អន្តរជាតិ
ហ្គីណេអេក្វាទ័របញ្ជាក់ពីការផ្ទុះឡើងវីរុស​ Marburg ដែលងាយឆ្លងដូច Ebola
15, Feb 2023 , 10:29 am        
រូបភាព
ហ្គីណេអេក្វាទ័រ បានបញ្ជាក់ពីការផ្ទុះឡើងជាលើកដំបូង នៃវីរុស Marburg ដែលជាវីរុសដែលងាយ​នឹង​ឆ្លង ហើយងាយធ្វើឱ្យស្លាប់ ស្រដៀងគ្នានឹងវីរុស Ebola ផងដែរ ក្រោយបានរកឃើញករណីស្លាប់ចំនួន​៩នាក់ដែលពាក់ព័ន្ធ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី១៣ ខែកុម្ភៈ។

 
ហ្គីណេអេក្វាទ័រដែលជាប្រទេសតូចមួយ ស្ថិតនៅតំបន់អាហ្រិកកណ្ដាល បានកំណត់ឱ្យប្រជាជនច្រើនជាង២០០នាក់ ធ្វើចត្តាឡីស័ក ហើយបានដាក់កម្រិតការធ្វើដំណើរក្នុងខេត្ត Kie-Ntem ក្រោយបាន​រកឃើញជំងឺគ្រុនក្ដៅ ដែលក្រោយមកត្រូវបានបញ្ជាក់ថា ជាវីរុសMarburg។ កាមេរូន ដែល​ជា​ប្រទេស​ជិតខាង ក៏បានដាក់កំហិតលើការធ្វើដំណើរតាមបណ្ដោយព្រំដែនផងដែរ ព្រោះបារម្ភពីការឆ្លង។ 
 
«សូមអរគុណចំពោះសកម្មភាពដ៏ឆាប់រហ័ស និងការសម្រេចចិត្តដោយអាជ្ញាធរហ្គីណេអេក្វាទ័រ ក្នុង​ការ​បញ្ជាក់អំពីជំងឺនេះ»។ នាយកប្រចាំតំបន់របស់ WHO ប្រចាំទ្វីបអាហ្រ្វិក លោកស្រី Matshidiso Moeti លើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ។
 
WHO បញ្ជាក់ថា បន្ថែមពីចំនួនអ្នកស្លាប់ចំនួន៩នាក់ដែលពាក់ព័ន្ធ ហ្គីណេអេក្វាទ័រ បាន​រាយការណ៍​ករណីសង្ស័យចំនួន១៦ទៀត នៃវីរុស Marburg ជាមួយនឹងរោគសញ្ញាដូចជា ក្ដៅខ្លួន​ អស់កម្លាំង ​ក្អួតឈាម និងរាក។ យោងតាមអង្គការអន្តរជាតិមួយនេះ វីរុស Marburg អាចបង្ក​ឱ្យ​មាន​អត្រា​ស្លាប់​រហូតដល់៨៨ភាគរយ ហើយបច្ចុប្បន្នមិនមានវ៉ាក់សាំងបង្ការ ឬ​ថ្នាំប្រឆាំង​មេរោគ ត្រូវបានអនុម័ត​ដើម្បី​ព្យាបាលនោះឡើយ។
 
រដ្ឋមន្ត្រីសុខាភិបាលហ្គីណេអេក្វាទ័រ លោក Mitoha Ondo'o Ayekaba លើកឡើងកាលពីថ្ងៃទី ១០ ខែកុម្ភៈថា ករណីស្លាប់ខាងលើ ផ្សារភ្ជាប់ជាបឋមជាមួយនឹងពិធីបុណ្យសពមួយ​ ក្នុងខេត្ត  Kie-Ntem ដដែល។ ឯ WHO បញ្ជាក់ថា ពីដំបូង អាជ្ញាធរសុខាភិបាលក្នុងតំបន់ បាន​រាយការណ៍​ពីជំងឺ​មិន​ស្គាល់​អត្តសញ្ញាណ ដែលបង្កឱ្យមានករណីជំងឹគ្រុនក្ដៅខ្លួន នាថ្ងៃទី៧ ខែកុម្ភៈ ហើយក៏បាន​បញ្ជូនសំណាក​ ទៅ​មន្ទីរពិសោធន៍នៅសេណេហ្កាល់ ដែលក្រោយមកករណី​មួយមានលទ្ធផលវិជ្ជមាន​វីរុស Marburg ៕ 
 
 
 

Tag:
 អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com