ជាតិ
សង្គមជាតិ
ក្រសួងសាធារណការ ដកពិន្ទុបណ្ណបើកបរលើអ្នកល្មើសច្បាប់ចរាចរណ៍បា​ន ៣,៦ម៉ឺនករណី
15, Feb 2023 , 6:29 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅទីស្តីការក្រសួងសាធារណការ នាថ្ងៃទី១៥កុម្ភៈ។ រូបថត៖ MPWT
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅទីស្តីការក្រសួងសាធារណការ នាថ្ងៃទី១៥កុម្ភៈ។ រូបថត៖ MPWT
ក្រសួងសាធារណការ និងដឹកជញ្ជូន បានដកពិន្ទុបណ្ណបើកបរចំពោះអ្នកដែលល្មើសច្បាប់ចរាចរណ៍នៅទូទាំងប្រទេសបានដល់ជាង៥,៦ម៉ឺនករណី។ ចំនួននេះ គឺស្ថិតក្នុងរយៈពេលត្រឹមខែ៥ប៉ុណ្ណោះ នៃការអនុវត្តកម្មវិធី«ដកពិន្ទុបណ្ណបើកបរ» ក្រោមកិច្ចសហការពីក្រសួងមហាផ្ទៃ។​

 
កម្មវិធីដកពិន្ទុបណ្ណបើកបរនិងការបង់ប្រាក់ពិន័យអន្តរការណ៍ទូទាំងប្រទេស ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវ​គោក​ ត្រូវបានអនុវត្តសាកល្បងចាប់ពីថ្ងៃទី១កញ្ញា ឆ្នាំ២០២២មក​។ «រហូតមកទល់ពេលនេះ ការផាកពិន័យ គឺមានរហូតដល់ ៣៦ ៣០០ករណី ដែលអ្នកប្រើប្រាស់ផ្លូវមិនគោរពច្បាប់ចរាចរណ៍ ហើយត្រូវបានដកពិន្ទុ[បណ្ណបើកបរ]ភ្លាមៗនៅនឹងកន្លែងតែម្តង»។ លោក ស៊ុន​ ចាន់ថុល ថ្លែងបែបនេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ នាថ្ងៃទី១៥កុម្ភៈនេះ។
 
បើតាមលោក ស៊ុន ចាន់ថុល កម្មវិធីនេះអនុវត្តឡើងក្នុងគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលសំដៅដល់រកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ​បានជាអតិបរមា។ «ដកពិន្ទុបណ្ណបើកបរ» ជាកម្មវិធីមួយនៅលើទូរសព្ទដៃ អាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសច្បាប់តាមរយៈការស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់​ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។ 
 
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមានសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុដល់៦ពិន្ទុ។ ក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់បានបណ្ណបើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ៕ 
 

Tag:
 លោក ស៊ុន ចាន់ថុល
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com