អន្តរជាតិ
អាម៉េរិក នឹងបន្តរក្សាកិច្ចចរចាជាមួយចិន បើទោះមានភាពតានតឹងជុំវិញបាឡុង
16, Feb 2023 , 11:32 am        
រូបភាព
លោកស្រី Wendy Sherman ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព AFP
លោកស្រី Wendy Sherman ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព AFP
អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកស្រី Wendy Sherman នៅថ្ងៃទី១៥ ខែកុម្ភៈ បានអះអាងថា នឹងធ្វើការដើម្បីបន្តរក្សាការទំនាក់ទំនងជាមួយចិន បើទោះមានបញ្ហចម្រូងចម្រាសជុំវិញបញ្ហាបាឡុង។ ការរក្សាទំនាក់ទំនងនេះ ធ្វើឡើងដើម្បីគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំងពីរកុំឱ្យរាលដាល។

 
មួយរយៈចុងក្រោយ ទំនាក់ទំនងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង មិនល្អឡើយ ដោយសារការបាញ់ទម្លាក់បាឡុងចិន ដែលហោះចូលដែនអាកាសអាម៉េរិក។ ក្នុងវេទិកា Global China Event នៅវិទ្យាស្ថាន Brookings ក្នុងក្រុងវ៉ាស៊ីនតោន លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក បានថ្លែងថា អាម៉េរិក និងចិន មិនធ្លាប់បញ្ឈប់ការទំនាក់ទំនង ហើយព្យាយាមស្វែងយល់ពីគ្នាទៅវិញទៅមក បើទោះមានការលុបចោលទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីនខិន នៅចិនកន្លងមកក្តី។ 
 
«យើងមាន ហើយនឹងបន្តបើកប្រព័ន្ធទំនាក់ទំនងជាមួយចិន។ ដូច្នេះយើងអាចគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវលើប្រកួតប្រជែងរវាងប្រទេសទាំងពីរ»។ អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនបានស្វះស្វែងរកជម្លោះជាមួយក្រុងប៉េកាំងឡើយ ហើយអាម៉េរិកជឿថា មានតែអំណាចការទូតប៉ុណ្ណោះ អាចបង្ការការយល់ខុស ដែលនាំឱ្យមានជម្លោះជាមួយគ្នា។ 
 
ទន្ទឹមនេះ លោកស្រី Sherman ក៏ទទួលស្គាល់ផងដែរថា ចិនជាប្រទេសប្រកួតប្រជែងទីមួយរបស់អាម៉េរិក ដែលមានបំណងកែប្រែសណ្តាប់ធ្នាប់អន្តរជាតិ។ ស្របគ្នាដែរ អ្នកការទូតអាម៉េរិក ក៏បានបង្ហាញពីក្តីបារម្ភរបស់សកកម្មភាពចិននៅក្នុងសមុទ្រចិនខាងត្បូង, បញ្ហាសិទ្ធិមនុស្សនៅទីបេ ហុងកុង និងស៊ីនជាំង, ការគំរាមកំហែងលើកកោះតៃវ៉ាន់ និងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផង។ 
 
ជុំវិញបញ្ហាបាឡុង លោកស្រី Sherman បញ្ជាក់ថា បាឡុងចិនដែលហោះក្នុងកម្ពស់ខ្ពស់ មិនត្រឹមតែបំពានអធិបតេយ្យអាម៉េរិកជាច្រើនឆ្នាំនោះទេ តែវាក៏ប៉ះពាល់ដល់ប្រទេសដទៃដែរ។ 
 
ក្នុងថ្ងៃដដែលនោះ ក្រសួងការបរទេសចិន បានចោទអាម៉េរិកជាថ្មីជុំវិញការបង្ហោះបាឡុងយ៉ាងហោចណាស់ ១០លើកមកក្នុងដែនអាកាសចិន ក្នុងនោះរួមទាំងលើតំបន់ស៊ីនជាង ទីបេ និងខេត្តផ្សេងទៀតរបស់ខ្លួន។ ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រកាសចាត់វិធានការសងសឹកលើក្រុមហ៊ុនពាក់ព័ន្ធអាម៉េរិក ដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យ និងសន្តិសុខចិន។ 
 
កន្លងមក អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ក៏ធ្លាប់បញ្ជាក់បែបនេះផងដែរថា បាឡុងអាម៉េរិកច្រើនជាង​១០ បានហោះចូលដែនអាកាសខ្លួន ប៉ុន្តែកាលនោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបដិសេធ និងបានអះអាងថា គ្មានបាឡុងអាម៉េរិកណាមួយ នៅក្នុងដែនអាកាសចិនឡើយ៕
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com