អន្តរជាតិ
របាយការណ៍អាម៉េរិក៖ រុស្ស៊ីអាចកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ខណៈឃុំឃាំងកុមាររាប់ពាន់នាក់
15, Feb 2023 , 4:39 pm        
រូបភាព
មជ្ឈមណ្ឌលស្រាវជ្រាវមនុស្សធម៌ Yale ដែលទទួលបានការគាំទ្រពីក្រសួងបរទេសអាម៉េរិកនៅថ្ងៃទី១៤ ខែកុម្ភៈ​ បានចេញផ្សាយរបាយការណ៍មួយដែលចោទប្រកាន់រុស្ស៊ីថា អាចនឹងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមតាមរយៈការឃុំឃាំងកុមារអ៊ុយក្រែនជាង៦ពាន់នាក់ដែលរស់នៅក្នុងជំរំជនភៀសខ្លួន។



ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមជិតមួយឆ្នាំមកនេះ កុមារដែលមានអាយុចាប់ពី៤ខែឡើងទៅ ត្រូវបានរុស្ស៊ីនាំយកទៅជំរំចំនួន៤៣កន្លែងនៅទូទាំងប្រទេសរុស្ស៊ី តំបន់គ្រីមៀ និងស៊ីបេរី ខណៈទីក្រុងមូស្គូមានគោលបំណងបញ្ជ្រាបទស្សនៈស្នេហាជាតិ និងការអប់រំផ្នែកយោធារបស់រុស្ស៊ីដល់កុមារទាំងនេះ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវមនុស្សធម៌ Yale ដែលមានការគាំទ្រ និងជំនួយពីក្រសួងបរទេសអាម៉េរិក។ 
 
លោក Nathaniel Raymond អ្នកស្រាវជ្រាវមួយរូបរបស់ស្ថាប័នខាងលើ បានលើកឡើងថា រុស្ស៊ីកំពុងរំលោភបំពានយ៉ាងច្បាស់លើអនុសញ្ញាទីក្រុងហ្សឺណែវមាត្រា៤ ស្តីពីការទទួលជនស៊ីវិលក្នុងអំឡុងពេលសង្រ្គាម​ ក៏ដូចជាប្រព្រឹត្តបទល្មើសចាប់ខ្លួន និងបង្ខាំងកុមារអ៊ុយក្រែនផងដែរ។ 
 
របាយការណ៍ខាងលើ ពឹងផ្អែកលើរូបភាពផ្កាយរណប និងប្រភពសាធារណៈ។ ក្នុងរបាយការណ៍ កុមារយ៉ាងហោចណាស់៦ពាន់នាក់ត្រូវបានបញ្ជូនទៅជំរុំភៀសខ្លួន ប៉ុន្តែតួលេខនេះទំនងជាខ្ពស់ជាងនេះទៅទៀត។ 
 
«សកម្មភាពរុស្ស៊ីក្នុងករណីខ្លះអាចចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ លោក Nathaniel Raymond​ បានប្រាប់អ្នកកាសែតនៅថ្ងៃទី១៤ ខែកុម្ភៈបែបនេះ។ លើសពីនេះ របាយការណ៍នេះក៏បានអំពាវនាវឱ្យស្ថាប័នអព្យាក្រឹតមួយចូលទៅកាន់ជំរំជនភៀសខ្លួនរបស់រុស្ស៊ីជាបន្ទាន់ដើម្បីបញ្ឈប់ការចាប់ខ្លួន និងបង្ខាំងកុមារអ៊ុយក្រែន។ 
 
នាពេលថ្មីៗនេះ រដ្ឋាភិបាលអ៊ុយក្រែន អះអាងថា កុមារអ៊ុយក្រែនប្រមាណ១៤,៧០០នាក់ត្រូវបាននិរទេសទៅរុស្ស៊ីដែលកុមារមួយចំនួនកំពុងត្រូវបានគេរំលោភបំពានផ្លូវភេទផង៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com