានគម្រោងបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនីចេញពីចំហេះធ្យូងថ្មក្នុងស្រុកឱ្យបានជាមធ្យម១០ជីហ្គាវ៉ាត់ (GW)។ បច្ចុប្បន្នការផលិតថាមពលបានត្រឹម២,៣១GW ប៉ុណ្ណោះ។
 
ការនាំចូល LNG ប្រចាំឆ្នាំ២០២២ របស់ប៉ាគីស្ថាន បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយដោយសារតម្លៃបានកើនឡើងខ្លាំង។ លោក Dastgir បាននិយាយនៅក្នុងបទសម្ភាសថា ប៉ាគីស្ថានមានរោងចក្រផលិតថាមពលដើរដោយ LNG ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថាវាមិនមានឧស្ម័នដើម្បីដំណើរការ។ 
 
បើតាមលោក Dastgir ក្រៅពីរោងចក្រដុតធ្យូងថ្ម ប៉ាគីស្ថានក៏មានគម្រោងជំរុញការផលិតថាមពលចេញពីពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងប្រើនុយក្លេអ៊ែររបស់ខ្លួនផងដែរ។
ប្រសិនបើគម្រោងនេះសម្រេច វាក៏អាចបង្រួមគម្លាតរវាងតម្រូវការថាមពលរបស់ប្រជាជនក្នុងប្រទេសជាមួយសមត្ថភាពផលិតថាមពល ឱ្យខិតមកជិត ឬស្មើគ្នា។ 
 
គួរបញ្ជាក់ថា សមត្ថភាពផលិតថាមពលអគ្គិសនីរបស់ប៉ាគីស្ថានបានកើនឡើងជាង១១ភាគរយនៅឆ្នាំ២០២២ ស្មើនឹងជាង៤១GW ធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹមជាង៣៧GWប៉ុណ្ណោះ។ ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ប្រជាជនឡើយ។ 
 
ការដាក់ចេញផែនការប្តូរទៅប្រើធ្យូងថ្មដើម្បីផលិតថាមពលអគ្គិសនីរបស់ប៉ាគីស្ថានអាចមានបញ្ហាប្រឈម ព្រោះត្រូវសម្រេចយុទ្ធសាស្រ្តកាត់បន្ថយកាបូនប្រកបដោយប្រសិទ្ធភាព។ ថ្លៃចំណាយលើផែនការនេះក៏មិនទាន់ច្បាស់ថាទៅមុខដោយរបៀបណាដែរ ខណៈរដ្ឋមន្ត្រីដដែលអះអាងថានឹងពឹងផ្អែកលើអ្នកវិនិយោគ៕ 
 

Tag:
 ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com