អន្តរជាតិ
ក្រោយរកឃើញគ្មានពិរុទ្ធភាព បុរសអាម៉េរិកម្នាក់ត្រូវបានដោះលែង ក្រោយជាប់ពន្ធនាគារ២៨ឆ្នាំ
16, Feb 2023 , 9:29 am        
រូបភាព
លោក Lamar Johnson ជនជាតិអាម៉េរិកវ័យ ៥០ឆ្នាំ ត្រូវបានដោះលែង។ រូបភាពយកពីSt. Louis Public Radio
លោក Lamar Johnson ជនជាតិអាម៉េរិកវ័យ ៥០ឆ្នាំ ត្រូវបានដោះលែង។ រូបភាពយកពីSt. Louis Public Radio
លោក Lamar Johnson ដែលជាជនជាតិអាម៉េរិកវ័យ ៥០ឆ្នាំ និងរស់នៅក្នុងរដ្ឋ Missouri នៅថ្ងៃទី១៤ ខែកុម្ភៈ ត្រូវបានដោះលែង ក្រោយតុលាការរកឃើញថាគ្មានពិរុទ្ធភាពលើបទចោទឃាតកម្ម កាលពីឆ្នាំ១៩៩៤។ បុរសរូបនេះ បានចំណាយពេលរហូតដល់ ២៨ឆ្នាំនៅក្នុងពន្ធនាគារ មុនពេលត្រូវបានដោះលែង។

 
នៅក្នុងឃាតកម្មឆ្នាំ១៩៩៤ ជនរងគ្រោះមួយរូប ត្រូវបានបាញ់សម្លាប់ដោយបុរសពាក់ម៉ាស់ចំនួនពីររូប នៅពីមុខផ្ទះរបស់លោក Lamar Johnson។ តុលាការនៅក្នុងរដ្ឋ Missouri បានចោទប្រកាន់លោក Lamar Johnson ពីបទល្មើសឃាតកម្ម។ យ៉ាងណាមិញ បទល្មើសនេះ ត្រូវបានលោក Lamar Johnson ច្រានចោល ដោយសារលោកមិននៅផ្ទះ ក្នុងពេលកើតហេតុ។ 

ក្រោយជាប់ពន្ធនាគាររយៈពេល ២៨ឆ្នាំ លោក Lamar Johnson ត្រូវបានដោះលែង បន្ទាប់ពីតុលាការ Missouri រកឃើញថាគ្មានពិរុទ្ធភាពលើបទល្មើសឃាតកម្មនេះ។ លោកចៅក្រម David Mason នៅថ្ងៃទី១៤ ខែកុម្ភៈ បានអះអាងថា សាក្សីពីរនាក់ បានផ្តល់ព័ស្តុតាងយ៉ាងច្បាស់លាស់ និងទុកចិត្តបានថា លោក Lamar Johnson គ្មានពិរុទ្ធភាព។ 
 
«នេះ គឺជារឿងអស្ចារ្យ»។ លោក Lamar Johnson បានបញ្ជាក់បែបនេះ បន្ទាប់ពីដើរចេញពីបន្ទប់តុលាការ។ 
 
ជាការពិត នៅក្នុងឆ្នាំ២០២១ រដ្ឋអាជ្ញា លោកស្រី Kim Gardner បានដាក់ពាក្យស្នើ ដើម្បីស្វះស្វែងរកការដោះលែងលោក Johnson រួចហើយ បន្ទាប់ពីមានការស៊ើបអង្កេតជាមួយអង្គការច្បាប់មួយ។
 
ក្រោយពីសវនាការចុងក្រោយជុំវិញរឿងក្តីលោក Johnson ក្រុមអ្នកច្បាប់ បានរិះគន់ការិយាល័យអគ្គរដ្ឋអាជ្ញាប្រចាំយ៉ាងខ្លាំង ក្រោមហេតុផលមិនទម្លាក់បទចោទលើលោក Jonhson។ ចំណែកអ្នកនាំពាក្យការិយាល័យអគ្គរដ្ឋអាជ្ញា បានអះអាងថា ខ្លួនត្រូវតែការពារនីតិរដ្ឋ និងការពារសាលក្រមដែលបានសម្រេចលើកដំបូង។ ទន្ទឹមនេះ អ្នកនាំពាក្យការិយាល័យអគ្គរដ្ឋអាជ្ញា បានប្រកាសថា នឹងមិនបន្តចាត់វិធានការលើរឿងក្តីនេះឡើយ៕ 
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com