អន្តរជាតិ
ចិន ជំរុញណាតូឱ្យឈប់ចោទចិនដោយគ្មានមូលដ្ឋាន និងបង្កើតសត្រូវបែបស្រមើស្រមៃ
15, Feb 2023 , 2:12 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅក្នុងសន្និសីទសារព័ត៌មានប្រចាំាថ្ងៃ។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅក្នុងសន្និសីទសារព័ត៌មានប្រចាំាថ្ងៃ។ រូបភាពយកពីក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន នៅថ្ងៃទី១៤ ខែកុម្ភៈ បានជំរុញឱ្យសម្ព័ន្ធយោធាណាតូ (NATO) ឈប់ចោទប្រកាន់ខ្លួនជុំវិញការបង្ហោះបាឡុងទៅក្នុងដែនអាកាសអាម៉េរិក និងបង្កើតសត្រូវដោយការស្រមើស្រមៃ។



ក្នុងសន្និសីទមួយនៅថ្ងៃទី១៣ ខែកុម្ភៈ មុនកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិណាតូ នៅក្រុងព្រុចស៊ែល  អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកសារព័ត៌មានថា ចិន រួមទាំងរុស្ស៊ីផង កំពុងបង្កើនការធ្វើចារកិច្ច និងសកម្មភាពស៊ើបអង្កេត ប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ណាតូ ក្នុងទម្រង់ខុសៗគ្នា ដូចជា តាមប្រព័ន្ធអ៊ីនធឺណិត ផ្កាយរណប និងបាឡុងជាដើម។ 
 
ការចោទប្រកាន់នេះ ត្រូវបានក្រសួងការបរទេសចិន ប្រតិកម្មយ៉ាងខ្លាំង។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី១៤ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានបញ្ជាក់ជាថ្មីថា បាឡុងរបស់ចិន គឺប្រើប្រាស់ក្នុងផ្នែកស៊ីវិលប៉ុណ្ណោះ ហើយវាកើតឡើងដោយការមិនរំពឹងទុក ប៉ុន្តែការយល់ឃើញរបស់ណាតូ ជាការប្រឆាំងនឹងចិន។ ​
 
«យើងជំរុញណាតូឱ្យឈប់ចោទប្រកាន់ចិនដោយគ្មានមូលដ្ឋានច្បាស់លាស់ បង្កើតសត្រូវដោយការស្រមើស្រមៃ និងបញ្ឈប់សកម្មភាពលើសពីព្រំដែន ដើម្បីកសាងស្ថិរភាព និងសន្តិភាពពិភពលោក»។ លោក Wang បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា អាម៉េរិកជាប្រទេស ដែលមានការអង្កេតលំដាប់ទីមួយលើពិភពលោក។ 
 
ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានស្រង់ទិន្នន័យពីសារព័ត៌មាន POLITICO មកថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចំណាយប្រាក់ជាច្រើនពាន់លានដុល្លារ ដើម្បីអភិវឌ្ឍបាឡុងចារកិច្ចដែលហោះក្នុងកម្ពស់ខ្ពស់ចាប់តាំងពីឆ្នាំ១៩៩៧ មក ហើយបានផ្ទេរកិច្ចការនេះយ៉ាងស្ងៀមស្ងាត់ទៅក្នុងយោធានៅឆ្នាំ២០២២ ដើម្បីតាមដានមីស៊ីលមានល្បឿនលឿនជាងសំឡេងដែលអភិវឌ្ឍដោយចិន និងរុស្ស៊ី។ 
 
មួយរយៈចុងក្រោយ ទំនាក់ទំនងអាម៉េរិក កាន់តែធ្លាក់ចុះ ដោយសារតែហេតុការណ៍ការបាញ់ទម្លាក់បាឡុងចិន បើទោះមានការអះអាង ក្រោមហេតុផលស៊ីវិលក៏ដោយ។ ប៉ុន្តែ យោធាអាម៉េរិក ក្នុងថ្ងៃទី១៣ ខែកុម្ភៈ បានបង្ហាញថា កងកម្លាំងបានរកឃើញបំណែកដ៏សំខាន់នៃបាឡុង ក្នុងនោះរួមទាំងឧបករណ៍ចាប់សញ្ញា (Sensor) និងឧបករណ៍អេឡិចត្រូនិច។ 
 
បន្ថែមពីនេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានបដិសេធការចោទប្រកាន់ពីសំណាក់ក្រុងប៉េកាំង ជុំវិញការបង្ហោះបាឡុងចូលក្នុងដែនអាកាសចិន នៅរយៈកម្ពស់ខ្ពស់ច្រើនជាង១០លើកផងដែរ៕ 
 

Tag:
 ណាតូ
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com