កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Mbappe ជឿថា ​PSG នឹងអាចទម្លាក់ Bayern នៅជើងទីពីរ
15, Feb 2023 , 11:59 am        
រូបភាព
Kylian Mbappe មានជំនឿចិត្តមុតមាំថាក្រុម ​Paris Saint Germain អាចបន្តដំណើរទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League បើទោះចាញ់ ​Bayern Munich ១-០ នៃការប្រកួតជើងទីមួយ នៅថ្ងៃទី១៤ ខែកុម្ភៈក៏ដោយ។



គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវ Bayern Munich ធ្វើបានដោយកីឡាករ ​Kingsley Coman នៅនាទី៥៣ ពោលគឺមុនពេល Mbappe ប្តូរចូល។ ខ្សែប្រយុទ្ធបារាំង បានផ្លាស់ប្តូរចូលជំនួស Carlos Soler នៅនាទី៥៧ ហើយបានបង្កើតឱកាសស្វែករកគ្រាប់បាល់សម្រាប់ក្រុមដល់ទៅ២ដង ប៉ុន្តែត្រូវបានបដិសេធ ដោយសារតែរូបគេស្ថិតនៅជំហ Off-side។ 
  


«យើងត្រូវចងចាំចុងបញ្ចប់នៃការប្រកួតនេះ យើងតាមពីក្រោយ តែយើងមើលឃើញថាយើងនឹងត្រូវធ្វើឱ្យពួកគេមានបញ្ហាត្រង់កន្លែងណា។ យើងត្រូវការឱ្យកីឡារបស់យើងមានសុខភាពពេញលេញល្អ និងទៅកាន់ទីនោះ (Allianz Arena) ដើម្បីឈ្នះជាមួយនឹងគុណភាពរបស់យើង។»។ Mbappe បាននិយាយប្រាប់អ្នកកាសែតទាំងជឿជាក់ ក្រោយចូលជួយ PSG វិញ បន្ទាប់របួសរយៈពេល ២សប្តាហ៍។ 
 
Mbappe ក៏បានបង្ហាញជំនឿចិត្តដែរថាប្រសិនបើ PSG មានកម្លាំងពេញគ្រប់គ្រាន់ នោះក្រុមនឹងអាចកែប្រែស្ថានការបានល្អមកវិញក្នុងទីក្រុង Munich។ Mbappe ក៏រំពឹងថានឹងជាពីរបួសពេញលេញ ដើម្បីផ្តល់ភាជឿជាក់ដល់ ​PSG សម្រាប់ការប្រកួតថ្ងៃទី៨ ខែមីនា ក្នុងកីឡដ្ឋាន Allianz Arena។
 
តារាបាល់ទាត់វ័យ ២៤ឆ្នាំ បាននិយាយបន្ថែមដូច្នេះថា៖«ខ្ញុំមិនចាំបាច់ត្រូវលេងទេ តែខ្ញុំចង់ជួយដល់មិត្តរួមក្រុម នាំមកពួកគេនូវថាមពល យើងព្យាយាមគ្រប់យ៉ាង ថ្ងៃនេះខ្ញុំមិនអាចធ្វើលើសពីនេះ។ រឿងសំខាន់ដដែលនោះគឺសុខភាពកីឡាករយើងទាំងអស់ឱ្យល្អពេញលេញ ហើយយើងរកឃើញថានៅពេលដែលយើងស្ថិតនៅតំបន់ប្រយុទ្ធទាំង ៣​ ដើម្បីលេងសម្រុក ពួកគេហាក់បង្ហាញភាពចលាចលឱ្យយើងបានដឹង។»។ 
 
ទោះជាយ៉ាងណាសម្រាប់លោក ​Christophe Galtier ក៏បានបង្ហាញក្តីរំពឹងដែរថា នៅរយៈពេល ៣សប្តាហ៍ខាងមុខ លទ្ធផលការប្រកួតរវាងកូនក្រុមទល់ Bayern Munich នឹងមានការប្រែប្រួលបានយ៉ាងល្អ។ 
 
ដោយឡែកការប្រកួតមួយគូទៀតនៃជំនួប Champions League ដដែលថ្ងៃទី១៤ កុម្ភៈ AC Milan ក្រសោបបានជ័យជម្នះក្នុងទឹកដីលទ្ធផល ១-០ រកបានក្តីសង្ឃឹមខ្ពស់ជាងក្រុម Tottenham Hotspur ដែលរងបរាជ័យក្នុងការប្រកួតជើងទីមួយ។ 
 
គ្រាប់បាល់ជ័យជម្នះដ៏សំខាន់របស់ AC Milan ធ្វើបានដោយកីឡាករ Brahim Diaz នាទី៧។ ប្រសិនបើការប្រកួតជើងទីពីរ AC Milan អាចបន្តរកបានជ័យជម្នះក្នុងទឹកដីប្រទេសអង់គ្លេស នោះពួកធ្វើបានក្តីស្រមៃឈានជើងឡើងដល់វគ្គ ៨ក្រុមចុងក្រោយសារជាថ្មីក្រោយរង់ចាំរយៈពេល ១១ឆ្នាំ៕
 

Tag:
 Keylian Mbappe
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com