អន្តរជាតិ
សិង្ហបុរី បង្កើនប្រាក់លើកទឹកចិត្តសម្រាប់ទារកទើបកើតដល់ជាង២ពាន់ដុល្លារ
15, Feb 2023 , 9:29 am        
រូបភាព
លោក Lawrence Wong ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី។ រូបភាពយកពីក្រសួងព័ត៌មានសិង្ហបុរី
លោក Lawrence Wong ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី។ រូបភាពយកពីក្រសួងព័ត៌មានសិង្ហបុរី
ឧបនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong នៅថ្ងៃទី១៤ ខែកុម្ភៈ បានប្រកាសដំឡើងប្រាក់លើកទឹកចិត្តសម្រាប់ទារកទើបកើតដល់ប្រមាណ២២០០ដុល្លារ (៣០០០ដុល្លារសិង្ហបុរី)។ ការអនុវត្តចុងក្រោយនេះ គឺសម្រាប់តែទារកដែលកើតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ទៅប៉ុណ្ណោះ។

 
ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី លោក Lawrence Wong បានថ្លែងសុន្ទរកថាពីថវិកាប្រចាំឆ្នាំ២០២៣ នៅសភា ក្នុងថ្ងៃទី១៤ ខែកុម្ភៈ។ ក្នុងសុន្ទរកថានោះ លោកឧបនាយករដ្ឋមន្រ្តី បានប្រកាសការបង្កើនប្រាក់លើកទឹកចិត្តសម្រាប់ទារកទើបកើតដល់ ២២០០ ដុល្លារ (៣០០០ដុល្លារសិង្ហបុរី)។ 
 
«សម្រាប់គូស្វាមីភរិយាវ័យក្មេង មិនថាអ្នកទើបតែមានទារកកើតថ្មី ឬអ្នករំពឹងនឹងមានទារក ឬគ្រោងនឹងមានទារក យើងមានអ្វីមួយ ក្នុងការជួយអ្នក ក្នុងភាពជាម្តាយឪពុក»។ លោក Lawrence បានបញ្ជាក់បែបនេះ ទៅកាន់សមាជិកសភា នៅថ្ងៃទី១៤ ខែកុម្ភៈ ដោយបន្តថា ជំនួយចុងក្រោយ ជាការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ទារកទើបតែកើត។ 
 
សម្រាប់ការកែប្រែចុងក្រោយនេះ សិង្ហបុរីនឹងដំឡើងប្រាក់លើកទឹកចិត្តសម្រាប់ទារកទើបកើតចំនួន២២០០ដុល្លារ ហើយវាត្រូវបានផ្តល់ឱ្យម្តាយឪពុកដើម្បីចិញ្ចឹមក្មេងៗរហូតដល់មានអាយុ៦ឆ្នាំកន្លះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ 
 
ក្នុងពេលបច្ចុប្បន្ន ម្តាយឪពុកនៅសិង្ហបុរី ទទួលបានប្រាក់លើកទឹកចិត្តចំនួន៦ពាន់ដុល្លារ សម្រាប់ទារកទើបកើតលើកដំបូង និងទីពីរ។ ប៉ុន្តែម្តាយឪពុក បង្កើតទារកចាប់ពីទីបី និងលើសពីនេះ នឹងទទួលបានប្រាក់ឧបត្តម្ភចំនួន៧៥០០ដុល្លារ។ ទឹកប្រាក់ទាំងនោះ នឹងផ្តល់ឱ្យចំនួន៥លើក ក្នុងរយៈពេល១៨ខែដំបូង ក្រោយទារកទើបកើត។ 
 
យ៉ាងណាមិញ ក្រោយការកែប្រែថ្មី ម្តាយឪពុក នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ៨២០០ដុល្លារ សម្រាប់កូនដំបូង​ និងកូនទីពីរ។ ចំណែកម្តាយឪពុកដែលបង្កើតកូនទីបី និងលើសពីនេះ នឹងទទួលបានដល់ជិត១ម៉ឺនដុល្លារ។ សម្រាប់លក្ខខណ្ឌនៃការទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុខាងលើ គឺតម្រូវឱ្យម្តាយឪពុក ត្រូវតែរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់ ហើយទារកនោះ ត្រូវតែជាប្រជាជនសិង្ហបុរី។ 
 
ទឹកប្រាក់ទាំងនោះ នឹងផ្តល់ឱ្យតាមដំណាក់កាល។ សម្រាប់ម្តាយឪពុកមានទារកទីមួយ និងទីពីរ ទទួលបានប្រាក់ឧបត្ថម្ភចំនួន៥២០០ដុល្លារ ក្នុងរយៈពេល១៨ខែដំបូង។ ចំណែកម្តាយឪពុកមានទារកទីបី និងលើសពីនេះ ទទួលបាន៦៧០០ដុល្លារសម្រាប់រយៈពេលដូចគ្នានេះ។ ប្រាក់ឧបត្ថម្ភដែលនៅសល់ នឹងផ្តល់ជូនចំនួន ៣០០ដុល្លារ រៀងរាល់៦ខែម្តង រហូតដល់ក្មេងៗមានអាយុ ៦ឆ្នាំកន្លះ។ 
 
ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ទារកទើបកើតនេះ នឹងចាប់ផ្តើមអនុវត្តសម្រាប់ទារកដែលចាប់កំណើតពីថ្ងៃទី១៤ ខែកុម្ភៈនេះតទៅ៕
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com