កីឡាអន្តរជាតិ
អន្តរជាតិ
Man City ឡើងឈរកំពូលតារាង EPL វិញ ក្រោយឈ្នះ Arsenal ៣-១
16, Feb 2023 , 9:59 am        
រូបភាព
ក្រុមការពារតំណែងជើងឯក Manchester City ដណ្តើមបានចំណាត់ថ្នាក់កំពូលតារាង Premier League វិញ ក្រោយយកឈ្នះ Arsenal ៣-១។ Arsenal ធ្លាក់ទៅលេខ២ ជាលើកដំបូងគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មក។



ក្នុងការប្រកួតសប្តាហ៍ទី២៣ នៅរាត្រីថ្ងៃទី១៥ ខែកុម្ភៈ ខ្សែការពារ Takehiro Tomiyasu បានបង្កើតកំហុសដោយភ្លាត់ស្នៀតបញ្ជូនបាល់ទៅក្រោយ ដែលធ្វើឱ្យ Kevin De Bruyne ឆក់យកបាល់ស៊ុតបញ្ចូលទីជួយ Man City នាំមុខ Arsenal ១គ្រាប់មុននៅនាទី២៤។ ជិតបញ្ចប់វគ្គទី១ទៅហើយ ពោលគឺនៅនាទី៤២ Bukayo Saka ទទួលបានបាល់ពិន័យ១១ម៉ែត្រ និងស៊ុតបញ្ចូលទីតាមស្មើឱ្យកាំភ្លើងធំវិញ។
 
ចូលដល់វគ្គទី២ នៅនាទី៧២ Jack Grealish សម្រេចគ្រាប់បាល់នាំមុខសារជាថ្មីឱ្យក្រុមមេឃខៀវ មុនពេលខ្សែប្រយុទ្ធឆ្នើម Erling Haaland បន្ថែមគ្រាប់ទី៣ នៅ១០នាទីបន្ទាប់។ ចប់ការប្រកួត Man City ឈ្នះ Arsenal ៣-១។
 
តាមរយៈជ័័យជម្នះនេះ បានជួយក្រុមលោក Pep Guardiola ឡើងទៅឈរកំពូលតារាងសារជាថ្មី គិតចាប់តាំងពីខែវិច្ឆិកាមក។ ក្រុមការពារតំណែងជើងឯករកបាន៥១ពិន្ទុពីការប្រកួត២៣លើក ស្មើក្រុមលេខ២កាំភ្លើងធំ ដោយមានសំណល់គ្រាប់បាល់ល្អជាង។ យ៉ាងណាក្រុមលោក Mikel Arteta​ ទើបប្រកួត២២លើកប៉ុណ្ណោះនៅរដូវកាលនេះ។
 
Manchester United ស្ថិតនៅចំណាត់ថ្នាក់ទី៣ មាន៤៦ពិន្ទុ ខណៈ Newcastle United នៅលេខ៤ មាន៤១ពិន្ទុ។ តាមរយៈគម្លាតពិន្ទុនេះ ទាំងបិសាចក្រហម និងសារិកាព្រៃ សុទ្ធតែមានឱកាសខ្ពស់ក្នុងការប្រជែងជើងឯកលីគកំពូលអង់គ្លេសជាមួយ​ Man City និង Arsenal។
 
ក្រុមដែលស្ថិតនៅតំបន់ត្រូវកាត់ចោលមាន Everton, AFC Bournemouth និង Southampton៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com